បន្ទាប់​ពី​ភ្នែក​ខាង​ឆ្វេង​របស់​ខ្ញុំ បាន​ទទួល​ការ​វះ​កាត់​ដ៏​ឈឺ​ចាប់ វេជ្ជ​បណ្ឌិត​ក៏​បាន​ណែ​នាំ​ខ្ញុំ ឲ្យ​ធ្វើ​តេស្ត​ភ្នែក ដើម្បី​ឲ្យ​ដឹង​ថា​ ខ្ញុំមើល​ច្បាស់​ប៉ុណ្ណា។  ខ្ញុំ​ក៏​បាន​បិទ​ភ្នែក​ស្តាំ​ដោយ​ទំនុក​ចិត្ត ហើយ​ក៏​បាន​ចង្អុល​ទៅ​បន្ទាត់​នីមួយ​ៗ​ នៅ​លើ​តារាង យ៉ាង​ងាយ​ស្រួល​ តាម​បង្គាប់​របស់​គ្រូ​ពេទ្យ។ ខ្ញុំ​ក៏​បាន​បិទ​ភ្នែក​ឆ្វេង​ទៀត ហើយ​ក៏​បាន​ដក​ដង្ហើម​ដង្ហក់ ព្រោះ​ពេល​ដែល​បិទ​ភ្នែក​ទាំង​សង្ខាង​ដូច​នេះ ខ្ញុំ​ប្រៀប​ដូច​ជា​មនុស្ស​ខ្វាក់​អញ្ចឹង។

ខណៈ​ពេល​ដែល​ខ្ញុំ​សម្រប​ខ្លួន​នឹង​វែន​តា​ថ្មី និង​ការ​មើល​ឃើញ​ជា​ថ្មី​ឡើង​វិញ ខ្ញុំ​ក៏​បាន​គិត​ដល់ ទុក្ខ​លំបាក​ប្រចាំ​ថ្ងៃ ដែល​ច្រើនតែ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ភ្នែក​មីញ៉ូប​ខាង​វិញ្ញាណ។ បាន​សេចក្តី​ថា ពេល​ណា​ខ្ញុំ​ផ្ដោត​ទៅ​លើ​អ្វី​ដែល​ខ្ញុំ​អាច​មើល​ឃើញ នៅ​ជិត​ខ្លួន​ខ្ញុំ ដែល​មាន​ដូច​ជា​ការ​ឈឺ​ចាប់ និង​ស្ថាន​ភាព​ដែល​ផ្លាស់​ប្តូរ​ឥត​ឈប់ នោះ​ខ្ញុំ​ក៏​បាន​ប្រែ​ជា​ខ្វាក់ មើល​ឃើញ​មិន​ឃើញ​ ភាព​ស្មោះត្រង់​នៃ​ព្រះ​ដ៏​អស់​កល្ប និង​មិន​ចេះ​ប្រែ​ប្រួល។ ដោយសារ​ខ្ញុំ​មិន​បាន​មើល​វែង​ឆ្ងាយ នោះ​ក្តី​សង្ឃឹម​ហាក់​ដូច​ជា​នៅ​ឆ្ងាយ​ ក្នុង​សភាព​ព្រាល​ៗ។

បទ​គម្ពីរ​សាំយ៉ូអែល​ទី​១ បាន​ប្រាប់​យើង អំពី​រឿង​របស់​ស្រ្តី​ម្នាក់​ទៀត ដែល​មិន​បាន​គិត​ដល់​ភាព​ស្មោះ​ត្រង់​របស់​ព្រះ ខណៈ​ពេល​ដែល​នាង​កំពុង​តែ​ផ្តោត​ទៅ​លើ​ការ​ឈឺ​ចាប់ ភាព​មិន​ច្បាស់​លាស់ និង​ការ​បាត់​បង់​ក្នុង​ពេល​បច្ចុប្បន្ន។ នាង​ហាណា​បាន​ស៊ូទ្រាំ​នឹង​ភាព​ជា​ស្រី​អារ អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយក៏​ទទួល​រង​ការ​ធ្វើ​ទុក​បុក​ម្នេញ​ឥត​ឈប់​ឈរ ពី​នាង​ពេនីណា ​ដែលជា​ភរិយា​ម្នាក់​ទៀត មួយ​លោក​អែលកាណា។ ស្វាមី​របស់​នាង​ហាណា​បាន​ស្រឡាញ់ និង​ឲ្យ​តម្លៃ​នាង តែ​នាង​នៅ​តែ​មិន​ស្កប់​ចិត្ត។ ថ្ងៃ​មួយ នាង​ក៏​បាន​អធិស្ឋាន​សូម​ចិត្ត​ស្មោះ​ត្រង់។ ពេល​ដែល​លោក​អេលី ដែល​ជា​សង្ឃ​របស់​ព្រះ​ចោទ​សួរ​នាង នាង​ក៏បាន​ពន្យល់​ប្រាប់​គាត់ អំពី​ស្ថាន​ភាព​របស់​នាង។ ពេល​ដែល​នាង​ចាក​ចេញ​ទៅ គាត់​ក៏​បាន​អធិស្ឋាន​សូម​ព្រះ​ទ្រង់​ឆ្លើយ​តប ចំពោះ​សេចក្តី​សំណួរ​របស់​នាង​(១សាំយ៉ូអែល ១:១៧)។ ទោះ​ស្ថាន​ភាព​របស់​នាង​ហាណា​មិន​បាន​ផ្លាស់​ប្តូរ​ភ្លាម​ៗ​ក៏​ដោយ ក៏​នាង​នៅ​តែ​ដើរ​ចេញ​ទៅ ដោយ​មាន​ក្តី​សង្ឃឹម និង​ជំនឿ​(ខ.១៨)។

ការ​អធិស្ឋាន​របស់​នាង ក្នុង​បទ​គម្ពីរ ១សាំយ៉ូអែល ២:១-២ បាន​បង្ហាញ​ថា ការ​ផ្តោត​ចិត្ត​របស់​នាង​មាន​ការ​ផ្លាស់​ប្តូរ។ មុន​ពេល​កាលៈទេសៈ​របស់​នាង​មាន​ភាព​ល្អ​ប្រសើរ​ឡើង ការ​មើល​ឃើញ​បែប​ថ្មី​របស់​នាង​ហាណា បាន​ផ្លាស់​ប្តូរ​ទស្សនៈ និង​អាកប្ប​កិរិយា​របស់​នាង។ នាង​ក៏​មាន​ការ​អរ​សប្បាយ ក្នុង​ព្រះ​វត្ត​មាន​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះ ដែល​ជា​ថ្ម​ដា និង​ក្តី​សង្ឃឹម​ដ៏​អស់​កល្ប​របស់​នាង។—Xochitl Dixon