នៅ​ប្រទេស​ប៉ាពូ ញូ គីនា កុលសម្ព័ន្ធ​ខាន់​ដា បាន​ទន្ទឹង​រង់​ចាំ ដោយ​ចិត្ត​រំភើប​រីក​រាយ ចំពោះ​ការ​មក​ដល់​នៃ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ដែល​គេ​បាន​បោះ​ពុម្ពផ្សាយ​ជា​ភាសា​របស់​ពួក​គេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដើម្បី​ទៅ​ដល់​ភូមិ​របស់​ពួក​គេ ​អ្នក​ដឹក​ជញ្ជូន​ព្រះគម្ពីរ ត្រូវ​ធ្វើ​ដំណើរ​តាម​សមុទ្រ ដោយ​ជិះ​កាណូត​តូច​ៗ​។

តើ​មាន​អ្វី​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​ក្លាហាន នៅ​ក្នុង​ការ​ធ្វើ​ដំណើរ ឆ្លង​កាត់​ទឹក​ដ៏​ធំ​ដូច​នេះ? ជា​ការ​ពិត​ណាស់ ពួក​គេ​មាន​ជំនាញ​ដើរ​សមុទ្រ​ស្រាប់។ ប៉ុន្តែ ពួក​គេ​ក៏​បាន​ស្គាល់​ព្រះ​ដែល​បាន​បង្កើត​សមុទ្រ​ផង​ដែរ។ ព្រះ​អង្គ​ជា​ព្រះ​ដែល​ដឹក​នាំ​យើង កាត់​តាម​សមុទ្រ​ជ្រៅ ដែល​មាន​ទឹក​រលក​ធំ​ៗ។

ស្តេច​ដាវីឌ​បាន​ពោល​ថា “តើ​ទូលបង្គំ​នឹង​ទៅ​ឯ​ណា ឲ្យ​រួច​ពី​ព្រះវិញ្ញាណ​ទ្រង់?”(ទំនុកដំកើង ១៣៩:៧)។ “ទោះ​បើ​ទូលបង្គំ​នឹង​ឡើង​ទៅ​ឯ​ស្ថានសួគ៌ ក៏​មាន​ទ្រង់​សណ្ឋិត​នៅ​ទី​នោះ…ទោះ​បើ​ទូលបង្គំ​នឹង​យក​ស្លាប​នៃ​បច្ចូសកាល ហោះ​ទៅ​នៅ​ឯ​ទី​បំផុត​នៃ​សមុទ្រ គង់​តែ​ព្រះហស្ត​ទ្រង់​នឹង​នាំ​ទូលបង្គំ​នៅ​ទី​នោះ ហើយ​ព្រះហស្ត​ស្តាំ​ទ្រង់​នឹង​ក្តាប់​ទូលបង្គំ​ដែរ”(ខ.៨-១០)។

ពាក្យ​ពេចន៍​ទាំង​នេះ​មាន​ន័យ​ជ្រាល​ជ្រៅ សម្រាប់​កុលសម្ព័ន្ធ​ខេន​ដាស ដែល​កំពុង​រស់​នៅ​លើ​កោះ ដែល​មាន​អាកាសធាតុ​ត្រូពិច ព្រៃ​ក្រាស់ និង​ភ្នំ​ដែល​មាន​ថ្ម​ច្រើន។ គេ​បាន​ហៅ​កោះ​នេះ​ថា “តំបន់​ចុង​ក្រោយ​ដែល​គេ​ស្គាល់”។ តែ​ក្នុង​នាម​ជា​អ្នក​ជឿ​នៅ​ទីនោះ និង​នៅ​កន្លែង​ផ្សេង គ្មាន​ទីកន្លែង ឬ​បញ្ហា​អ្វី ដែល​ព្រះ​ទ្រង់​ឈោង​មិន​ដល់​នោះ​ឡើយ។ គឺ​ដូច​ដែល​បទ​គម្ពីរ​ទំនុក​ដំកើង ១៣៩:១២ បាន​ចែង​ថា “ដូច្នេះ​ទាំង​សេចក្តី​ងងឹត​នោះ​ឯង មិន​លាក់​ពី​ទ្រង់​ឡើយ ទោះ​ទាំង​យប់​ក៏​ភ្លឺ​ដូច​ជា​ពេល​ថ្ងៃ​ដែរ ឯ​សេចក្តី​ងងឹត និង​ពន្លឺ​ភ្លឺ នោះ​ស្មើ​គ្នា​នៅ​ចំពោះ​ទ្រង់”។

ដូច​នេះ ព្រះ​ទ្រង់​មាន​បន្ទូល​បង្ក្រាប​ទឹក​រលក និង​ខ្យល់​ព្យុះ​ដែល​នៅ​ពី​មុខ​យើង ដោយ​បន្ទូល​ថា “ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ”(ម៉ាកុស ៤:៣៩)។ ដូច​នេះ ចូរ​កុំ​ខ្លាច​ទឹក​ជ្រៅ ឬ​ទឹក​ដែល​រំជើប​រំជួល ក្នុង​ជីវិត​យើង នៅ​ថ្ងៃ​នេះ​ឡើយ។ ព្រះ​នៃ​យើង​នាំ​យើង ទៅ​រក​ត្រើយ ដោយ​សុវត្ថិ​ភាព។​—Patricia Raybon