ពេល​ដែល​លោក​អេឌ្រាន(Adrian) ឡើងភ្នំ​ គាត់​ក៏​បាន​មើល​មក​ខាង​ក្រោម ឃើញ​ពពក​ដែល​ហោះ​ទាប​ៗ។ ដោយ​មាន​ថ្ងៃ​នៅ​ពី​ក្រោយ​ខ្នង​គាត់ នោះ​គាត់​ក៏​បាន​មើល​ទៅ​ក្រោម មិន​គ្រាន់​តែ​បាន​ឃើញ​ស្រមោល​របស់​គាត់ តែ​ក៏​បាន​ឃើញ​ឥន្ទធនូ​ដែល​មាន​រាង​មូល​នៅ​ពី​ក្រោយ​ស្រមោល​គាត់​ផង​ដែរ។​ នេះ​ជា​បាតុភូត ដែល​បង្កើត​ឲ្យ​មាន​ឥន្ទធនូ​ដែល​មាន​រាង​មូល​ដូច​រង្វង់​ព័ទ្ធ​ជុំវិញ​ស្រមោល​របស់​មនុស្ស។ វា​កើត​ឡើង ពេល​ដែល​ពន្លឺ​ថ្ងៃ​ចំណាំងផ្លាត​នៅ​ក្នុង​ពពក ដែល​នៅ​ខាង​ក្រោម​កំពូល​ភ្នំ។ លោក​អេឌ្រាន​ក៏​បាន​ពិពណ៌នា​ថា វា​ជា​ពេល​ដ៏​អស្ចារ្យ ដែល​ធ្វើ​ឲ្យ​គាត់​មាន​ចិត្ត​រីក​រាយ​យ៉ាង​ខ្លាំង។​

យើង​អាច​ស្រមៃ​ថា លោក​ណូអេ​មាន​ចិត្ត​រីក​រាយ​ប៉ុណ្ណា ពេល​ដែល​គាត់​បាន​ឃើញ​ឥន្ទធនូ​ជា​លើក​ទី​មួយ បន្ទាប់​ពី​ទឹក​ជំនន់​បាន​បញ្ចប់។ ឥន្ទធនូ​នោះ​មិន​គ្រាន់​តែ​មាន​ភាព​ស្រស់​ស្អាត​សម្រាប់​ភ្នែក​គាត់​ប៉ុណ្ណោះ​ទេ តែ​ពន្លឺ​ដែល​បាន​ចំណាំងផ្លាត​បញ្ចេញ​ពណ៌​ចម្រុះ​នោះ គឺ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹកចាំ អំពី​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​ផង​ដែរ។ បន្ទាប់ពី​ទឹក​ជំនន់​ដែល​បាន​បង្ក​វិនាស​កម្ម​ ព្រះ​ទ្រង់​ក៏បាន​ធានា​លោក​ណូអេ​ថា “អញ​នឹង​នឹក​ចាំ​ពី​សេចក្តី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​ឯង​រាល់​គ្នា ហើយ​នឹង​អស់​ទាំង​សត្វ​គ្រប់​ពូជ​ដែរ នោះ​នឹង​គ្មាន​ទឹក​ជន់​ឡើង​លិច​ផែនដី ដើម្បី​បំផ្លាញ​គ្រប់​ទាំង​សាច់​ទៀត​ឡើយ”(លោកុប្បត្តិ ៩:១៥)។

ផែនដី​យើង​នៅ​មាន​ទឹក​ជំនន់ និង​អាកាស​ធាតុ​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច នៅ​តាម​តំបន់​ផ្សេង​ៗ ដែល​នាំ​ឲ្យ​មាន​ការ​ខាត​បង់​ដ៏​សោកសៅ ប៉ុន្តែ ឥន្ទធនូ​គឺ​ជា​សេចក្តី​សន្យា​របស់​ព្រះ ដែល​បាន​ធានា​ថា ព្រះ​អង្គ​នឹង​មិន​ជំនុំ​ជម្រះ​ផែន​ដី ដោយ​ទឹក​ជំនន់​ទូទាំង​ពិភព​លោក​ទៀត​ទេ។ សេចក្តី​សន្យា​នៃ​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ​អង្គ អាច​រំឭក​យើង​ថា ទោះ​យើង​នឹង​ជួប​ការ​បាត់​បង់ និង​សេចក្តី​ស្លាប់​នៅ​លើ​ផែនដី​នេះ ទោះ​ដោយ​ជម្ងឺ គ្រោះ​ធម្មជាតិ ដោយ​កំហុស ឬ​ដោយ​ភាព​ចាស់​ជរា​ក្តី ព្រះ​ទ្រង់​នឹង​ជួយ​យើង ដោយ​សេចក្តី​ស្រឡាញ់ និង​ព្រះ​វត្ត​មាន​ទ្រង់ ក្នុង​ទុក្ខ​លំបាក ដែល​យើង​ជួប​ប្រទះ។

ពន្លឺ​ថ្ងៃ​ដែល​បញ្ចេញ​ពន្លឺ​ប៉ះ​ចំ​ទឹក បង្កើត​ជា​ឥន្ទធនូ ដែល​មាន​ពណ៌​ចម្រុះ គឺ​បាន​រំឭក​យើង អំពី​ភាព​ស្មោះ​ត្រង់​របស់​ព្រះ​អង្គ ក្នុង​ការ​បំពេញ​ផែន​ដី​នេះ ដោយ​មនុស្ស​ដែល​មាន​រូប​ភាព​ដូច​ព្រះ​អង្គ និង​ឆ្លុះ​បញ្ចាំង​អំពី​សិរីល្អ​ព្រះ​អង្គ ឲ្យ​អ្នក​ដទៃ​បាន​ឃើញ។​—Kirsten Holmberg