នៅ​ក្នុង​សៀវភៅ​ដាក់​រូប​ថត​ចាស់​មួយ​ក្បាល​របស់​ឪពុក​ម្តាយ​ខ្ញុំ មាន​រូប​ថត​ក្មេង​ប្រុស​ម្នាក់។ គាត់​មាន​មុខ​មូល មាន​អាចម៍រុយ និង​មាន​សក់​ត្រង់ វែង ពណ៌​ទង់​ដែង។ គាត់​ចូល​ចិត្ត​គំនូរ​ជីវចល ស្អប់​ផ្លែប័រ ហើយ​មាន​ឌីស​ចាក់​ចម្រៀង​របស់​ក្រុម​ចម្រៀង ABBA។ នៅ​ក្នុង​សៀវភៅ​រូប​ថត​នោះ ក៏​មាន​រូប​ថត​ក្មេង​ជំទង់​ម្នាក់។ គាត់​មាន​មុខ​វែង មិន​មូល​ ហើយ​សក់​គាត់​វិញ ក៏​រួញ មិន​ត្រង់​ដូច​ក្មេង​នោះ​ទេ។ មុខ​គាត់​គ្មាន​អាចម៍រុយ គាត់​ចូល​ចិត្ត​ផ្លែ​ប័រ ចូល​ចិត្ត​មើល​ខ្សែ​ភាព​យន្ត ជា​ជាង​មើល​គំនូរ​ជីវចល ហើយ​មិន​ដែល​ទទួល​ស្គាល់​ថា គាត់​ឌីស​ចាក់​ចម្រៀង​របស់​ក្រុម​ចម្រៀង ABBA។ ក្មេង​ប្រុស និង​ក្មេង​ជំទង់​នោះ មាន​ចំណុច​ដូច​គ្នា​បន្តិច​បន្តួច​ដែរ។

យោង​តាម​វិទ្យាសាស្រ្ត អ្នក​ទាំង​ពីរ​មាន​ស្បែក ធ្មេញ ឈាម និង​ឆ្អឹង​ខុស​គ្នា។ តែ​ពួក​គេ​ជា​មនុស្ស​តែ​មួយ​ទេ និយាយ​ឲ្យ​ខ្លី ពួក​គេ​គឺ​ជា​ខ្ញុំ​កាល​នៅ​ក្មេង។ ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​វ័យ​របស់​មនុស្ស​ម្នាក់​ៗ បាន​ធ្វើ​ឲ្យ​ទស្សនវិទូ​ជា​ច្រើន​មាន​ការ​ងឿង​ឆ្ងល់។ ដោយ​សារ​យើង​មាន​ការ​ផ្លាស់​ប្តូរ​ពេញ​មួយ​ជីវិត​យើង ដូច​នេះ តើ​យើង​មាន​លក្ខណៈ​ពិត​ប្រាកដ​ជា​ខ្លួន​របស់​យើង នៅ​ក្នុង​វ័យ​មួយ​ណា?

ព្រះ​គម្ពីរ​​មាន​ចម្លើយ​សម្រាប់​សំណួរ​មួយ​នេះ។ ចាប់​តាំង​ពី​ពេល​ដែល​ព្រះ​បាន​ចាប់​ផ្តើម​ផ្សំ​ខ្លួន​យើង នៅ​ក្នុង​ផ្ទៃ​ម្តាយ​របស់​យើង​ម្នាក់​ៗ​(ទំនុកដំកើង ១៣៩:១៣-១៤) យើង​ក៏​បាន​លូត​លាស់ តាម​ការ​រចនា​ដ៏​ពិសេស​របស់​ព្រះ​អង្គ។ យើង​មិន​អាច​ដឹង​ជា​មុន​ថា យើង​នឹង​មាន​រូបរាង្គ​យ៉ាង​ណា​នៅ​ពេល​ខាង​មុខ តែ​យើង​ដឹង​ថា បើ​យើង​ជា​កូន​របស់​ព្រះ នោះ​យើង​នឹង​មាន​លក្ខណៈ​សម្បត្តិ​ដូច​ព្រះយេស៊ូវ​(១យ៉ូហាន ៣:២) ដោយ​ការ​ផ្លាស់​ប្រែ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ឲ្យ​មាន​ចារិក​លក្ខណៈ​កាន់​តែ​ល្អ និង​បរិសុទ្ធ​ដូច​ព្រះ​អង្គ​។​

ទំរាំ​តែ​ដល់​ថ្ងៃ​ដែល​ព្រះ​យេស៊ូវ​យាង​ត្រឡប់​មក​វិញ យើង​កំពុង​តែ​ត្រូវ​បាន​ទាញ​នាំ​ទៅ​រក​ខ្លួន​របស់​យើង ក្នុង​ពេល​អនាគត។ ដោយ​ព្រះ​អង្គ​ធ្វើ​ការ​ក្នុង​យើង​ជា​ប្រចាំ នោះ​យើង​អាច​ផ្លាស់​ប្រែ ដោយ​បង្ហាញ​ឲ្យ​គេ​មើល​ឃើញ​ព្រះ​អង្គ ​នៅ​ក្នុង​ជីវិត​យើង​កាន់​តែ​ច្បាស់​ឡើង​(២កូរិនថូស ៣:១៨)។ យើង​មិន​ទាន់​បាន​ក្លាយ​ជា​មនុស្ស ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ផ្លាស់​ប្រែ​ ប៉ុន្តែ ពេល​ណា​យើង​ផ្លាស់​ប្រែ​ទៅ​ជា​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ នោះ​យើង​​នឹង​ក្លាយ​ជា​ខ្លួន​ពិត​ប្រាកដ​របស់​យើង។ —Sheridan Voysey