ក្នុង​សៀវភៅ​ដែល​លោក​ដូណាល់ ប្រោន(Donald Brown) ដែល​ជា​នរវិទូ បាន​និពន្ធ មាន​ចំណង​ជើង​ថា មនុស្ស​ជា​សកល គាត់​បាន​លើក​ឡើង​អំពី​អាកប្ប​កិរិយា​ជាង​៤០​ប្រភេទ ដែល​គាត់​គិត​ថា ជា​អាកប្ប​កិរិយា​ដែល​មនុស្ស​ជាតិ​មាន​ជា​ធម្មតា។ គាត់​បាន​រាប់​បញ្ចូល​របស់​ក្មេង​លេង រឿង​កំប្លែង ការ​រាំ សុភា​សិត ការ​ខ្លាច​សត្វ​ពស់ និង​ការ​ចង​អ្វី​ៗ ដោយ​ប្រើ​ខ្សែ។ ទន្ទឹម​នឹង​នោះ គាត់​ជឿ​ថា វប្បធម៌​ទាំង​អស់​សុទ្ធ​តែ​យល់​ដឹង អំពី​អ្វី​ខុស​អ្វី​ត្រូវ ការ​ឲ្យ​តម្លៃ​មក​លើ​ភាព​សប្បុរស និង​ឲ្យ​តម្លៃ​មក​លើ​ការ​សន្យា ហើយ​ក៏​យល់​ថា ភាព​កំណាញ់ និង​ការ​សម្លាប់​មនុស្ស​ គឺ​ជា​ការ​អាក្រក់។ ទោះ​យើង​មាន​ប្រភព​មក​ពី​ណា​ក៏​ដោយ យើង​រាល់​គ្នា​សុទ្ធ​តែ​មាន​សតិ​សម្បជញ្ញៈ ឬ​បញ្ញា​ចិត្ត។

សាវ័ក​ប៉ុល​បាន​លើក​ឡើង​អំពី​រឿង​ស្រដៀង​នេះ​ដែរ កាល​ពី​ប៉ុន្មាន​សតវត្សរ៍​មុន។ ព្រះ​ទ្រង់​បាន​ប្រទាន​ជន​ជាតិ​យូដា នូវ​ក្រឹត្យវិន័យ​ទាំង​ដប់​ប្រការ​ ដើម្បី​ឲ្យ​ពួក​គេ​ដឹង​ច្បាស់​ថា អ្វី​ត្រូវ​ អ្វី​ខុស តែ​សាវ័ក​ប៉ុល​បាន​កត់​សំគាល់​ឃើញ​ថា ដោយសារ​សាសន៍​ដទៃ​អាច​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ តាម​សតិ​សម្បជញ្ញៈ​របស់​ពួក​គេ ជា​ភស្តុ​តាង​បញ្ជាក់​ថា ក្រឹត្យ​វិន័យ​របស់​ព្រះ ក៏​បាន​កត់​ទុក នៅ​លើ​ចិត្ត​របស់​អ្នក​មិន​ជឿ តាំង​ពី​កំណើត​ផង​ដែរ​(រ៉ូម ២:១៤-១៥)។ តែ​មិន​មាន​ន័យ​ថា មនុស្ស​តែងតែ​ធ្វើ​អ្វី​ដែល​ត្រូវ​ជា​និច្ច​នោះ​ឡើយ។ សាសន៍​ដទៃ​បាន​ទាស់​ប្រឆាំង​នឹង​សម្បជញ្ញៈ​របស់​ខ្លួន​(១:៣២) ពួក​សាសន៍​យូដា​ក៏​បាន​បំពាន​ក្រឹត្យ​វិន័យ​(២:១៧-២៤) ដូចនេះ ពួក​គេ​សុទ្ធ​តែ​ប្រព្រឹត្ត​ខុស។​ ប៉ុន្តែ តាម​រយៈ​ជំនឿ​លើ​ព្រះ​យេស៊ូវ នោះ​យើង​ក៏​បាន​រួច​ពី​ទោស នៃ​អំពើ​បាប ដែល​ជា​សេចក្តី​ស្លាប់(៣:២៣-២៦ ៦:២៣)។

ដោយសារ​ព្រះ​ទ្រង់​បាន​បង្កើត​មនុស្ស​ទាំង​អស់ ឲ្យ​ស្គាល់​អ្វី​ខុស​អ្វី​ត្រូវ នោះ​យើង​ម្នាក់​ៗ​ទំនង​ជា​មាន​អារម្មណ៍​ថា ខ្លួន​មាន​កំហុស ដោយ​សារ​ការ​អាក្រក់ ដែល​យើង​បាន​ធ្វើ ឬ​ការ​ល្អ​ដែល​យើង​មិន​ធ្វើ។ ពេល​ណា​យើង​សារ​ភាព​អំពើ​បាប​ទាំង​នេះ​ហើយ ​ព្រះ​ទ្រង់​ក៏​លាង​សម្អាត​ទោស​កំហុស​ទាំង​អស់ ឲ្យ​ស​ស្អាត​ដូច​ហិមៈ។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នោះ គឺ​ត្រូវ​សូម​ព្រះ​អង្គ ទោះ​យើង​នៅ​ទី​ណា ឬ​មក​ពី​កន្លែង​ណា​ក៏​ដោយ។​—Sheridan Voysey