មាន​ពេល​មួយ​អ្នក​ស្រី​លីហ្ស(Liz) បាន​យំ​ដោយ​អំណរ ពេល​ដែល​គាត់ និង​ស្វាមី​គាត់ បាន​ទទួល​សំបុត្រ​កំណើត​ និង​លិខិត​ឆ្លង​ដែន សម្រាប់​កូន​ចិញ្ចឹម​របស់​ពួក​គេ ដែល​អាច​ឲ្យ​ពួក​គេ​ទទួល​ចិញ្ចឹម​កូន​នោះ ដោយ​ស្រប​ច្បាប់។ ឥឡូវ​នេះ មីលេណា(Milena) ក៏​បាន​ក្លាយ​ជា​កូន​ស្រី​របស់​ពួក​គេ ជា​ផ្នែក​មួយ​នៃ​គ្រួសារ​ពួក​គេ​ជា​រៀង​រហូត។ ខណៈ​ពេល​ដែល​អ្នក​ស្រី​លីហ្ស ជញ្ជឹង​គិត អំពី​នីតិ​វិធី ដើម្បី​ទទួល​ចិញ្ចឹម​នាង គាត់​ក៏​បាន​គិត ​អំពី “ការ​ផ្លាស់​ប្តូរ​ពិត​ប្រាកដ” ដែល​កើត​មាន​ ពេល​ដែល​យើង​ក្លាយជា​ផ្នែក​មួយ​នៃ​គ្រួសារ​របស់​ព្រះ​យេស៊ូវ ដោយ​យើង​មិន​ជាប់​ចំណង​នៃ​អំពើ​បាប និង​ភាព​ប្រេះ​បែក​ទៀត​ឡើយ ផ្ទុយ​ទៅ​វិញ ​យើង​បាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​យ៉ាង​ពេញ​សិទ្ធិ ស្រប​តាម​ច្បាប់​របស់​ព្រះ​អង្គ ពេល​ដែល​​យើង​ត្រូវ​បាន​ទទួល​ចិញ្ចឹម ជា​កូន​របស់​ព្រះ​អង្គ។

នៅ​សម័យ​សាវ័ក​ប៉ុល ពេល​ដែល​គ្រួសារ​ជន​ជាតិ​រ៉ូម៉ាំង​ណា​មួយ ទទួល​ចិញ្ចឹម​កូន​ប្រុស​ម្នាក់ នោះ​សិទ្ធិ​ និង​ឯក​សិទ្ធិ​របស់​គាត់ នឹង​មាន​ការ​ផ្លាស់​ប្តូរ​ទាំង​ស្រុង។ បាន​សេចក្តី​ថា បំណុល​ដែល​គាត់​ជាប់​ជំពាក់​ក្នុង​ជីវិត​ចាស់ នឹង​ត្រូវ​គេ​លប់​ចោល ហើយ​គាត់​នឹង​មាន​សិទ្ធិ និង​ឯក​សិទ្ធិ​ដូច​សមាជិក​នីមួយ​ៗ​នៃ​គ្រួសារ​ថ្មី​គាត់។ ដូច​នេះ សាវ័ក​ប៉ុល​ចង់​ឲ្យ​ពួក​ជំនុំ​នៅ​ទីក្រុង​រ៉ូម​ដឹង​ថា ពួក​គេ​ក៏​មាន​សិទ្ធិ និង​ឯក​សិទ្ធិ​ថ្មី ក្នុង​មហា​គ្រួសារ​ព្រះ​ផង​ដែរ។ ពួក​គេ​មិន​ជាប់​ចំណង​នៃ​អំពើ​បាប និង​ទោស​របស់​វា​នោះ​ឡើយ តែ​ឥឡូវ​នេះ ពួក​គេ​ដើរ​តាម​ព្រះ​វិញ្ញាណ​វិញ​(រ៉ូម ៨:៤)។ ហើយ​អ្នក​ដែល​ព្រះ​វិញ្ញាណ​ដឹក​នាំ ជា​អ្នក​ដែល​ព្រះ​ទ្រង់​បាន​ទទួល​ចិញ្ចឹម​ជា​កូន​ទ្រង់​(ខ.១៤-១៥)។ សិទ្ធិ និង​ឯក​សិទ្ធិ​របស់​ពួក​គេ​មាន​ការ​ផ្លាស់​ប្តូរ ពេល​ដែល​ពួក​គេ​ក្លាយ​ជា​ពលរដ្ឋ​នៃ​ស្ថាន​សួគ៌។

បើ​យើង​បាន​ទទួល​អំណោយ​នៃ​សេចក្តី​សង្រ្គោះ នោះ​យើង​ក៏​ជា​កូន​ព្រះ​ ទាយាទ​នៃ​នគរ​ទ្រង់ ហើយ​ក៏​រួប​រួម​ជា​មួយ​ព្រះ​គ្រីស្ទ​ផង​ដែរ។ បំណុល​យើង​ត្រូវ​បាន​លប់ ដោយ​អំណោយ​នៃ​ការ​លះ​បង់​របស់​ព្រះ​យេស៊ូវ។ ដូច​នេះ យើង​មិន​ចាំ​បាច់​ត្រូវ​រស់​នៅ ដោយ​ការ​ភ័យ​ខ្លាច ឬ​ការ​ថ្កោល​ទោស​ទៀត​ឡើយ។​—Amy Boucher Pye