មាន​ពេល​មួយ ខ្ញុំ​បាន​ដាក់​ព្រះ​គម្ពីរ​ប៊ីប​របស់​ខ្ញុំ នៅ​លើ​តុ​អាសនា ហើយ​ក៏​បាន​មើល​ទៅ​ទឹក​មុខ​របស់​ហ្វូង​មនុស្ស ដែល​កំពុង​រង់​ចាំ​ស្តាប់ ខ្ញុំ​ចែក​ចាយ។ ខ្ញុំ​បាន​អធិស្ឋាន និង​បាន​រៀប​ចំ​ខ្លួន សម្រាប់​ការ​ចែក​ចាយ​នេះ​រួច​ហើយ។ ហេតុ​អ្វី​ខ្ញុំ​មិន​អាច​និយាយ​បាន?

ឯង​គ្មាន​តម្លៃ។ គ្មាន​នរណា​ចង់​ស្តាប់​ឯង​ទេ ជា​ពិសេស បើ​សិន​ជា​ពួក​គេ​ដឹង អំពី​អតីតកាល​របស់​ឯង។ ហើយ​ព្រះ​មិន​សព្វ​ព្រះ​ទ័យ​នឹង​ប្រើ​ឯង​ទេ។  នេះ​ជា​ពាក្យ​សម្តី​ដែល​ខ្ញុំ​បាន​ឮ​ក្នុង​ចិត្ត និង​គំនិត​ខ្ញុំ​ជា​ញឹក​ញាប់ តែ​ជា​ការ​កុហក ដែល​ខ្ញុំ​ងាយ​នឹង​ជឿ តែ​ខ្ញុំ​បាន​ព្យាយាម​ប្រយុទ្ធ​ប្រឆាំង​នឹង​វា អស់​រយៈ​ពេល​ប្រហែល​១​ទសវត្សរ៍​មក​ហើយ។ ខ្ញុំ​ដឹង​ហើយ​ថា ពាក្យ​សម្តី​នេះ មិន​ពិត​ទេ តែ​ខ្ញុំ​ហាក់​ដូច​ជា​មិន​អាច​គេច​ចេញ​ពី​ភាព​មិន​ច្បាស់​លាស់ និង​ការ​ភ័យ​ខ្លាច​របស់​ខ្ញុំ។ ដូច​នេះ ខ្ញុំ​ក៏​បាន​បើក​ព្រះ​គម្ពីរ​របស់​ខ្ញុំ។​

ខ្ញុំ​ក៏​បាន​បើក​មើល​បទ​គម្ពីរ​សុភាសិត ៣០:៥។ ខ្ញុំ​ដក​ដង្ហើម​ចេញ​ចូល​យឺត​ៗ មុន​ពេល​អាន​ឮ​ៗ​ថា “គ្រប់​ទាំង​ព្រះបន្ទូល​នៃ​ព្រះ សុទ្ធ​តែ​បរិសុទ្ធ ទ្រង់​ជា​ខែល ដល់​អស់​អ្នក​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់”។ ខ្ញុំ​ក៏​បាន​បិទ​ភ្នែក ខណៈ​ពេល​ដែល​ចិត្ត​ខ្ញុំ​មាន​ពេញ​ដោយ​សន្តិភាព ហើយ​ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​ចែក​ចាយ​ទីបន្ទាល់​របស់​ខ្ញុំ​ដល់​ហ្វូង​មនុស្ស។​

យើង​បាន​ពិសោធន៍​នឹង​អំណាច​របស់​ពាក្យ​សម្តី និង​គំនិត​អវិជ្ជមាន ដែល​អ្នក​ដទៃ​មាន​ចំពោះ​យើង ដែល​ធ្វើ​ឲ្យ​យើង​រក​ធ្វើ​អ្វី​មិន​កើត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​បន្ទូល​ព្រះ​ល្អ​ឥត​ខ្ចោះ ហើយ​មាន​ន័យ​ជ្រាល​ជ្រៅ​ណាស់។ ពេល​ណា យើង​ជួប​ការ​ល្បួង​ដែល​នាំ​ឲ្យ​យើង​ជឿ​ពាក្យ​សម្តី ឬ​គំនិត​អវិជ្ជមាន អំពី​តម្លៃ និង​គោល​បំណង​របស់​យើង ជា​កូន​របស់​ព្រះ នោះ​សេចក្តី​ពិត​ដ៏​ស្ថិត​ស្ថេរ និង​មិន​ប្រែប្រួល​របស់​ព្រះ នឹង​ការពារ​គំនិត និង​ចិត្ត​របស់​យើង។ យើង​អាច​នឹក​ចំា បទ​គម្ពីរ​ទំនុក​ដំកើង ដែល​បាន​ចែង​ថា “ឱ​ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​នឹក​ចាំ​ពី​បញ្ញត្ត​ទ្រង់ ដ៏​មាន​ពី​បុរាណ​មក ជា​ការ​នាំ​ឲ្យ​ទូលបង្គំ​បាន​ក្សាន្ត​ចិត្ត”(ទំនុកដំកើង ១១៩:៥២)។

ចូរ​យើង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កុហក អំពី​ព្រះ ខ្លួន​យើង និង​អ្នក​ដទៃ ដោយ​ជំនួស​ពាក្យ​អវិជ្ជមាន ដោយ​ខគម្ពីរ​វិញ។​—Xochitl Dixon