នៅ​ដើម​ដំបូង​នៃ​សង្រ្គាម​ទាមទារ​ឯករាជ្យ​របស់​អាមេរិក មាន​ការ​ចល័ត​ទ័ព​ទៅ​ប្រយុទ្ធ​ជា​មួយ​កង​ទ័ព​អង់គ្លេស នៅ​ទីក្រុង​កេបេក។ ពេល​ដែល​កង​ទ័ព​ទាំង​នោះ​ធ្វើ​ដំណើរ​កាត់​តាម​ទីក្រុង​ញូប៊ែរីភត រដ្ឋ​ម៉ាសាឈូសេត តាម​ផ្លូវ​ឆ្ពោះ​ទៅ​រក​ប្រទេស​កាណាដា ពួក​គេ​ក៏​បាន​ទៅ​មើល​ផ្នូរ​របស់​លោក​ចច វ៉ាយហ្វៀល(George Whitefield) ដែល​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ដ៏​ល្បី​ល្បាញ​។ គេ​ក៏​បាន​គាស់​ផ្នូរ បើក​ក្តារមឈូស​របស់​លោក​វ៉ាយហ្វៀល ហើយ​ក៏​បាន​ដោះ​ខ្សែ​ក្រវ៉ាត់ក​ និង​ដៃ​អាវ​របស់​គាត់​ចេញ​ពី​សាក​សព​គាត់។ រួច​គេ​ក៏​បាន​កាត់​អាវ​គាត់​ជា​បំណែក​តូច​ៗ​ចែក​គ្នា ដោយ​យល់​ច្រឡំ​ថា បំណែក​អាវ​នោះ​អាច​ជួយ​ពួក​គេ​ឲ្យ​មាន​ជ័យ​ជម្នះ​លើ​សត្រូវ។​

បេសកកម្ម​របស់​កង​ទ័ព​នោះ​ក៏​បាន​បរាជ័យ។ ប៉ុន្តែ ទង្វើរ​ដ៏​ល្ងង់​ខ្លៅ​របស់​ទាហាន​ទាំង​នោះ បាន​បង្ហាញ​អំពី​ការ​ដែល​មនុស្ស​មាន​ទំនោរ​ទៅ​រក​ការ​ទុក​ចិត្ត​លើ​អ្វី​មួយ ជា​ជាង​ទុក​ចិត្ត​ព្រះ។ ឧទាហរណ៍ យើង​ទុក​ចិត្ត​លុយ ឬ​កម្លាំង​មនុស្ស ឬ​ក៏​ប្រពៃណី​សាសនា ដើម្បី​ឲ្យ​មាន​ក្តី​សុខ​ក្នុង​ការ​រស់​នៅ។ ព្រះ​ទ្រង់​បាន​ដាស់​តឿន​រាស្រ្ត​ព្រះ​អង្គ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បញ្ហា​នេះ ពេល​ដែល​សាសន៍​អាសស៊ើរ​គំរាម​ថា នឹង​លើក​ទ័ព​មក​ឈ្លាន​ពាន​ពួក​គេ ហើយ​ពួក​គេ​ក៏​បាន​ស្វែង​រក​ជំនួយ​ពី​ស្តេច​ផារ៉ោន ជា​ជាង​ងាក​បែរ​ចេញ​ពី​អំពើ​បាប​របស់​ពួក​គេ និង​ងាក​បែរ​ទៅ​រក​ព្រះ​អង្គ ដោយ​ផ្ទាល់​ៗ​ខ្លួន។ “ដ្បិត​ព្រះអម្ចាស់យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ពួក​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ថា ឯង​រាល់​គ្នា​នឹង​បាន​សង្គ្រោះ​ដោយ​វិល​មក​វិញ ហើយ​ផ្អាក​សំរាក ឯង​រាល់​គ្នា​នឹង​មាន​កំឡាំង​ដោយ​នៅ​តែ​ស្ងៀម ហើយ​មាន​សេចក្តី​ទុក​ចិត្ត តែ​ឯង​រាល់​គ្នា​មិន​ចូល​ចិត្ត​ទេ គឺ​បាន​សប​ឆ្លើយ​ថា ទេ យើង​នឹង​ជិះ​សេះ​រត់​ទៅ ដូច្នេះ ឯង​រាល់​គ្នា​នឹង​ត្រូវ​រត់​ទៅ​មែន ហើយ​ឯង​ថា យើង​នឹង​ជិះ​សត្វ​លឿន​ដែរ ដូច្នេះ គេ​ដែល​ដេញ​តាម​ឯង​នឹង​បាន​លឿន​ដូច​គ្នា”(អេសាយ ៣០:១៥-១៦)។​

ការ​ប្រឹង​ប្រែង​របស់​ពួក​គេ​ក៏​បាន​បរាជ័យ​ផង​ដែរ (គឺ​ដូច​ដែល​ព្រះ​ទ្រង់​បាន​មាន​បន្ទូល​ហើយ) ហើយ​នគរ​យូដា មិន​អាច​ទប់​សាសន៍​អាសស៊ើរ​ជាប់​ឡើយ។​ ប៉ុន្តែ ព្រះ​ទ្រង់​ក៏​បាន​ប្រាស់​រាស្រ្ត​ព្រះ​អង្គ​ថា “ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះយេហូវ៉ា​ទ្រង់​រង់ចាំ​ឱកាស នឹង​ផ្តល់​ព្រះគុណ​ដល់​ឯង​រាល់​គ្នា​ដែរ ហើយ​ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ទ្រង់​នឹង​ចាំ​ឯង​លើក​ដំកើង​ទ្រង់​ឡើង ដើម្បី​ឲ្យ​ទ្រង់​មាន​សេចក្តី​អាណិត​មេត្តា​ដល់​ឯង ពី​ព្រោះ​ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ​ដ៏​ប្រកប​ដោយ​យុត្តិធម៌។ មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​រង់ចាំ​ទ្រង់”(ខ.១៨)។—James Banks