គ្រូ​បង្រៀន​ព្រះ​បន្ទូល​នៅ​ក្នុង​ជួរ​ទ័ព​អាមេរិក​ទាំង​បួន​នាក់​នោះ មិន​មាន​ឈ្មោះ​ល្បី​ជា “វីរបុរស”​ នោះ​ទេ។ ប៉ុន្តែ នៅ​ពេល​យប់​ដែល​រងា​ខ្លាំង ក្នុង​ខែ​កុម្ភៈ ឆ្នាំ១៩៤៣ នាវា​ដឹក​ជញ្ជូន​ទ័ព ឈ្មោះSS Dorchester ដែល​ពួក​គេ​បាន​ជិះ ត្រូវ​នាវា​មុជ​ទឹក​របស់​សត្រូវ​បាញ់​ចំ នៅ​ក្បែរ​ឆ្នេរ​សមុទ្រ នៃ​តំបន់​គ្រីនលែន ក្នុង​អំឡុង​សម័យ​សង្រ្គាម​លោក​លើក​ទី​២។ ពេល​នោះ អ្នក​ទាំង​បួន​ក៏បាន​ប្រឹង​ប្រែង​អស់​សមត្ថ​ភាព ដើម្បី​ជួយ​សម្រួល​អារម្មណ៍​របស់​ពួក​ទាហាន​ដែល​កំពុង​តែ​ស្លន់​ស្លោ។ ក្នុង​ចំណោម​អ្នក​ដែល​រួច​ជីវិត មាន​ម្នាក់​បាន​និយាយ​ថា ខណៈ​ពេល​ដែល​នាវា​កំពុង​តែ​លិច ហើយ​អ្នក​របួស​កំពុង​តែ​លោត​ចូល​ទៅ​ក្នុង​ទូក​សង្រ្គោះ​ដែល​មាន​មនុស្ស​លើស​ចំណុះ គ្រូ​បង្រៀន​ព្រះ​បន្ទូល​ទាំង​បួន​ក៏​បាន​សម្រួល​អារម្មណ៍​អស់​អ្នក​ដែល​កំពុង​ឆ្លេឆ្លា ដោយ “ចែកចាយ​ព្រះ​បន្ទូល​អំពី​សេចក្តី​ក្លាហាន”។

ពេល​ដែល​គេ​ខ្វះ​អាវ​ការពារ​កុំ​ឲ្យ​លង់​ទឹក អ្នក​ទាំង​បួន​សុទ្ធ​តែ​បាន​ដោះ​អាវ​ការពារ​របស់​ខ្លួន ឲ្យ​ទៅ​យុវជន​ម្នាក់​ដែល​កំពុង​មានការ​ភ័យ​ខ្លាច។ ពួក​គេ​បាន​សម្រេច​ចិត្ត​លិច​ទឹក​ស្លាប់​ជា​មួយ​នាវា ដើម្បី​ឲ្យ​អ្នក​ដទៃ​បាន​រស់។ អ្នក​ដែល​បាន​រួច​ជីវិត​ម្នាក់​បាន​និយាយ​ថា “វា​ជា​រឿង​ល្អ​បំផុត​ដែល​ខ្ញុំ​បាន​ជួប”។

ពួក​គេ​ក៏​បាន​កាន់​ដៃ​គ្នា​ខណៈ​ពេល​ដែល​នា​វា​ចាប់​ផ្តើម​លិច​ទៅ​ក្នុង​ទឹក ហើយ​អធិស្ឋាន​ឮ​ៗ​ទាំង​អស់​គ្នា ដោយ​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​ហៀប​នឹង​ស្លាប់​ជា​មួយ​ពួក​គេ។​

រឿង​នេះ​បាន​បង្ហាញ​នូវ​សេចក្តី​ក្លាហាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សេចក្តី​ស្រឡាញ់ បាន​ធ្វើ​ឲ្យ​ការ​លះ​បង់​របស់​ពួក​គេ​មាន​ន័យ​យ៉ាង​ខ្លាំង។ សាវ័ក​ប៉ុល​បាន​ជំរុញ​អ្នក​ជឿ​ទាំង​អស់ ដែល​រាប់​បញ្ចូល​ទាំង​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស  ឲ្យ​មាន​សេចក្តី​ស្រឡាញ់​ដូច​នេះ​ផង​ដែរ។ ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស​បាន​ជួប​បញ្ហា​ជម្លោះ ពុក​រលួយ និង​អំពើ​បាប​ជា​ច្រើន បាន​ជា​គាត់​ជំរុញ​ពួក​គេ​ថា “ចូរ​ចាំ​យាម ចូរ​ឈរ​ឲ្យ​មាំមួន​ក្នុង​សេចក្តី​ជំនឿ ចូរ​ប្រព្រឹត្ត​ឲ្យ​ពេញ​ជា​ភាព​បុរស ចូរ​ឲ្យ​មាន​កំឡាំង”(១កូរិនថូស ១៦:១៣)។ ហើយ​បន្ទាប់​មក គាត់​ក៏​បាន​បន្ថែម​ទៀត​ថា “ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ការ​ទាំង​អស់ ដោយ​សេចក្តី​ស្រឡាញ់”(ខ.១៤)។

នេះ​ជា​សេចក្តី​បង្គាប់​ដ៏​សំខាន់ សម្រាប់​អ្នក​ជឿ​ព្រះ​យេស៊ូវ​ទាំង​អស់ ជា​ពិសេស ក្នុង​អំឡុង​ពេល​មាន​វិបត្តិ។ ក្នុង​ជីវិត​យើង ពេល​ដែល​ភាព​វឹក​វរ​កំពុង​តែ​គំរាម​កំហែង ការ​ឆ្លើយ​តប​ដ៏​ក្លាហាន​បំផុត​របស់​យើង នឹង​នាំ​ឲ្យ​គេ​ស្គាល់​ព្រះ​គ្រីស្ទ ដោយ​ផ្តល់​ឲ្យ​អ្នក​ដទៃ នូវ​ក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ។—Patricia Raybon