ក្នុង​ពេល​ដែល​មាន​ព្យុះ​រន្ទះ ខ្ញុំ និង​កូន​ស្រី​ខ្ញុំ អាយុ​៦​ឆ្នាំ កំពុង​តែ​អង្គុយ​នៅ​លើ​កម្រាល​ឥដ្ឋ មើល​តាម​បង្អួច​កញ្ចក់ ឃើញ​ផ្លេក​បន្ទោរ​កំពុង​បញ្ចេញ​ពន្លឺ​ភ្លឺ​ចិញ្ចាច។ នាង​ក៏​បាន​លាន់​មាត់​ម្តង​ហើយ​ម្តង​ទៀត​ថា “ព្រះ​អង្គ​ពិត​ជា​ធំ​អស្ចារ្យ​ណាស់”។ ខ្ញុំ​ក៏​មាន​អារម្មណ៍​ដូច​នេះ​ដែរ។ ពេល​នោះ​យើង​ដឹង​ច្បាស់​ថា យើង​តូច​ទាប​ប៉ុណ្ណា ហើយ​ព្រះ​អង្គ​មាន​អំណាច​ចេស្តា​ប៉ុណ្ណា។ ខ្ញុំ​ក៏​បាន​នឹក​ចាំ​បទ​គម្ពីរ​យ៉ូប​ដែល​បាន​ចោទ​សួរ​ថា “តើ​ពន្លឺ​បាន​ចែក​ទៅ ឬ​ខ្យល់​ពី​ខាង​កើត​បាន​ផ្សាយ​ទៅ​លើ​ផែនដី​តាម​ផ្លូវ​ណា?”(យ៉ូហាន ៣៨:២៤)។

ត្រង់​ចំណុច​នេះ លោក​យ៉ូប​ចាំ​បាច់​ត្រូវ​រំឭក អំពី​អំណាច​ចេស្តា​ព្រះ​(ខ.៣៤-៤១)។ ជីវិត​របស់​គាត់​ជួប​ការ​បាត់​បង់​ដ៏​ធ្ងន់​ធ្ងរ។ កូន​ៗ​របស់​គាត់​បាន​ស្លាប់​អស់។ គាត់​បាត់​បង់​ទ្រព្យ​សម្បត្តិ​គ្មាន​សល់។ គាត់​មាន​ជម្ងឺ​ជាប់​ខ្លួន ហើយ​ភរិយា​គាត់​បាន​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​បោះ​បង់​ចោល​សេចក្តី​ជំនឿ​ទៀត(២:៩)។ ទីបំផុត លោក​យ៉ូប​ក៏​បាន​ទូល​សួរ​ព្រះ​ថា ហេតុ​អ្វី? (ជំពូក២៤) ហើយ​ព្រះ​អង្គ​ក៏​បាន​ឆ្លើយ​តប ពី​ក្នុង​ខ្យល់​ព្យុះ​មក​(ជំពូក ៣៨)។

ព្រះ​អង្គ​បាន​រំឭក​លោក​យ៉ូប​ថា ព្រះ​អង្គ​កំពុង​តែ​គ្រប់​គ្រង​លើ​អ្វី​ៗ​ទាំង​អស់ នៅ​លើ​ពិភព​លោក​នេះ​(ជំពូក​៣៨)។ ការ​នេះ​ក៏​បាន​កម្សាន្ត​ចិត្ត​គាត់ ហើយ​គាត់​ក៏​បាន​ឆ្លើយ​តប​ថា ” កាល​ពី​ដើម​ត្រចៀក​ទូលបង្គំ​បាន​គ្រាន់​តែ​ឮ​ថ្លែង​ពី​ទ្រង់​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ ភ្នែក​ទូលបង្គំ​បាន​ឃើញ​ទ្រង់​ជាក់​វិញ ”(៤២:៥)។ ដូចនេះ លោក​យ៉ូប​ក៏​បាន​យល់​ច្បាស់​ថា ព្រះ​អង្គ​មិន​ដូច​អ្វី​ដែល​យើង​គិត​ឡើយ។

ពេល​ដែល​ជីវិត​ស្ថិត​ក្នុង​ភាព​អស់​សង្ឃឹម យើង​ត្រូវ​នឹក​ចាំ​ថា ព្រះ​ដែល​បាន​បង្កើត​ពិភព​លោក ទ្រង់​ធំ និង​មាន​ក្តី​ស្រឡាញ់​ល្មម​នឹង​អាច​ថែរក្សា​យើង។ យើង​ថែម​ទាំង​អាច​ចាប់​ផ្តើម​ច្រៀង​បទ​ចម្រៀង​ថ្វាយ​បង្គំ ដែល​រៀប​រាប់​អំពី​ព្រះ​ចេស្តា និង​ភាព​អស្ចារ្យ​របស់​ព្រះអង្គទៀតផង។​—Daniel Ryan Day