បន្ទាប់​ពី​ខ្ញុំ និង​ស្វាមី​ខ្ញុំ​បាន​បែក​ចេញ​ពី​ព្រះ​វិហារ ដែល​យើង​ធ្លាប់​ចូល​រួម​ថ្វាយ​បង្គំ​ជា​យូរ​មក​ហើយ បី​ឆ្នាំ​ក្រោយ​មក យើង​ក៏​បាន​វិល​ត្រឡប់​មក​ពួក​ជំនុំ​មួយ​នេះ​វិញ ។ ប៉ុន្តែ តើ​ពួក​គេ​នឹង​ស្វាគមន៍​ពួក​យើង​ឬ​ទេ? តើ​ពួក​គេ​នៅ​មាន​ក្តី​ស្រឡាញ់​ចំពោះ​យើង​ទេ? តើ​ពួក​គេ​បាន​អត់​ឱន​ទោស​ឲ្យ​យើង ដែល​បាន​ចាក​ចេញ​ពី​ពួក​គេ​ឬ​ទេ?  យើង​ក៏​បាន​ទទួល​ចម្លើយ​សម្រាប់​សំណួរ​ទាំង​នេះ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​មួយ។ ខណៈ​ពេល​ដែល​យើង​ដើរ​ចូល​តាម​ទ្វារ​ព្រះ​វិហារ យើង​ក៏​បាន​ឮ​មនុស្ស​ជា​ច្រើន ហៅ​ឈ្មោះ​យើង​ថា “ភែត!(Pat) ឌែន!(Dan) ពួក​យើង​រីក​រាយ​ណាស់ ដែល​បាន​ជួប​អ្នក!” អ្នក​ស្រី​ខេត ឌីខាមីឡូ(Kate DiCamillo)  ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​កុមារ បាន​សរសេរ​ក្នុង​សៀវភៅ​ដ៏​ល្បី​ល្បាញ​របស់​គាត់​ថា “ប្រិយ​មិត្ត​អ្នក​អាន។ ក្នុង​ពិភព​លោក​ដ៏​សោក​សៅ​នេះ គ្មាន​អ្វី​ដែល​ផ្អែម​ជាង​សម្លេង​មនុស្ស​ជា​ទី​ស្រឡាញ់​ហៅ​ឈ្មោះ​អ្នក​នោះ​ទេ”។​

ការ​ធានា​ដូច​នេះ ក៏​មាន​សម្រាប់​ប្រជាជន​អ៊ីស្រាអែល​ផង​ដែរ។ ពួក​យើង​បាន​សម្រេច​ចិត្ត​ទៅ​ថ្វាយ​បង្គំ​នៅ​ព្រះវិហារ​ផ្សេង​មួយ​រយៈ​ គឺ​មិន​បាន​ដាច់​ចេញ​ពី​ព្រះ​ឡើយ ប៉ុន្តែ ពួក​អ៊ីស្រាអែល​បាន​បែរ​ខ្នង​ដាក់​ព្រះ​អង្គ​។ ប៉ុន្តែ ព្រះ​អង្គ​បាន​ស្វាគមន៍​ពួក​គេ ​ឲ្យ​វិល​ត្រឡប់​មក​វិញ។ ព្រះ​អង្គ​បាន​ចាត់​ហោរា​អេសាយ ឲ្យ​នាំ​ព្រះ​រាជសារ​ធានា​ដល់​ពួក​គេ​ថា “កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​បាន​លោះ​ឯង​ហើយ អញ​បាន​ហៅ​ចំ​ឈ្មោះ​ឯង ឯង​ជា​របស់​ផង​អញ”(អេសាយ ៤៣:១) ។

ក្នុង​ពិភព​លោក​នេះ យើង​អាច​មាន​អារម្មណ៍​ថា គេ​មើល​យើង​មិន​ឃើញ មិន​ឲ្យ​តម្លៃ​យើង ឬ​មិន​ស្គាល់​យើង តែ​យើង​អាច​ដឹង​ច្បាស់​ថា ព្រះ​អង្គ​ស្គាល់​ឈ្មោះ​យើង​ម្នាក់​ៗ។ ព្រះ​អង្គ​បាន​សន្យា​ថា ពួក​គេ​មាន​តម្លៃ​វិសេស​នៅ​ចំពោះ​ព្រះ​នេត្រ​ព្រះ​អង្គ ក៏​គួរ​លើក​ដំកើង និង​ជាទី​ស្រឡាញ់​ដល់​ព្រះ​អង្គ​ផង​ដែរ​(ខ.៤)។​ ព្រះ​អង្គ​បាន​មាន​បន្ទូល​ថា “កាល​ណា​ឯង​ដើរ​កាត់​ទឹក​ធំ នោះ​អញ​នឹង​នៅ​ជា​មួយ កាល​ណា​ដើរ​កាត់​ទន្លេ នោះ​ទឹក​នឹង​មិន​លិច​ឯង​ឡើយ”(ខ.២)។ ព្រះ​បន្ទូល​សន្យា​នេះ មិន​មែន​សម្រាប់​តែ​ជន​ជាតិ​អ៊ីស្រាអែល​ប៉ុណ្ណោះ​ទេ។ ព្រះ​យេស៊ូវ​បាន​លះ​បង់​ព្រះ​ជន្ម​ព្រះ​អង្គ ដើម្បី​បង់​ថ្លៃ​លោះ​យើង។ ព្រះ​អង្គ​ស្គាល់​ឈ្មោះ​យើង។ យើង​ជា​កម្ម​សិទ្ធិ​របស់​ព្រះ​អង្គ ដោយ​ក្តី​ស្រឡាញ់។​—Patricia Raybon