លោក​ឆាល អេច ស្ព័រជិន(Charles H. Spurgeon ឆ្នាំ ១៨៣៤-១៨៩២) ជា​គ្រូ​អធិប្បាយ ដែល​មាន​សញ្ជាតិ​អង់គ្លេស។ គាត់​បាន​រស់​នៅ​ជា​គ្រីស្ទ​បរិស័ទ ដែល​សកម្ម និង​មាន​ចិត្ត​ឆេះ​ឆួល​យ៉ាង​ខ្លាំង។ គាត់​បាន​ក្លាយ​ជា​គ្រូ​គង្វាល ពេល​គាត់​មាន​អាយុ​១៩​ឆ្នាំ ហើយ​មិន​យូរ​ប៉ុន្មាន​គាត់​ក៏​បាន​អធិប្បាយ​ព្រះ​បន្ទូល​ទៅ​កាន់​ហ្វូង​មនុស្ស។​ គាត់​បាន​សរសេរ​ការ​អធិប្បាយ​ព្រះ​បន្ទូល​របស់​គាត់ នៅ​ក្នុង​សៀវភៅ ហើយ​ចង​ក្រង​បាន​៦៣​ភាគ ហើយ​ក៏​បាន​និពន្ធ​សេចក្តី​ពន្យល់​ព្រះ​គម្ពីរ និង​សៀវភៅ​អំពី​ការ​អធិស្ឋាន ព្រម​ទាំង​សៀវភៅ​ផ្សេងៗ​ទៀត។ ហើយ​គាត់​បាន​អាន​ចប់​សៀវភៅ​៦​ក្បាល ក្នុង​មួយ​សប្តាហ៍។ ក្នុង​ការ​អធិប្បាយ​ព្រះ​បន្ទូល​មួយ​នោះ លោក​ស្ព័រជិន​បាន​មាន​ប្រសាសន៍​ថា “ការ​មិន​ធ្វើ​អ្វី​សោះ​ គឺ​ជា​អំពើ​បាប ដែល​ស្ទើរ​តែ​ធំ​ជាង​អំពើ​បាប​ដទៃ​ទៀត ព្រោះ​វា​នាំ​ឲ្យ​យើង​ធ្វើ​អំពើ​បាប​ជា​ច្រើន​ទៀត … ភាព​ខ្ជិល​ច្រអូស​ខាង​វិញ្ញាណ​ដ៏​អាក្រក់! សូម​ព្រះ​អង្គ​ជួយ​សង្រ្គោះ​យើង ឲ្យ​រួច​ផុត​ពី​វា​ផង”។​

លោក​ឆាល ស្ព័រជិន បាន​រស់​នៅ​ដោយ​ភាព​ឧស្សាហ៍​ខាង​វិញ្ញាណ (២ពេត្រុស ១:៥) ដើម្បី​ឲ្យ​បាន​លូត​លាស់ ក្នុង​ព្រះ​គុណ​ព្រះ ហើយ​រស់​នៅ​ថ្វាយ​ព្រះ​អង្គ។ បើ​យើង​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ នោះ​ព្រះ​ទ្រង់​អាច​បណ្តាល​ចិត្ត​យើង និង​ប្រទាន​លទ្ធ​ភាព ឲ្យ​ចម្រើន​ឡើង ឲ្យ​មាន​លក្ខណៈ​កាន់​តែ​ដូច​ព្រះ​យេស៊ូវ “ដោយ​មាន​សេចក្តី​ឧស្សាហ៍​ដែរ ដើម្បី​ឲ្យ​សេចក្តី​ជំនឿ​បាន​ទៀង​ត្រង់ ឲ្យ​សេចក្តី​ទៀង​ត្រង់​បាន​ដំរិះ ឲ្យ​ដំរិះ​បាន​ចេះ​អត់​សង្កត់ ឲ្យ​សេចក្តី​អត់​សង្កត់​បាន​ខ្ជាប់​ខ្ជួន ឲ្យ​សេចក្តី​ខ្ជាប់​ខ្ជួន​បាន​ចេះ​គោរព​ប្រតិបត្តិ​ដល់​ព្រះ”(ខ.៥-៧)។​

យើង​ម្នាក់​ៗ​សុទ្ធ​តែ​មាន​បំណង​ចិត្ត សមត្ថភាព និង​កម្លាំង​ខុស​ៗ​គ្នា គឺ​មិន​សុទ្ធ​តែ​អាច​រស់​នៅ ដោយ​ភាព​ឧស្សាហ៍​ដូច​លោក​ឆាល ស្ព័រជិន​នោះ​ឡើយ។  ប៉ុន្តែ ពេល​ណា​យើង​បាន​យល់ អំពី​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​សម្រាប់​យើង នោះ​យើង​មាន​ចិត្ត ដែល​ត្រូវ​រស់​នៅ​ដោយ​ភាព​ឧស្សាហ៍ និង​ស្មោះ​ត្រង់។ ហើយ​យើង​រក​ឃើញ​កម្លាំង តាម​រយៈ​ធន​ធាន ដែល​ព្រះ​ទ្រង់​ប្រទាន ដើម្បី​ឲ្យ​យើង​រស់​នៅ និង​បម្រើ​ព្រះ​អង្គ។ ព្រះ​ទ្រង់​អាច​ចម្រើន​កម្លាំង​យើង តាម​រយៈ​ព្រះ​វិញ្ញាណ​ព្រះ​អង្គ ឲ្យ​មាន​ភាព​ឧស្សាហ៍​ខាង​វិញ្ញាណ ដើម្បី​ធ្វើ​ទាំង​កិច្ចការ​តូច​ធំ​ខាង​វិញ្ញាណ​។​—Alyson Kieda