ពេល​ដែល​ម៉ាសៀ(Marcia) ចេញ​ទៅ​ទី​សាធារណៈ នាង​តែង​តែ​ព្យាយាម​ញញឹម​ដាក់​អ្នក​ដទៃ។ នេះ​ជា​របៀប​ដែល​នាង​ឈោង​ទៅ​រក​អ្នក​ដទៃ ដែល​ត្រូវ​ការ​មើល​ឃើញ​ទឹក​មុខ​ដែល​រួស​រាយ។ ភាគ​ច្រើន នាង​ក៏​បាន​ទទួល​នូវ​ទឹក​មុខ​ញញឹម​ពិត​ប្រាកដ តប​មក​វិញ។ ប៉ុន្តែ ក្នុង​អំឡុង​ពេល​ដែល​គេ​តម្រូវ​ឲ្យ​ម៉ាសៀ​ពាក់​ម៉ាស់ នាង​ក៏​បាន​ដឹង​ថា គេ​មិន​អាច​មើល​ឃើញ​មាត់​របស់​នាង​ទេ ដូច​នេះ គ្មាន​នរណា​ម្នាក់​អាច​មើល​ឃើញ​ស្នាម​ញញឹម​នៅ​លើ​មាត់​របស់​នាង​ឡើយ។ នាង​គិត​ថា នេះ​ជា​រឿង​ដែល​គួរ​ឲ្យ​សោក​ស្តាយ​ណាស់ តែ​ខ្ញុំ​នឹង​មិន​ឈប់​ញញឹម​ដាក់​គេ​ឡើយ។ គេ​ប្រហែល​ជា​អាច​ឃើញ​ស្នាម​ញញឹម​ក្នុង​កែវ​ភ្នែក​ខ្ញុំ ពេល​ដែល​ខ្ញុំ​ញញឹម។

តាម​វិទ្យាសាស្រ្ត សាច់​ដុំ​នៅ​សងខាងមាត់ និង​សាច់​ដុំ​ដែល​ធ្វើ​ឲ្យ​ចុង​ភ្នែក​ជ្រួញ​ ពេល​យើង​ញញឹម អាច​ធ្វើ​ការ​ទន្ទឹម​គ្នា។​ គេ​បាន​ពិពណ៌នា​ថា នេះ​ជា​ការ​ញញឹម​ដោយ​ប្រើ​ភ្នែក។​

បទ​គម្ពីរ​សុភាសិត​បាន​រំឭក​យើង​ថា “ពន្លឺ​នៃ​ភ្នែក នោះ​នាំ​ឲ្យ​ចិត្ត​រីករាយ” ហើយ “ចិត្ត​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស”(១៥:៣០ ១៧:២២)។ ជា​ញឹក​ញាប់ ស្នាម​ញញឹម​របស់​កូន​ព្រះ កើត​ចេញ​ពី​ក្តី​អំណរ​ចេញ​ពី​ក្នុង​វិញ្ញាណ​របស់​យើង។ ជា​អំណោយ​មក​ពី​ព្រះ ដែល​ហូរ​ចូល​ជីវិត​យើង ខណៈ​ពេល​ដែល​យើង​លើក​ទឹក​ចិត្ត​អ្នក​ដែល​មាន​បន្ទុក​ធ្ងន់ ឬ​ចែក​ចាយ​ដល់​អ្នក ដែល​កំពុង​ស្វែង​រក​ចម្លើយ សម្រាប់​បញ្ហា​ក្នុង​ជីវិត។ សូម្បី​តែ​នៅ​ពេល​ដែល​យើង​កំពុង​ជួប​ទុក្ខ​លំបាក ក្តី​អំណរ​របស់​យើង នៅ​តែ​អាច​បញ្ចេញ​ពន្លឺ។

ពេល​ដែល​ជីវិត​យើង​ហាក់​ដូចជា​មាន​ភាព​ងងឹត ចូរយើង​ជ្រើស​រើស​យក​ក្តី​អំណរ។ ចូរ​ឲ្យ​ស្នាម​ញញឹម​របស់​យើង​បាន​ធ្វើ​ជា​បង្អួច​នៃ​ក្តី​សង្ឃឹម ដែល​ឆ្លុះ​បញ្ចាំង ឲ្យ​គេ​ឃើញ​ក្តី​ស្រឡាញ់ និង​ពន្លឺ​នៃ​ព្រះ​វត្ត​មាន​របស់​ព្រះ ក្នុង​ជីវិត​អ្នក។​—Cindy Hess Kasper