កាល​រៀន​នៅ​សកល​វិទ្យាល័យ ខ្ញុំ និង​មិត្ត​រួម​ថ្នាក់​របស់​ខ្ញុំ​ធ្លាប់​អវត្តមាន នៅ​ក្នុង​ថ្នាក់​រៀន ដែល​មាន​តែ​មួយ​ដង ក្នុង​មួយ​ឆ្នាំ ខណៈ​ពេល​ដែល​គេ​រាល់​គ្នា តែង​តែ​ព្យាយាម​ចូល​រៀន ក្នុង​ថ្នាក់​របស់​សាស្ត្រាចារ្យ​គ្រីស​(Chris) មុន​ពេល​ប្រឡង​ចុង​ឆ្នាំ ក្នុង​សប្តាហ៍​បន្ទាប់។ គឺ​​នៅ​ពេល​នោះ​ហើយ ដែល​គាត់​ផ្តល់​តម្រុយ សម្រាប់​សំណួរ ដែល​គាត់​នឹង​ដាក់ ក្នុង​ការ​ប្រឡង​នោះ។​

ខ្ញុំ​តែង​តែ​ឆ្ងល់ អំពី​មូល​ហេតុ​ដែល​សាស្ត្រាចារ្យ​គ្រីស ធ្វើ​ដូច​នេះ រហូត​ដល់​ពេល​មួយ ខ្ញុំ​ក៏​បាន​ដឹង​ថា​ គាត់​ពិត​ជា​ចង់​ជួយ​យើង​ ឲ្យ​ទទួល​លទ្ធ​ផល​ល្អ។ គាត់​មាន​ស្តង់​ដា​ខ្ពស់ តែ​គាត់​ជួយ​យើង​ឲ្យ​ឈាន​ទៅ​ដល់​ស្តង់​ដា​នោះ។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នោះ គឺ​ត្រូវ​ចូល​រៀន ហើយ​ស្តាប់​គាត់​បង្រៀន ដើម្បី​ឲ្យ​យើង​អាច​រៀប​ចំ​ខ្លួន​បាន​ត្រឹម​ត្រូវ។​

ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា ព្រះ​ទ្រង់​ក៏​ធ្វើ​ដូច​នេះ​ផង​ដែរ។ ព្រះ​ទ្រង់​មិន​អាច​បន្ថែម​បន្ថយ​ស្តង់ដារ​របស់​ព្រះ​អង្គ​ឡើយ តែ​ដោយ​សារ​ព្រះ​អង្គ​ពិត​ជា​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ នោះ​ព្រះ​អង្គ​ក៏​បាន​ប្រទាន​យើង នូវ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​យើង ឲ្យ​ឈាន​ទៅ​ដល់​ស្តង់ដារ​នោះ។

ក្នុង​បទ​គម្ពីរ​យេរេមា ៣:១១-១៤ ព្រះ​ទ្រង់​បាន​ជំរុញ​រាស្រ្ត​អ៊ីស្រាអែល ដែល​មិន​ស្មោះ​ត្រង់ ឲ្យ​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន ហើយ​វិល​ត្រឡប់​មក​រក​ព្រះ​អង្គ​វិញ។ ប៉ុន្តែ ដោយសារ​ព្រះ​អង្គ​ជ្រាប​ថា ពួក​គេ​មាន​ការ​រឹង​ចចេស និង​ទន់​ខ្សោយ​ប៉ុណ្ណា នោះ​ព្រះ​អង្គ​ក៏​បាន​ជួយ​ពួក​គេ។ ព្រះ​អង្គ​បាន​សន្យា​ថា នឹង​មើល​អស់​ទាំង​ផ្លូវ​វៀចវេរ​របស់​​ពួកគេ ឲ្យ​បាន​ជា​(ខ.២២) ហើយ​ព្រះ​អង្គ​ក៏​បាន​ចាត់​ពួក​អ្នក​គង្វាល ឲ្យ​បង្រៀន និង​ដឹក​នាំ​ពួក​គេ​(ខ.១៥)។

យើង​មាន​ការ​កម្សាន្ត​ចិត្ត​ណាស់ ដែល​បាន​ដឹង​ថា ទោះ​យើង​ជាប់​ក្នុង​អំពើ​បាប​ធំ​យ៉ាង​ណា​ក៏​ដោយ ឬ​ទោះ​យើង​បាន​ងាក​បែរ​ចេញ​ឆ្ងាយ​ពី​ព្រះ​យ៉ាង​ណា​ក៏​ដោយ ព្រះ​អង្គ​តែង​តែ​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ប្រោស​យើង​ឲ្យ​ជា ពី​ភាព​គ្មាន​ជំនឿ! អ្វី​ដែល​យើង​ត្រូវ​ធ្វើ នោះ​គឺ​ត្រូវ​ទទួល​ស្គាល់​ថា យើង​បាន​ដើរ​ខុស​ផ្លូវ ហើយ​ត្រូវ​អនុញ្ញាត​ឲ្យ​ព្រះ​វិញ្ញាណ​ព្រះ​អង្គ ចាប់​ផ្តើម​កែ​ប្រែ​ចិត្ត​យើង​។—Leslie Koh