ពេល​ដែល​អ្នក​ពន្លត់​អគ្គី​ភ័យ​ពីរ​នាក់ ដែល​កំពុង​អស់​កម្លាំង និង​ខ្លួន​ប្រឡាក់​ផេះ ឈប់​ឡាន ចូល​ញាំ​អាហារ​ពេល​ព្រឹក ក្នុង​ភោជនីយ​ដ្ឋាន​មួយ អ្នក​បម្រើ​ម្នាក់​បាន​ស្គាល់​បុរស​ទាំង​ពីរ តាម​ព័ត៌មាន​ដែល​គេ​បាន​ផ្សាយ​ក្នុង​ទូរទស្សន៍ ហើយ​បាន​ដឹង​ថា ពួក​គេ​បាន​ប្រយុទ្ធ​នឹង​អគ្គី​ភ័យ នៅ​ក្នុង​ឃ្លាំង​មួយ​ កាល​ពី​ពេល​យប់។ ដើម្បី​បង្ហាញ​នូវ​ការ​គោរព នាង​ក៏​បាន​សរសេរ​នៅ​លើ​វិក្កយបត្រ​គិត​ថ្លៃ​អាហារ​ពេល​ព្រឹក​របស់​ពួក​គេ​ថា “ថ្ងៃ​នេះ ខ្ញុំ​សូម​ចេញ​ថ្លៃ​អាហារ​ពេល​ព្រឹក​ឲ្យ​ពួក​លោក។ សូម​អរគុណ​ពួក​លោក … សម្រាប់​ការ​បម្រើ​អ្នក​ដទៃ និង​រត់​ចូល​ទៅ​ក្នុង​កន្លែង ដែល​អ្នក​ដទៃ​រត់​ចេញ… ពួក​លោក​បាន​ទទួល​ការ​ជំរុញ​ចិត្ត​ពី​ភ្លើង និង​សេចក្តី​ក្លាហាន ពួក​លោក​បាន​ធ្វើ​ជា​គំរូ​ល្អ​ណាស់”។​

ក្នុង​កណ្ឌ​គម្ពីរ​សញ្ញា​ចាស់ យើង​ឃើញ​គំរូ​នៃ​សេចក្តី​ក្លាហាន នៅ​ក្នុង​សកម្ម​ភាព​របស់​យុវជន​បី​នាក់ ដែល​មាន​ សាដ្រាក់ មៃសាក់ និង​អ័បេឌនេកោ(ដានីយ៉ែល ៣)។ ពួក​គេ​មិន​បាន​ស្តាប់​បង្គាប់​តាម​ព្រះ​រាជ​បញ្ជា​របស់​ស្តេច ដែល​បាន​បង្គាប់​ឲ្យ​ថ្វាយ​បង្គំ​រូប​ចម្លាក់​ស្តេច​បាប៊ីឡូន​ឡើយ។ ផ្ទុយ​ទៅ​វិញ យុវជន​ទាំង​នេះ​បាន​បង្ហាញ​ក្តី​ស្រឡាញ់​របស់​ពួក​គេ​ដល់​ព្រះ តាម​រយៈ​ការ​បដិសេធន៍​មិន​ព្រម​ថ្វាយ​បង្គំ​រូប​ចម្លាក់។ ពួក​គេ​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត ដោយ​បោះ​ចូល​ទៅ​ក្នុង​គុក​ភ្លើង​ទាំង​រស់។ តែ​ពួក​គេ​នៅ​តែ​និយាយ​ថា “បើ​ជា​យ៉ាង​នោះ​មែន នោះ​ព្រះ​នៃ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​គោរព​ប្រតិបត្តិ​តាម ទ្រង់​អាច​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច​ពី​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​បាន​ហើយ … តែ​បើ​មិន​ជួយ​ទេ នោះ​សូម​ទ្រង់​ព្រះ​ករុណា​ជ្រាប​ថា យើង​ខ្ញុំ​មិន​ព្រម​គោរព​តាម​ព្រះ​របស់​ទ្រង់​ឡើយ”(ខ.១៧-១៨)។​

ព្រះ​ទ្រង់​បាន​ជួយ​សង្រ្គោះ​ពួក​គេ ហើយ​ថែម​ទាំង​បាន​ដើរ​ជា​មួយ​ពួក​គេ នៅ​ក្នុង​ភ្លើង(ខ.២៥-២៧)។ នៅ​ក្នុង​ទុក្ខ​លំបាក និង​បញ្ហា​របស់​យើង ដែល​ប្រៀប​ដូច​ជា​ភ្លើង​ដែល​ឆេះ​សន្ធោ​សន្ធៅ យើង​ក៏​អាច​មាន​ការ​ធានា​ផង​ដែរ​ថា ព្រះ​អង្គ​ក៏​គង់​នៅ​ជា​មួយ​យើង​ផង​ដែរ។—Alyson Kieda