នៅ​ថ្ងៃ​ទី​៦ ធ្នូ ឆ្នាំ​១៩០៧ មាន​បន្ទុះ​ដ៏​ធំ​បាន​ធ្វើ​ឲ្យ​រង្គោះ​រង្គើ​សហគមន៍​តូច​មួយ ក្នុង​រដ្ឋ​វើជីនា ខាង​លិច នៃ​សហរដ្ឋ​អាមេរិក ដោយ​បណ្តាល​ឲ្យ​មាន​សោកនាដ​កម្ម​ដ៏​អាក្រក់​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ឧស្សាហកម្ម​រ៉ែ​ធ្យូង​ថ្ម។ គ្រោះ​ថ្នាក់​នោះ​បាន​ឆក់​យក​ជីវិត​កម្មករ​អណ្តូង​រ៉ែ​៣៦០​នាក់ ហើយ​គេ​បាន​ប៉ាន់​ប្រមាណ​ឃើញ​ថា សោកនាដកម្ម​ដ៏​រន្ធត់​នេះ​បាន​បន្សល់​ទុក​នូវ​ស្រ្តី​មេម៉ាយ​២៥០​នាក់ និង​បណ្តាល​ឲ្យ​ក្មេង​ៗ​ប្រហែល​១​ពាន់​នាក់​កំព្រា​ឪពុក។ អ្នក​ប្រវត្តិសាស្រ្ត​ជឿ​ថា កម្មវិធី​រំឭក​មរណភាព​របស់​ពួក​គេ បាន​ក្លាយ​ជា​ប្រភព​នៃ​ទិវា​ឪពុក នៅ​សហរដ្ឋ​អាមេរិក។ ការ​នឹក​ចាំ​នេះ​បាន​កើត​ចេញ​ពី​ការ​បាត់​បង់​ដ៏​ធំ ហើយ​ទី​បំផុត​ក្លាយ​ជា​ការ​ប្រារព្ធ​ទិវា​ឪពុក។

សោកនាដកម្ម​ធំ​បំផុត​ក្នុង​ប្រវត្តិ​សាស្រ្ត​បាន​កើត​ឡើង ពេល​ដែល​មនុស្ស​ជាតិ​បាន​ឆ្កាង​ព្រះ ដែល​បាន​បង្កើត​ពួក​គេ។ ប៉ុន្តែ ពេល​ដ៏​ខ្មៅ​ងងឹត​នោះ​ក៏​បាន​បង្កើត​ឲ្យ​មាន​ការ​នឹក​ចាំ និង​ការ​ប្រារព្ធ​ពិធី​ផង​ដែរ។ នៅ​ពេល​យប់ មុន​ពេល​ព្រះយេស៊ូវ​យាង​ទៅ​ឈើ​ឆ្កាង ព្រះ​អង្គ​បាន​ប្រើ​ធាតុ​ផ្សំ​នៃ​ពិធី​បុណ្យ​រំលង របស់​សាសន៍​អ៊ីស្រាអែល ដើម្បី​បង្កើត​ពិធី​រំឭក​អំពី​ការសុគត​របស់​ព្រះ​អង្គ។​ កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​លូកា​បាន​ពិពណ៌នា អំពី​រឿង​នេះ​យ៉ាង​ដូច​នេះ​ថា “​ទ្រង់​ក៏​យក​នំបុ័ង​មក​អរ​ព្រះគុណ ហើយ​កាច់​ប្រទាន​ទៅ​គេ ដោយ​ព្រះបន្ទូល​ថា នេះ​ហើយ​ជា​រូបកាយ​ខ្ញុំ ដែល​បាន​ប្រទាន​មក​សំរាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​បុណ្យ​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ”(លូកា ២២:១៩)។

រហូត​មក​ដល់​ពេល​សព្វ​ថ្ងៃ​ កាល​ណា​យើង​ប្រារព្ធ​ពិធី​លៀង​ព្រះអម្ចាស់ យើង​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ​អង្គ រំឭក​អំពី​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ ដែល​ព្រះ​អង្គ​មាន​សម្រាប់​យើង ដោយ​នឹក​ចាំ អំពី​ការ​លះ​បង់​របស់​ព្រះ​អង្គ ដើម្បី​សង្រ្គោះ​យើង និង​អបអរ​អំណោយ​នៃ​ជីវិត ដែល​ការ​លះបង់​របស់​ព្រះ​អង្គ​បាន​ប្រទាន។ ក្នុង​បទ​ចម្រៀង​ទំនុក​ដំកើង ដែល​លោក​ឆាល វេសលី(Charles Wesley) បាន​និពន្ធ គាត់​បាន​សរសេរ​ថា “ឱ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ! តើ​ហេតុអ្វី​បាន​ជា​ព្រះ​អង្គ​សុគត​ជំនួស​ទូល​បង្គំ?”—Bill Crowder