កាល​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ១៩៩៩ យន្ត​ហោះ​តូច​មួយ​គ្រឿង ដែល​បើក​បរ​ដោយ​លោក​ចន អេហ្វ ខេនេឌី ជូនា(John F. Kennedy Jr.) បាន​ធ្លាក់ នៅ​ក្នុង​មហា​សមុទ្រ​អាត្លង់ទិច។ អ្នក​ស៊ើប​អង្កេត​ទាំង​ឡាយ បាន​សន្និដ្ឋាន​ថា គ្រោះ​ថ្នាក់​នេះ គឺ​បណ្តាល​មក​ពី​កំហុស​ដ៏​សាមញ្ញ​មួយ ក្នុង​ការ​បើក​បរ ដែល​គេ​ហៅ​ថា ការ​វង្វេង​ស្មារតី​នៅ​លើ​អាកាស។ បាតុ​ភូតិ​នេះ​កើត​ឡើង ពេល​ដែល​អ្នក​បើក​បរ​មិន​អាច​មើល​ឃើញ​ច្បាស់ ហើយ​ក៏​វង្វេង​ស្មារតី និង​ភ្លេច​ពឹង​ផ្អែក​លើ​ឧបករណ៍​របស់​ខ្លួន ដើម្បី​ស្វែង​រក​គោល​ដៅ​ដោយ​សុវត្ថិ​ភាព។​

ខណៈ​ពេល​ដែល​យើង​ធ្វើ​ដំណើរ​ក្នុង​ជីវិត​នេះ ជា​ញឹក​ញាប់ ពេល​ណា​យើង​មាន​អារម្មណ៍​ថា ការ​រស់​នៅ​ហាក់​ដូច​ជា​ពិបាក​ពេក យើង​ក៏​បាន​វង្វេង​ស្មារតី។ រឿង​ដ៏​សោក​សៅ ដែល​មិន​នឹក​ស្មាន​ដល់ មាន​ដូច​ជា ការ​កើត​ជម្ងឺ​មហារីក​ការ​ស្លាប់​របស់​មនុស្ស​ជាទី​ស្រឡាញ់​ ការ​បាត់​បង់​ការ​ងារ ការ​ក្បត់​របស់​មិត្ត​ភក្តិ​ជា​ដើម គឺ​សុទ្ធ​តែ​ងាយ​នឹង​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​វង្វេង និង​ភ័ន្ត​ភាំង។

ពេល​ណា​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​នេះ យើង​អាច​អធិស្ឋាន​តាម​បទ​គម្ពីរ​ទំនុក​ដំកើង​ ជំពូក ៤៣។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ កំពុង​តែ​មាន​អារម្មណ៍​ថា ពិបាក​ពេក ដោយ​ជួប​ការ​បាត់​បង់ ហើយ​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ ការ​អាក្រក់ និង​អំពើ​អយុត្តិធម៌​។ ស្ថិត​ក្នុង​ពេល​ដ៏​អស់​សង្ឃឹម​នោះ គាត់​ក៏​បាន​ទូល​អង្វរ​ដល់​ព្រះ សូម​ការ​ដឹក​នាំ​របស់​ព្រះ​អង្គ ដើម្បី​ជួយ​ឲ្យ​គាត់​អាច​ឆ្លង​កាត់​ស្ថានភាព​ដ៏​ពិបាក​នោះ ទៅ​ដល់​គោលដៅ​របស់​គាត់ ដែល​ជា​ព្រះ​វត្ត​មាន​ព្រះ​អង្គ​(ខ.៣-៤)។ គាត់​ដឹង​ថា គាត់​នឹង​រក​ឃើញ​ក្តី​សង្ឃឹម និង​ក្តី​អំណរ​ជា​ថ្មី ក្នុង​ព្រះ​វត្ត​មាន​ព្រះ។​

តើ​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​ទូល​សូម​​ការ​នាំ​ផ្លូវ​ពី​ព្រះ យ៉ាង​ណា​ខ្លះ? គឺ​ពន្លឺ​នៃ​សេចក្តី​ពិត និង​ការ​ធានា​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​គង់​នៅ​ក្បែរ​គាត់​ជា​និច្ច។​

ពេល​ដែល​អ្នក​មាន​អារម្មណ៍​វង្វេង​ស្មារតី ការ​ដឹក​នាំ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ តាម​រយៈ​ព្រះ​វិញ្ញាណ​ព្រះ​អង្គ និង​ព្រះ​វត្ត​មាន​នៃ​ក្តី​ស្រឡាញ់ អាច​កម្សាន្ត​ចិត្ត​អ្នក និង​បំភ្លឺ​ផ្លូវ​អ្នក។​—Lisa M. Samra