នៅ​ពេល​ល្ងាច កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​និង​ភរិយា​របស់​ខ្ញុំ​កំពុង​តែ​ធ្វើ​ដំណើរ​កាត់​តាម​ភ្នំ ដោយ​មាន​មិត្ត​ភក្តិ​ពីរ​នាក់​រួម​ដំណើរ​ជា​មួយ។ ផ្លូវ​ដើរ​នោះ​មាន​លក្ខណៈ​តូច និង​បត់​ចុះ​ឡើង តាម​ជំរាល ដោយ​មាន​ជ្រោះ​ដ៏​សែន​ចោទ​នៅ​ម្ខាង ហើយ​មាន​ជញ្ជាំង​ភ្នំ​នៅ​ម្ខាង​ទៀត។

ខណៈ​ពេល​ដែល​យើង​ឡើង​ដល់​ផ្លូវ​បត់ ខ្ញុំ​ក៏​ឃើញ​សត្វ​ខ្លា​ឃ្មុំ​ធំ​មួយ​ក្បាល​កំពុង​ដើរ​ត្រេត​ត្រត គ្រវី​ក្បាល​ចុះ​ឡើង ហើយ​ដក​ដង្ហើម​ហឹស​ៗ យ៉ាង​ស្ងាត់​ស្ងៀម។ ដោយសារ​យើង​នៅ​ក្រោម​ខ្យល់ នោះ​វា​មិន​បាន​ធំ​ក្លិន​យើង ដែល​នៅ​ក្បែរ​នោះ​ទេ ប៉ុន្តែ មិន​យូរ​ទេ វា​នឹង​ឃើញ​យើង​ហើយ។​

មិត្ត​ភក្តិ​របស់​យើង​ម្នាក់​ចាប់​ផ្តើម​ទំលាក់​កាបូប​ស្ពាយ​ចុះ ដើម្បី​បើក​យក​កាំមីរ៉ា​ថត​រូប។ នាង​និយាយ​ថា “អូហ៍ ខ្ញុំ​ត្រូវ​តែ​ថត​រូប​វា!” តែ​ខ្ញុំ​មាន​អារម្មណ៍​កាន់​តែ​មិន​ស្រួល ចំពោះ​ស្ថាន​ការណ៍​របស់​យើង ខ្ញុំ​ក៏​និយាយ​ថា “ទេ យើង​ត្រូវ​តែ​ចេញ​ពី​កន្លែង​នេះ”។ ដូច​នេះ​យើង​ក៏​បាន​ដើរ​បញ្ចៀស​ឲ្យ​ឆ្ងាយ​ពី​វា ទាល់​តែ​យើង​បាន​ទៅ​ផុត​ ហើយ​ក៏​បាន​នាំ​គ្នា​រត់​តែ​ម្តង។​

រឿង​នេះ​បាន​រំឭក​ខ្ញុំ​ថា យើង​ក៏​គួរ​តែ​មាន​អារម្មណ៍​ដូច​នេះ​ផង​ដែរ ចំពោះ​ចិត្ត​ដែល​ចង់​ក្លាយ​ជា​អ្នក​មាន។ លុយ​មិន​មែន​មាន​អ្វី​អាក្រក់​នោះ​ទេ ព្រោះ​វា​គ្រាន់​តែ​ជា​មធ្យោបាយ​សម្រាប់​ការ​ដោះ​ដូរ​ប៉ុណ្ណោះ។ ​ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ស្តុកស្តម្ភ “នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្តី​ល្បួង និង​អន្ទាក់ ហើយ​ក្នុង​បំណង​ជា​ច្រើន ដែល​ផ្តេសផ្តាស ហើយ​ធ្វើ​ទុក្ខ​ដល់​ខ្លួន ក៏​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្តី​ហិនវិនាស និង​សេចក្តី​អន្តរធាន​វិញ”(១ធីម៉ូថេ ៦:៩)។ ​ការ​ស្រឡាញ់​ទ្រព្យ​សម្បត្តិ​ជា​កត្តា​ជំរុញ​ចិត្ត​មនុស្ស ឲ្យ​លោភ​លន់។

ផ្ទុយ​ទៅ​វិញ យើង​គួរ​តែ “​ដេញ​តាម​សេចក្តី​សុចរិត សេចក្តី​គោរព​ប្រតិបត្តិ​ដល់​ព្រះ សេចក្តី​ជំនឿ សេចក្តី​ស្រឡាញ់ សេចក្តី​ខ្ជាប់ខ្ជួន និង​សេចក្តី​សំឡូត​វិញ”(ខ.១១)។ ចារិក​លក្ខណៈ​នេះ​លូត​លាស់ ក្នុង​ជីវិត​យើង ពេល​ណា​យើង​ដេញ​តាម​ពួក​វា ហើយ​សូម​ឲ្យ​ព្រះ​ទ្រង់​ជួយ​ឲ្យ​ពួក​វា​ចម្រើន​ឡើង ក្នុង​ជីវិត​យើង។ ការ​នេះ​នឹង​នាំ​ឲ្យ​យើង​មាន​ភាព​ស្កប់​ចិត្ត​ពិត​ប្រាកដ និង​ស្ថិត​ស្ថេរ ដែល​យើង​ស្វែង​រក​ក្នុង​ព្រះ។​—David H. Roper