មាន​ពេល​មួយ កូន​ស្រី​ពៅ​របស់​ខ្ញុំ​បាន​នាំ​យក​មើម​របស់​ផ្កា​ធូលីព ធ្វើ​ជា​អំណោយ​សម្រាប់​ខ្ញុំ បន្ទាប់​ពី​នាង​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ទីក្រុង​អាំស្តាដាំ​ប្រទេស​ហូឡង់ មក​សហរដ្ឋ​អាមេរិក​វិញ។ ដូច​នេះ ខ្ញុំ​ក៏​បាន​បង្ហាញ​ឲ្យ​នាង​ដឹង​ថា ខ្ញុំ​មាន​ចិត្ត​រីក​រាយ នៅ​ក្នុង​ការ​ទទួល​មើម​ផ្កា​ធូលីព​នោះ ដូច​ដែល​ខ្ញុំ​បាន​ជួប​ជុំ​ជា​មួយ​នាង​ផង​ដែរ។​ ប៉ុន្តែ ផ្កា​ធូលីព​ជា​ផ្កា​ដែល​ខ្ញុំ​ចូល​ចិត្ត​តិច​ជាង​គេ។ ផ្កា​ធូលីព​ឆាប់​រីក ហើយ​ក៏​ឆាប់​ស្រពោន​ផង​ដែរ។ ម្យ៉ាង​ទៀត អាកាស​ធាតុ​នៅ​ខែ​កក្កដា ក្តៅ​ពេក មិន​អាច​ដាំ​ពួក​វា​បាន​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ចុង​ខែ​កញ្ញា ខ្ញុំ​ក៏​បាន​យក​មើម​ដែល​កូន​ស្រី​ខ្ញុំ​ឲ្យ មក​ដាំ ដោយ​គិត​ដល់​នាង ហើយ​ក៏​បាន​ដាំ​ពួក​វា​ដោយ​ក្តី​ស្រឡាញ់។ ពេល​ដែល​ពន្លក​បាន​ដុះ​ចេញ​ពី​ដី​ដែល​មាន​ថ្ម​ច្រើន ខ្ញុំ​ក៏​មាន​ការ​បារម្ភ​កាន់​តែ​ខ្លាំង​ចំពោះ​ការ​លូត​លាស់​របស់​មើម​ទាំង​នោះ។ ខ្ញុំ​ក៏​បាន​កាត់​លោះ​ពួក​វា​ជា​លើក​ចុង​ក្រោយ ដោយ​សង្ឃឹម​ថា ព្រះ​អង្គ​នឹង​ប្រទាន​ពរ​ឲ្យ​ពួក​វា​រីក​ឡើង នៅ​រដូវ​ផ្ការីក។

កិច្ចការ​ដ៏​តូច​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា អំពី​ការ​ត្រាស់​ហៅ​របស់​ព្រះ​ឲ្យ​យើង​ស្រឡាញ់​គ្នា ទៅ​វិញ​ទៅ​មក ទោះ​យើង​មិន​សូវ​ចូល​ចិត្ត​គ្នា​ក៏​ដោយ។ ព្រះ​អង្គ​ប្រទាន​លទ្ធ​ភាព​ឲ្យ​យើង​អាច​ស្រឡាញ់​អ្នក​ដទៃ ដោយ​មើល​រំលង​ចំណុច​ខ្វះ​ខាត​របស់​គេ សូម្បី​តែ​ក្នុង​រដូវ​កាល​ដែល​ពិបាក​បំផុត។​ យូរ​ៗ​ទៅ សេចក្តី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ក៏​បាន​រីក​ដូច​ផ្កា។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្តី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក”(ខ.៣៥)។  ព្រះ​អង្គ​លួស​មែក ហើយ​ក៏​ប្រទាន​ពរ​ឲ្យ​យើង​រីក​ឡើង គឺ​ដូច​ដែល​ផ្កា​ធូលីព​របស់​ខ្ញុំ ដែល​បាន​រីក​នៅ​ក្នុង​រដូវ​ផ្ការីក​បន្ទាប់ ចំ​ពេល​ដែល​កូន​ស្រី​ខ្ញុំ មក​លេង​ខ្ញុំ​មួយ​រយៈ​ពេល​ខ្លី នៅ​ចុង​សប្តាហ៍។ ទី​បំផុត ខ្ញុំ​ក៏​បាន​នាំ​នាង​មើល​ផ្កា​ធូលីព​ដែល​កំពុង​តែ​រីក​ស្គុស​ស្គាយ។—Patricia Raybon