រឿង​ដែល​មាន​ចំណង​ជើង​ថា ទឹក​ទន្លេ​ដែល​ហូរ​កាត់  ដែល​លោក​ន័រមិន មែកឃ្លីន(Norman Maclean) បាន​និពន្ធ និយាយ​អំពី​ក្មេង​ប្រុស​ពីរ​នាក់ ដែល​កំពុង​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​ភាគ​ខាង​លិច​នៃ​រដ្ឋ​មុនតាណា ជា​មួយ​ឪពុក​របស់​ពួក​គេ ​ដែល​ជា​គ្រូ​គង្វាល​នៃ​ព្រះ​វិហារ​សភាភិបាល។ នៅ​ពេល​ព្រឹក​ថ្ងៃ​អាទិត្យ លោក​ន័រមិន និង​ប្អូន​ប្រុស​គាត់ ឈ្មោះ ប៉ុល(Paul) បាន​ទៅ ព្រះ វិហារ ហើយ​ពួក​គេ​ក៏​បាន​ស្តាប់​ឪពុក​របស់​ពួក​គេ​អធិប្បាយ​ព្រះ​បន្ទូល។ នៅ​ពេល​ល្ងាច ឪពុក​របស់​ពួក​គេ​ត្រូវ​អធិប្បាយ​ព្រះ​បន្ទូល ក្នុង​កម្មវិធី​ថ្វាយ​បង្គំ​ពេល​ល្ងាច។  ប៉ុន្តែ មុន​ពេល​នោះ​មក​ដល់ ពួក​គេ​អាច​ដើរ​កម្សាន្ត​ជា​មួយ​ឪពុក​របស់​ពួក​គេ ​កាត់​តាម​ភ្នំ និង​ទឹក​ស្ទឹង ខណៈ​ពេល​ដែល​គាត់​កំពុង​សម្រាក​លំហែ នៅ​ចន្លោះ​ពេល នៃ​កម្ម​វិធី​ថ្វាយ​បង្គំ​ទាំង​ពីរ​លើក។ ឪពុក​របស់​ពួក​គេ​មាន​បំណង ចង់​ឲ្យ​វិញ្ញាណ​គាត់​មាន​ពេញ​ដោយ​កម្លាំង​ឡើង​វិញ សម្រាប់​ការ​អធិប្បាយ​ព្រះ​បន្ទូល​នៅ​ពេល​ល្ងាច​នោះ។​

ក្នុង​កណ្ឌគម្ពីរ​ដំណឹង​ល្អ​ទាំង​មូល គេ​បាន​ឃើញ​ព្រះយេស៊ូវ​បង្រៀន​ពួក​បណ្តាជន នៅ​តាម​ជើង​ភ្នំ និង​ទីក្រុង ​និង​ប្រោស​អ្នក​មាន​ជំងឺ ដែល​គេ​បាន​នាំ​មក​ឯ​ព្រះ​អង្គ។​ កិច្ចការ​ដែល​ព្រះ​អង្គ​បាន​ធ្វើ​នេះ គឺ​ស្រប​ទៅ​តាម​បេសកកម្ម​របស់​កូន​មនុស្ស ដែល​យាង​មក ដើម្បី “ស្វែង​រក និង​សង្គ្រោះ​មនុស្ស​បាត់​បង់”(លូកា ១៩:១០)។ ប៉ុន្តែ គេ​ក៏​បាន​កត់​សំគាល់​ឃើញ​ថា ជា​ញឹក​ញាប់ “ព្រះ​អង្គ​យាង​ទៅ​កន្លែង​ស្ងាត់​ម្នាក់​ឯង”(៥:១៦)។ ព្រះ​អង្គ​បាន​ចំណាយ​ពេល​នៅ​ទី​នោះ ដើម្បី​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​វរបិតា ដោយ​ទទួល​កម្លាំង​ជា​ថ្មី ពេញ​លេញ​ឡើង​វិញ មុន​នឹង​បន្ត​បេសកកម្ម​ទៀត។​

ពេល​ដែល​យើង​ខិត​ខំ​បម្រើ ដោយ​ចិត្ត​ស្មោះ​ត្រង់ យើង​ចំា​បាច់​ត្រូវ​ចាំ​ថា ព្រះ​យេស៊ូវ​ច្រើន​តែ​យាង​ទៅ​កន្លែង​ស្ងប់​ស្ងាត់ ជា​ញឹក​ញាប់។ បើ​ការ​អនុវត្តន៍​ដូច​នេះ សំខាន់​ចំពោះ​ព្រះ​យេស៊ូវ តើ​វា​សំខាន់​ចំពោះ​យើង​ជាង​អម្បាលម៉ាន​ទៀត?​ ចូរ​យើង​ចំណាយ​ពេល​ជា​ទៀង​ទាត់ ជា​មួយ​ព្រះ​វរបិតា​នៃ​យើង ដែល​អាច​បំពេញ​កម្លាំង​យើង យ៉ាង​ហូរ​ហៀរ។​—John Blasé