ពេល​ដែល​អ្នក​ស្រី ហ្គ៊ូដរិជ(Goodrich) មាន​វ័យ​កាន់​តែ​ចាស់ គាត់​ក៏​បាន​នឹក​គិត​ដល់​អនុស្សាវរីយ៍ នៃ​ជីវិត​ដែល​មាន​ពេញ​ដោយ​បញ្ហា​ប្រឈម និង​ពេញ​ដោយ​ព្រះ​គុណ។  គាត់​អង្គុយ​នៅ​មាត់​បង្អួច មើល​ទៅ​ទឹក​នៅ​ជ្រោយ​ហ្គ្រែន ទ្រេវើស នៅ​រដ្ឋ​មីឈីហ្គិន ហើយ​ក៏​បាន​ដក​សៀវភៅ​កត់​ត្រា​ចេញ​មក។ គាត់​ក៏​បាន​សរសេរ​ថា “ខ្ញុំ​កំពុង​អង្គុយ​នៅ​លើ​កៅ​អី​ដែល​ខ្ញុំ​ចូល​ចិត្ត ​ជើង​ដាក់​នៅ​លើ​ទម្រ ហើយ​ចិត្ត​ខ្ញុំ​នៅ​ក្នុង​អាកាស។ ពន្លឺ​ថ្ងៃ​ចែង​ចាំង​ទឹក​រលក ដែល​នៅ​ខាង​ក្រោម ដោយ​កំពុង​បក់​បោក​ឥត​ឈប់ ទៅ​រក​កន្លែង​ដែល​ខ្ញុំ​មិន​ដឹង។ ប៉ុន្តែ ឱ​ព្រះ​វរបិតា​នៅ​ស្ថាន​ដ៏​ខ្ពស់ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ សម្រាប់​ការ​ប្រទាន​អំណោយ​ដែល​ច្រើន​រាប់​មិន​អស់ និង​សម្រាប់​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះ​អង្គ។ ហេតុ​អ្វី​ទូល​បង្គំ​ស្រឡាញ់​ព្រះ​អង្គ ទោះ​ទូល​បង្គំ​មើល​ព្រះ​អង្គ​មិន​ឃើញ​ក៏​ដោយ?”

សាវ័ក​ពេត្រុស​យល់​អំពី​មូល​ហេតុ ដែល​យើង​មាន​ចម្ងល់​ដូច​នេះ។ គាត់​បាន​ឃើញ​ព្រះ​យេស៊ូវ ដោយ​ផ្ទាល់​ភ្នែក តែ​អ្នក​ដែល​បាន​អាន​សំបុត្រ​គាត់ មិន​បាន​ឃើញ​ព្រះ​អង្គ​ទេ។ ហេតុ​នេះ​ហើយ​គាត់​បាន​សរសេរ​ថា “​អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​ទ្រង់​ទេ តែ​បាន​ស្រឡាញ់​ទ្រង់ ហើយ​ទោះ​បើ​នៅ​ជាន់​ឥឡូវ​នេះ អ្នក​រាល់​គ្នា​នៅ​តែ​មិន​ឃើញ​ទ្រង់​ទៀត គង់​តែ​មាន​ចិត្ត​ជឿ​ដែរ ហើយ​ក៏​ត្រេកអរ​សាទរ​ក្នុង​ទ្រង់ ដោយ​សេចក្តី​អំណរ​ដ៏​ប្រសើរ ដែល​រក​ថ្លែង​មិន​បាន”(១ពេត្រុស ១:៨)។ យើង​ស្រឡាញ់​ព្រះ​យេស៊ូវ មិន​មែន​ដោយសារ​យើង​បាន​ទទួល​បង្គាប់​ឲ្យ​ស្រឡាញ់​នោះ​ទេ តែ​ដោយសារ​ជំនួយ​ពី​ព្រះ​វិញ្ញាណ​(ខ.១១) នោះ​យើង​ចាប់​ផ្តើម​យល់ អំពី​ទំហំ​នៃ​ក្តី​ស្រឡាញ់​ដែល​ព្រះ​អង្គ​មាន​ចំពោះ​យើង។

ព្រះ​អង្គ​មិន​គ្រាន់​តែ​មាន​បន្ទូល​ថា ព្រះ​អង្គ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​មនុស្ស​ដូច​យើង​ប៉ុណ្ណោះ​ឡើយ តែ​ថែម​ទាំង​បាន​បង្ហាញ​ភាព​អស្ចារ្យ​នៃ​ព្រះ​វត្ត​មាន និង​ព្រះ​វិញ្ញាណ​ដែល​យើង​មើល​មិន​ឃើញ ដល់​យើង​រាល់​គ្នា ក្នុង​ដំណាក់​កាល​នីមួយ​ៗ​នៃ​ជីវិត​របស់​យើង ដោយ​សម្រេច​តាម​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​គ្រីស្ទ ដែល​យើង​អាច​ពិសោធន៍​ផ្ទាល់​ៗ​ខ្លួន​។​—Mart DeHaan