លោក​យូរី ហ្កាហ្ការីន(Yuri Gagarin) បាន​ឡើង​ទៅ​ដល់​ទី​អវកាស​ក្រៅ​ផែន​ដី ហើយ​ក៏​បាន​ក្លាយ​ជា​មនុស្ស​ទី​មួយ ដែល​បាន​ចូល​ទៅ​ក្នុង​ទី​អវកាស។ បន្ទាប់​មក យាន​ចម្លង​របស់​គាត់​ក៏​បាន​ចូល​ក្នុង​ស្រទាប់​បរិយាកាស​ផែន​ដី​វិញ ហើយ​គាត់​ក៏​បាន​លោតឆ័ត្រ​យោង ចុះ​នៅ​ក្នុង​តំបន់​ជន​បទ នៃ​ប្រទេស​រុស្ស៊ី។ មាន​ស្រ្តី​កសិករ​ម្នាក់​បាន​ប្រទះ​ឃើញ​អវកាស​យានិក​រូប​នោះ ក្នុង​ឯកសណ្ឋាន​ព​​​​​​​​​​ណ៌​លឿង​ទុំ នៅ​ពាក់​មួក​ការពារ​នៅ​ឡើយ ហើយ​កំពុង​តែ​អូស​ឆ័ត្រ​យោង​ពីរ​។ នាង​ក៏​បាន​សួរ​គាត់​ដោយ​ការ​ភ្ញាក់​ផ្អើល​ថា “តើ​អ្នក​ជា​មនុស្ស​ដែល​បាន​ចុះ​មក​ពី​ទី​អវកាស​ឬ?” គាត់​ក៏​បាន​ឆ្លើយ​ថា “បាទ តាម​ពិត គឺ​ខ្ញុំ​បាន​ចុះ​មក​ពី​ទី​អវកាស​មែន”។

គួរ​ឲ្យ​ស្តាយ​ណាស់ ពួក​អ្នក​ដឹក​នាំ​នៃ​សហភាព​សូវៀត បាន​បង្វែរ​សាច់​រឿង​នៃ​ការ​ហោះ​ហើរ​ជា​ប្រវត្តិ​សាស្រ្ត​នេះ ទៅជា​ការ​ឃោសនា​ប្រឆាំង​នឹង​ជំនឿ​សាសនា។ នាយក​រដ្ឋ​មន្រ្តី​របស់​ពួក​គេ​ក៏​បាន​ប្រកាស​ថា “លោក​ហ្កាហ្ការីន​បាន​ចូល​ទៅ​ក្នុង​ទី​អវកាស ប៉ុន្តែ គាត់​មិន​បាន​ឃើញ​ព្រះ​នៅ​ទីនោះ​ឡើយ”។(តាម​ពិត លោក​ហ្កាហ្កា​រីន​មិន​បាន​និយាយ​ដូច​នេះ​ទេ)។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា​លោក​ស៊ី អេស លូអ៊ីស(C. S. Lewis) ដែល​បាន​មាន​ប្រសាសន៍​ថា “អ្នក​ដែល​មិន​បាន​រក​ឃើញ​ព្រះ នៅលើ​ផែន​ដី​នេះ គឺ​មិន​ទំនង​ជា​នឹង​រក​ឃើញ​ព្រះ​អង្គ​នៅ​ក្នុង​ទី​អវកាស​ឡើយ”។

ព្រះ​យេស៊ូវ​បាន​ដាស់​តឿន​យើង អំពី​ការ​ព្រងើយ​កន្តើយ​ចំពោះ​ព្រះ ក្នុង​ជីវិត​នេះ។ ព្រះ​អង្គ​បាន​មាន​បន្ទូល​អំពី​បុរស​ពីរ​នាក់ ដែល​បាន​ស្លាប់ គឺ​បុរស​អ្នក​មាន ដែល​គ្មាន​ពេល​សម្រាប់​ព្រះ និង​លោក​ឡាសា ដែល​ជា​អ្នក​ក្រ​តោក​យ៉ាក តែ​មាន​ជំនឿ​ដ៏​រឹង​មាំ(លូកា ១៦:១៩-៣១)។ អ្នក​មាន​ក៏​បាន​ទទួល​រង​ទារុណ​កម្ម​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ក៏​បាន​អង្វរ​លោក​អ័ប្រាហាំ ​ឲ្យ​ជួយ​ប្រាប់​បង​ប្អូន​គាត់​ដែល​កំពុង​រស់​នៅ​ លើ​ផែន​ដី។ គាត់​បាន​អង្វរ​លោក​អ័ប្រាហាំ​ថា “សូម​លោក​ចាត់​ឲ្យ​គាត់​ទៅ​ឯ​ផ្ទះ​ឪពុក​ខ្ញុំ​បន្តិច …បើ​មាន​អ្នក​ណា​ពី​ពួក​មនុស្ស​ស្លាប់​ទៅ​ឯ​គេ​វិញ នោះ​គេ​នឹង​ប្រែ​ចិត្ត​ជា​មិន​ខាន”(ខ.២៧,៣០)។ លោក​អ័ប្រាហាំ​ក៏​បាន​ឆ្លើយ​ត្រង់​ៗ​តែ​ម្តង​ថា “បើ​គេ​មិន​ព្រម​ស្តាប់​លោក​ម៉ូសេ និង​ពួក​ហោរា​ទេ នោះ​ទោះ​បើ​មាន​អ្នក​ណា​រស់​ពី​ស្លាប់​ឡើង​វិញ​ក៏​ដោយ គង់​តែ​គេ​មិន​ព្រម​ជឿ​ដែរ”(ខ.៣១)។

លោក​អូស្វល ឆេមបឺ(Oswald Chambers) បាន​មាន​ប្រសាសន៍​ថា “ការ​មើល​ឃើញ​មិន​មែន​ជា​ការ​ជឿ​ទេ​។ យើង​យល់​អំពីអ្វី​ដែល​យើង​មើល​ឃើញ ដោយ​ផ្អែក​ទៅ​លើ​ជំនឿ​របស់​យើង”។—Tim Gustafson