គេ​បាន​ដាក់​រហ័ស​នាម​ឲ្យ​សត្វ​សេះ​ដែល​ត្រូវ​របួស​នោះ​ថា ក្មេង​វាយ​ស្គរ។ វា​ស្ថិត​ក្នុង​ចំណោម​សត្វ​សេះ​ទាំង​១១២​ក្បាល ដែល​ទាហាន​អង់គ្លេស​បាន​ជិះ​សម្រុក​ចូល​សមរភូមិ ក្នុង​អំឡុង​ពេល​នៃ​ការ​វាយ​សម្រុក​នៃ​កង​ពល​តូច​ដ៏​ល្បីល្បាញ។ សត្វ​សេះ​នេះ​បាន​បង្ហាញ​ចេញ​នូវ​ភាព​ក្លាហាន និង​ការ​អត់​ធន់​យ៉ាង​ខ្លាំង បាន​ជា​លោក​អនុសេនីយ៍ ដឺ សាលីស(de Salis) បាន​សម្រេច​ចិត្ត​ថា សេះ​របស់​គាត់​មួយ​ក្បាល​នេះ​សម​នឹង​ទទួល​មេដាយ ដូច​កង​ពល​ដ៏​ក្លាហាន​របស់​គាត់​ផង​ដែរ។ គេ​ក៏​បាន​ឲ្យ​មេដាយ​ដល់​សត្វ​សេះ​នេះ ទោះ​ការ​ប្រយុទ្ធ​របស់​ពួកគេ​បាន​ទទួល​បរាជ័យ​ក៏​ដោយ។ ប៉ុន្តែ សេចក្តី​ក្លាហាន​របស់​កង​ទ័ព​សេះ​នេះ បូក​រួម​នឹង​សេចក្តី​ក្លាហាន​របស់​សេះ​របស់​ពួក​គេ បាន​បង្កើត​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច ដែល​ស្ថិត​ក្នុង​ចំណោម​ព្រឹត្តិការណ៍​សង្រ្គាម​ដ៏​ធំ​បំផុត​របស់​ចក្រ​ភព​អង់​គ្លេស ដែល​សព្វ​ថ្ងៃ​នេះ គេ​នៅ​តែ​បន្ត​អបអរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ប្រឈម​មុខ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ប្រាជ្ញា​ក្នុង​បទ​គម្ពីរ​សុភាសិត ដែល​បាន​ចែង​ថា “គេ​ត្រៀម​សេះ​ទុក​សំរាប់​ថ្ងៃ​សឹក​សង្គ្រាម តែ​ការ​ដែល​មាន​ជ័យជំនះ នោះ​ស្រេច​នៅ​ព្រះយេហូវ៉ា​ទេ។”(សុភាសិត ២១:៣១)។ ព្រះ​គម្ពីរ​ប៊ីប​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា “ដ្បិត​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​យាង​ទៅ​ជា​មួយ​នឹង​ឯង ដើម្បី​ច្បាំង​នឹង​ពួក​ខ្មាំងសត្រូវ​ជំនួស​ឯង ហើយ​នឹង​ជួយ​សង្គ្រោះ​ឯង​ផង”​(ចោទិយកថា ២០:៤)។ ជា​ការ​ពិត​ណាស់​ សូម្បី​តែ​នៅ​ពេល​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់ សាវ័ក​ប៉ុល​បាន​សរសេរ​ថា “រីឯ​ទ្រនិច​នៃ​សេចក្តី​ស្លាប់ គឺ​ជា​អំពើ​បាប ហើយ​អំណាច​របស់​បាប គឺ​ជា​ក្រឹត្យវិន័យ តែ​អរ​ព្រះគុណ​ដល់​ព្រះអង្គ ពី​ព្រោះ​ទ្រង់​ប្រទាន​ឲ្យ​យើង​រាល់​គ្នា​មាន​ជ័យជំនះ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង”(១កូរិនថូស ១៥:៥៦-៥៧)។

ហេតុ​នេះ​ហើយ កិច្ចការ​របស់​យើង គឺ​ត្រូវ​រៀប​ចំ​ខ្លួន​សម្រាប់​ការ​ប្រឡង​ដ៏​លំបាក​នៃ​ជីវិត។ ដើម្បី​បង្កើត​ការងារ​បម្រើ​ព្រះ យើង​សិក្សា ធ្វើ​ការ និង​អធិស្ឋាន។ ដើម្បី​បង្កើត​ស្នាដៃ​សិល្បៈ​ដ៏​ស្រស់​ស្អាត យើង​ត្រូវ​មាន​ជំនាញ​សិល្បៈ​នោះ។ ដើម្បី​ឡើង​ភ្នំ យើង​ត្រូវ​មាន​ឧបករណ៍ និង​កម្លាំង​គ្រប់​គ្រាន់។ បន្ទាប់​មក ពេល​ដែល​យើង​បាន​ត្រៀម​ខ្លួន​ហើយ នោះ​យើង​លើស​ពី​អ្នក​មាន​ជ័យ​ជម្នះ តាម​រយៈ​សេចក្តី​ស្រឡាញ់​ដ៏​រឹង​មាំ​របស់​ព្រះ​គ្រីស្ទ។​—Patricia Raybon