លោក​ឃ្លីហ្វហ្វ៊ត វីលៀម(Clifford Williams) ត្រូវ​គេ​កាត់​ទោស​ប្រហារ​ជីវិត ពី​បទ​មនុស្ស​ឃាត ដែល​គាត់​មិន​បាន​ប្រព្រឹត្ត។​ ខណៈ​ពេល​ដែល​គាត់ កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង រង់ចាំ​ពេល​ទទួល​ទោស​ប្រហារ​ជីវិត គាត់​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ទាមទា​ឲ្យ​គេ​ពិចារណា​ឡើង​វិញ អំពី​ភស្តុតាង​ដែល​គេ​បាន​ប្រើ ក្នុង​ការ​កាត់​ទោស​គាត់​នោះ។ ពាក្យ​បណ្តឹង​នីមួយ​ៗ សុទ្ធ​តែ​ត្រូវ​គេ​បដិសេធ អស់​រយៈ​ពេល​៤២​ឆ្នាំ។​ បន្ទាប់​មក អ្នក​ស្រី សេលី ធីបូដូ(Shelley Thibodeau) ដែល​ជា​មេធាវី ក៏​បាន​ដឹង អំពី​រឿង​ក្តី​របស់​គាត់។ នាង​ក៏​បាន​រក​ឃើញ​ថា គេ​មិន​គ្រាន់​តែ​គ្មាន​ភស្តុតាង ដើម្បី​កាត់​ទោស​លោក​វីលៀម​ប៉ុណ្ណោះ​ទេ តែ​មាន​បុរស​ម្នាក់​ទៀត បាន​សារភាព​ថា ខ្លួន​ជា​អ្នក​ប្រព្រឹត្ត។ ទី​បំផុត លោក​វីលៀម ក៏​បាន​រួច​ពី​ការ​ចោទ​ប្រកាន់ ហើយ​ក៏​ត្រូវ​គេ​ដោះ​លែង។

ហោរា​យេរេមា និង​ហោរា​អ៊ូរីយ៉ា ក៏​ជួប​រឿង​ធំ​ផង​ដែរ។ ពួក​គេ​បាន​ប្រកាស​ប្រាប់​សាសន៍​យូដាថា​ ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​ជំនុំ​ជម្រះ​រាស្រ្ត​ទ្រង់ បើ​ពួក​គេ​មិន​ប្រែ​ចិត្ត​ទេ​នោះ(យេរេមា ២៦:១២-១៣,២០)។ ការ​ប្រកាស​នោះ​បាន​ធ្វើ​ឲ្យ​ពួក​បណ្តាជន និង​ពួក​នាម៉ឺន​នៅ​នគរ​យូដា​មាន​ការ​ខឹង​សម្បារ ហើយ​ក៏​បាន​រិះ​រក​វិធី​សម្លាប់​ហោរា​ទាំង​ពីរ។ ពួក​គេ​ទទួល​ជោគ​ជ័យ​នៅ​ក្នុង​ការ​សម្លាប់​លោក​អ៊ូរីយ៉ា។ គាត់​បាន​រត់​គេច​ទៅ​នគរ​អេស៊ីព្ទ តែ​ត្រូវ​គេ​ចាប់​ខ្លួន​ត្រឡប់​មក​វិញ ដើម្បី​ឲ្យ​ស្តេច​កាត់​ទោស ហើយ​ស្តេច​ក៏​បាន​សម្រេច​ឲ្យ​គេ​ប្រហារ​ជីវិត​គាត់ នឹង​ដាវ(ខ.២៣)។ ហេតុ​អ្វី​ពួក​គេ​មិន​បាន​សម្លាប់​លោក​យេរេមា? ព្រោះ​លោក​អ័ហ៊ីកាម ​“ជួយ​ខាង​យេរេមា ដើម្បី​មិន​ឲ្យ​គេ​ប្រគល់​លោក​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ជន​ឲ្យ​គេ​សំឡាប់​លោក​ឡើយ”(ខ.២៤)។

យើង​ប្រហែល​មិន​ដឹង​ថា មាន​នរណា​ខ្លះ​ដែល​កំពុង​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់​ឡើយ ប៉ុន្តែ យើង​ប្រហែល​ជា​ដឹង​ថា មាន​នរណា​ខ្លះ​ដែល​កំពុង​តែ​ត្រូវ​ការ​ជំនួយ​របស់​យើង។ តើ​នរណា​ខ្លះ​កំពុង​តែ​ត្រូវ​គេ​ជាន់​ឈ្លី​សិទ្ធិ​សេរីភាព? តើ​នរណា​ខ្លះ​មាន​អំណោយ​ទាន ដែល​គេ​មិន​ឲ្យ​តម្លៃ? តើ​នរណា​ខ្លះ កំពុង​ត្រូវ​ការ​ការ​គាំទ្រ​មតិ? ការ​ជួយ​គេ តាម​គំរូ​របស់​លោក​អ័ហ៊ីកាម អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់ តែ​ជា​ទង្វើ​ដ៏​ត្រឹម​ត្រូវ​ណាស់។ តើ​នរណា​ខ្លះ ត្រូវ​ការ​ជំនួយ​របស់​យើង តាម​ដែល​ព្រះ​ទ្រង់​ដឹក​នាំ​យើង?—Mike Wittmer