លោក​ម៉ៃ បឺដឹន(Mike Burden) បាន​រៀប​ចំ​ឲ្យ​មាន​ការ​ប្រជុំ​ដែល​ពេញ​ដោយ​សេចក្តី​សម្អប់ អស់​រយៈ​ពេល​១៥​ឆ្នាំ ក្នុង​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​របស់​គាត់ ក្នុង​ក្រុង​តូច​មួយ។ ប៉ុន្តែ នៅ​ឆ្នាំ​ ២០១២ ពេល​ដែល​ភរិយា​គាត់ ចាប់​ផ្តើម​សួរ​គាត់ អំពី​ការ​ចូលរួម​របស់​គាត់ នៅ​ក្នុង​ការ​ប្រជុំ​នោះ គាត់​ក៏​បាន​បន្ទន់​ចិត្ត​គាត់។ គាត់​ក៏​បាន​ដឹង​ថា ទស្សនៈ​រើស​អើង​ជាតិ​សាសន៍​ដែល​គាត់​ធ្លាប់​មាន​ ជា​ទស្សនៈ​ខុស​ឆ្គង់​យ៉ាង​ណា ហើយ​មិន​ចង់​រស់​នៅ​ជា​មនុស្ស​ដែល​ប្រកាន់​ពូជ​សាសន៍​ទៀត​ទេ។​ ក្រុម​ជ្រុល​និយម​នោះ ​ក៏បាន​សង​សឹក​គាត់ ដោយ​បណ្តេញ​ក្រុម​គ្រួសារ​គាត់ ចេញ​ពី​ខុនដូ ដែល​គាត់​បាន​ជួល​ពី​សមាជិក​ម្នាក់ របស់​ក្រុម​នោះ។

តើ​គាត់​ងាក​ទៅ​រក​ជំនួយ​ពី​នរណា? អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​នោះ​គឺ​ គាត់​បាន​ទៅ​រក​គ្រូ​គង្វាល​ស្បែក​ខ្មៅ​ម្នាក់ នៅ​ក្នុង​តំបន់​ដែល​គាត់​រស់​នៅ ដែល​កាល​ពី​មុន​គាត់​ធ្លាប់​តែ​រើស​អើង។ គ្រូ​គង្វាល​រូប​នោះ និង​ពួក​ជំនុំ​របស់​គាត់​ ក៏​បាន​ផ្តល់​កន្លែង​ស្នាក់​នៅ​ និង​គ្រឿងទេស​សម្រាប់​ធ្វើ​ម្ហូប​អាហារ​ដល់​ក្រុម​គ្រួសារ​គាត់ អស់​មួយ​រយៈ។ ពេល​ដែល​គេ​សួរ​លោក​គ្រូ​គង្វាល​ខេនេឌី(Kennedy)ថា ហេតុអ្វី​គាត់​ព្រម​ជួយ​លោក​ម៉ៃ គាត់​ក៏​បាន​ពន្យល់​ថា “ព្រះយេស៊ូវ​គ្រីស្ទ​ក៏​បាន​ធ្វើ​នូវ​រឿង​ជា​ច្រើន ដែល​គេ​មិន​ចូល​ចិត្ត។ ពេល​ដែល​អ្នក​ត្រូវ​ជួយ​គេ អ្នក​ត្រូវ​ធ្វើ​អ្វី ដែល​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​អ្នក​ធ្វើ”។ ក្រោយ​មក លោក​ម៉ៃ​ក៏​បាន​ឡើង​និយាយ នៅ​ក្នុង​ព្រះវិហារ​របស់​លោក​គ្រូខេនេឌី ហើយ​ក៏​បាន​សុំ​ទោស​សហគមន៍​ជន​ស្បែក​ខ្មៅ សម្រាប់​ការ​ដែល​គាត់​បាន​ចូល​រួម​នៅ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​សេចក្តី​សម្អប់។

នៅ​ក្នុង​សេចក្តី​បង្រៀន​នៅ​លើ​ភ្នំ ព្រះ​យេស៊ូវ​បាន​បង្រៀន​គេ​ថា​ “ចូរ​ឲ្យ​ដល់​អ្នក​ណា​ដែល​សូម … ត្រូវ​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្តាសា”(ម៉ាថាយ ៥:៤២,៤៤)។ ការ​បង្រៀន​នេះ គឺ​ផ្ទុយ​ស្រឡះ​នឹង​ការ​គិត​របស់​មនុស្ស​ជាទូទៅ តែ​ជា​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង​ឲ្យ​អនុវត្ត​តាម។ មនុស្ស​គិត​ថា​ ការ​ធ្វើ​ដូច​នេះ​ហាក់​ដូច​ជា​បង្ហាញ​ភាព​កម្សោយ តែ​តាម​ពិត ការ​នេះ​យើង​អាច​ធ្វើ​បាន ដោយ​ពឹង​អាង​កម្លាំង​របស់​ព្រះ។

ព្រះ​ដែល​បង្រៀន​យើង​ឲ្យ​អនុវត្ត​ដូច​នេះ ជា​ព្រះ​ដែល​ប្រទាន​អំណាច ដើម្បី​ឲ្យ​យើង​រស់​នៅ​ផ្ទុយពី​លោកិយ តាម​របៀប​ណា ដែល​ព្រះ​អង្គ​បាន​បង្គាប់​យើង។—Anne Cetas