មាន​ក្មេង​តូច​ៗ​ពីរ​នាក់​បាន​ច្រៀង​បទ “រីក​រាយ​ថ្ងៃ​កំណើត” ឲ្យ​បាន​ពីរ​ចប់ ដោយ​ចិត្ត​រីក​រាយ ពេល​ដែល​ពួក​គេ​កំពុង​លាង​ដៃ នៅ​កន្លែង​លាង​ដៃ។  ម្តាយ​របស់​ពួក​គេ​បាន​ប្រាប់​ពួក​គេ​ថា ពួក​គេ​ត្រូវ​ចំណាយ​ពេល​ឲ្យ​បាន​យូរ​ដូច​នេះ ដើម្បី​លាង​ដៃ​ឲ្យ​អស់​មេរោគ។ ដូច​នេះ សូម្បី​តែ​មុន​ពេល​ជំងឺ​កូវីត​១៩​រាត​ត្បាត​ពេញ​ពិភព​លោក ពួក​គេ​ក៏​បាន​រៀន​ចំណាយ​ពេល​លាង​ដៃ​ឲ្យ​ស្អាត​ស្រាប់​ហើយ។​

ការ​លាង​​អ្វី​មួយ​ឲ្យ​ស្អាត​ជា​និច្ច អាច​នាំ​ឲ្យ​មាន​ការ​ធុញ​ទ្រាន់ គឺ​ដូច​ដែល​យើង​បាន​រៀន​រក្សា​អនាម័យ ក្នុង​ពេល​ជំងឺ​រាត​ត្បាត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដើម្បី​លាង​ជម្រះ​អំពើ​បាប យើង​ត្រូវ​ងាក​មក​ផ្តោត​ទៅ​លើ​ព្រះ។​

លោក​យ៉ាកុប​បាន​ជំរុញ​អ្នក​ជឿ​ព្រះ​យេស៊ូវ ដែល​បាន​ខ្ចាត់​ខ្ចាយ​ពេញ​ចក្រ​ភព​រ៉ូម៉ាំង ឲ្យ​ងាក​មក​ផ្តោត​ទៅ​លើ​ព្រះ។ ការ​ដែល​ពួក​គេ​ឈ្លោះ​ប្រកែក​គ្នា ចង់​បាន​មុខ​មាត់ ទ្រព្យ​សម្បត្តិ និង​ការ​សប្បាយ​ក្នុង​លោកិយ មាស​ប្រាក់ និង​ការ​ទទួល​ស្គាល់ បាន​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​សត្រូវ​របស់​ព្រះ។ ព្រះ​អង្គ​បាន​ដាស់​តឿន​ពួក​គេ​ថា “ត្រូវ​ចុះ​ចូល​ចំពោះ​ព្រះ ហើយ​តស៊ូ​នឹង​អារក្ស​វិញ​ចុះ នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា​ទៅ ត្រូវ​ចូល​ទៅ​ជិត​ព្រះ នោះ​ទ្រង់​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ ឱ​ពួក​មាន​បាប​អើយ ចូរ​លាង​ដៃ​ឲ្យ​ស្អាត​ចុះ ឱ​ពួក​អ្នក​មាន​ចិត្ត​២​អើយ ចូរ​សំអាត​ចិត្ត​ឡើង”(យ៉ាកុប ៤:៧-៨)។ ប៉ុន្តែ តើ​ពួក​គេ​លាង​ដៃ​ឲ្យ​ស្អាត ដោយ​របៀប​ណា?

ដូច​មាន​សេចក្តី​ចែង​ថា “ត្រូវ​ចូល​ទៅ​ជិត​ព្រះ នោះ​ទ្រង់​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ”(ខ.៨)។  នេះ​ជា​ព្រះ​បន្ទូល​ដែល​បាន​ពិពណ៌នា អំពី​ភាព​ចាំ​បាច់​នៃ​ការ​ងាក​បែរ​មក​រក​ព្រះ ដើម្បី​សម្អាត​ភាព​កខ្វក់​នៃ​អំពើ​បាប ចេញ​ពី​ជីវិត​យើង។ បន្ទាប់​មក កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​ប្រាប់​អំពី​របៀប​លាង​សម្អាត យ៉ាង​ដូច​នេះ​ថា​ “ចូរ​ឲ្យ​មាន​សេចក្តី​ទុក្ខ ហើយ​យំ​សោក ទាំង​ស្រក់​ទឹក​ភ្នែក​ចុះ សូម​ឲ្យ​សំណើច​របស់​អ្នក​រាល់​គ្នា​ត្រឡប់​ជា​ដំងូរ ហើយ​ឲ្យ​សេចក្តី​អំណរ​ទៅ​ជា​សេចក្តី​ព្រួយ​វិញ។ ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ដំកើង​អ្នក​រាល់​គ្នា​ឡើង”(ខ.៩-១០)។

ការ​លាង​សម្អាត​អំពើ​បាប គឺ​ជា​ឥរិយាបថ​នៃ​ការ​បន្ទាប​ខ្លួន។ ប៉ុន្តែ ហាលេលូយ៉ា ព្រះ​ទ្រង់​ស្មោះ​ត្រង់ នៅ​ក្នុង​ការ​កែ​ប្រែ “ការ​លាង​សម្អាត”របស់​យើង ឲ្យ​ក្លាយ​ជា​ការ​ថ្វាយ​បង្គំ។​—Patricia Raybon