កាល​អ្នក​បើក​ឡាន​តាក់​ស៊ី​កំពុង​តែ​ជូន​យើង​ទៅ​​អាកាស​យានដ្ឋាន​ហ៊ីតស្រូ នៅ​ទីក្រុង​ឡុងដ៍ គាត់​បាន​យក​រឿង​របស់​គាត់ មក​និយាយ​ប្រាប់​យើង។ គាត់​មក​រស់​នៅ​ក្នុង​ចក្រ​ភព​អង់​គ្លេស តែ​ម្នាក់​ឯង ពេល​គាត់មាន​អាយុ​១៥​ឆ្នាំ ដើម្បី​រត់​គេច​ពី​សង្រ្គាម និង​គ្រោះ​ទុរភិក្ស។ មក​ដល់​ពេល​នេះ គឺ​១៥​ឆ្នាំ​ហើយ។ គាត់​មាន​គ្រួសារ​ផ្ទាល់​ខ្លួន និង​អាច​ផ្គត់​ផ្គង់​ពួក​គេ តាម​មធ្យោបាយ​ដែល​គាត់​មិន​អាច​ធ្វើ​បាន ក្នុង​ស្រុក​កំណើត​គាត់។ ប៉ុន្តែ គាត់​បាន​ពោល​ទំនួញ​ថា គាត់​នៅ​តែ​បែក​ខ្ញែក​ពី​ឪពុក​ម្តាយ និង​បង​ប្អូន​បង្កើត​របស់​គាត់។ គាត់​ប្រាប់​យើង​ថា គាត់​មាន​ការ​ធ្វើ​ដំណើរ​ដ៏​លំបាក​លំបិន ដែល​នឹង​មិន​បញ្ចប់​ ទាល់​តែ​គាត់​មិន​បាន​ជួប​ជុំ​គ្រួសារ​គាត់​វិញ​។​

ការ​បែក​ខ្ញែក​ពី​មនុស្ស​ជា​ទីស្រឡាញ់ ក្នុង​ជីវិត​នេះ គឺ​ពិត​ជា​ពិបាក​ណាស់ ប៉ុន្តែ ការ​បាត់​បង់​មនុស្ស​ជាទី​ស្រឡាញ់ ដែល​បាន​ស្លាប់ គឺ​ពិបាក​លើស​នេះ​ទៀត ហើយ​ក៏​បាន​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា មាន​ការ​បាត់​បង់ ដែល​ហាក់​ដូច​ជា​មិន​ចេះ​ធូរ​ស្បើយ ទាល់​តែ​យើង​បាន​ជួប​ជុំ​ជា​មួយ​ពួក​គេ​ឡើង​វិញ។ ពេល​ដែល​អ្នក​ជឿ​ថ្មី នៅ​ទីក្រុង​ថែស្សាឡូនិច​មាន​ការ​ងឿង​ឆ្ងល់ អំពី​ការ​បាត់​បង់​ដូច​នេះ សាវ័ក​ប៉ុល​បាន​សរសេរ​តប​ទៅ​ពួក​គេ​វិញ​ថា “បង​ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ឥត​ដឹង ពី​ពួក​អ្នក​ដែល​ដេក​លក់​ទៅ​ហើយ​ទេ ក្រែង​អ្នក​រាល់​គ្នា​កើត​ទុក្ខ​ព្រួយ ដូច​ជា​អ្នក​ឯ​ទៀត ដែល​គ្មាន​សង្ឃឹម”​(១ថែស្សាឡូនិច ៤:១៣)។ គាត់​បាន​ពន្យល់​ថា ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ យើង​រស់​នៅ ដោយ​ការ​រំពឹង​ថា នឹង​បាន​ជួប​ជុំ​គ្នា​ឡើង​វិញ ជា​រៀង​រហូត ក្នុង​ព្រះ​វត្ត​មាន​ព្រះ​គ្រីស្ទ​(ខ.១៧)។​

មាន​បញ្ហា​តិច​ណាស់ ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ខ្លាំង ដូច​ការ​បែក​បាក់ ដែល​យើង​ទទួល​រង ប៉ុន្តែ​ ក្នុង​ព្រះ​យេស៊ូវ​យើង​មាន​សង្ឃឹម​ថា នឹង​បាន​ជួប​ជុំ​គ្នា​ឡើង​វិញ។ ហើយ​ក្នុង​ពេល​ដែល​យើង​សោក​សង្រេង និង​ជួប​ការ​បាត់​បង់ យើង​អាច​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត  ក្នុង​ព្រះ​បន្ទូល​សន្យា​ដ៏​ស្ថិត​ស្ថេរ(ខ.១៨)។​—Bill Crowder