ក្នុង​ខ្សែ​ភាព​យន្ត​ដ៏​ល្បី​ល្បាញ​មួយ មាន​តួ​អង្គ​ម្នាក់​ដែល​ជា​ភ្នាក់​ងារ​កីឡាករ បាន​ផ្តោត​ចិត្ត​ខ្លាំង​ទៅ​លើ​ជោគជ័យ ក្នុង​អាជីព បាន​ជា​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​របស់​គាត់​ចាប់​ផ្តើម​បាក់​បែក។ ដោយសារ​គាត់​ចង់​ឲ្យ​ភរិយា​គាត់ ឈ្មោះ​ដូរីស៊ី(Dorothy)  វិល​ត្រឡប់​មក​វិញ នោះ​គាត់​ក៏​បាន​មើល​ចំ​ភ្នែក​នាង ហើយ​និយាយ​ថា នាង​បាន​ធ្វើ​ឲ្យ​គាត់​មាន​ភាព​ពេញ​លេញ។ នេះ​ជា​ពាក្យ​សម្តី ដែល​នាំ​ឲ្យ​ចិត្ត​មាន​ភាព​កក់​ក្តៅ ដូច​រឿង​ព្រេង ក្នុង​ទស្សនវិជ្ជា​របស់​សាសន៍​ក្រិក។ តាម​រឿង​ព្រេង​នោះ យើង​ម្នាក់​ៗ មិន​មែន​ជា​មនុស្ស​មាន​ភាព​ពេញ​លេញ គឺ​មាន​តែ “ពាក់​កណ្តាល” ដែល​ត្រូវ​ស្វែង​រក​ពាក់​កណ្តាល​ទៀត ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​យើង​ពេញ​លេញ។​

សព្វ​ថ្ងៃ​នេះ ការ​មាន​ជំនឿ​ថា ដៃ​គូ​ដ៏​រ៉ូមិនទិច​ម្នាក់​ធ្វើ​ឲ្យ​យើង​មាន “ភាព​ពេញ​លេញ”  បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​ដ៏​ពេញ​និយម។​ ប៉ុន្តែ តើ​ពិត​ទេ? ខ្ញុំ​បាន​ជជែក​ជា​មួយ​ស្វាមី​ភរិយា​ជា​ច្រើន ដែល​នៅ​តែ​មាន​អារម្មណ៍​ថា មិន​មាន​ភាព​ពេញ​លេញ ដោយសារ​ពួក​គេ​មិន​អាច​មាន​កូន និង​អ្នក​ដទៃ​ទៀត​ដែល​មាន​កូន តែ​នៅ​មាន​អារម្មណ៍​ថា ខ្វះ​អ្វី​មួយ។ សរុប​មក គ្មាន​មនុស្ស​ណា ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​ភាព​ពេញ​លេញ​ឡើយ។

សាវ័ក​ប៉ុល​បាន​ផ្តល់​ឲ្យ​នូវ​ដំណោះ​ស្រាយ​មួយ​ទៀត។ គឺ​ដូច​ដែល​គាត់​បាន​បង្រៀន​ថា “ដ្បិត​មាន​គ្រប់​ទាំង​សេចក្តី​ពោរពេញ​របស់​ព្រះ សណ្ឋិត​នៅ​ក្នុង​ទ្រង់​ទាំង​មាន​រូប​អង្គ​ផង ហើយ​អ្នក​រាល់​គ្នា​ក៏​ពេញលេញ​ក្នុង​ទ្រង់ ដែល​ទ្រង់​ជា​សិរសា​លើ​អស់​ទាំង​ពួក​គ្រប់​គ្រង និង​អំណាច​ទាំង​ប៉ុន្មាន(កូល៉ុស ២:៩-១០)។ ព្រះយេស៊ូវ​មិន​គ្រាន់​តែ​បាន​អត់​ទោស​បាប​ឲ្យ​យើង ហើយ​រំដោះ​យើង​ឲ្យ​រួច​ពី​បាប​ប៉ុណ្ណោះ​ទេ ព្រះ​អង្គ​ក៏​បាន​ធ្វើ​ឲ្យ​យើង​មាន​ភាព​ពេញ​លេញ ​ដោយ​ចូល​គង់​ក្នុង​ជីវិត​យើង​(ខ.១៣-១៥)។

ទំនាក់​ទំនង​ប្តី​ប្រពន្ធ​គឺ​ជា​ការ​គាប់​ប្រសើរ ប៉ុន្តែ វា​មិន​អាច​ធ្វើ​ឲ្យ​យើង​មាន​ភាព​ពេញ​លេញ​ឡើយ។ មាន​តែ​ព្រះ​យេស៊ូវ​ទេ ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​ភាព​ពេញ​លេញ​បាន។ ចូរ​យើង​កុំ​រំពឹង​ថា មនុស្ស​ណា​ម្នាក់ អាជីព ឬ​អ្វី​ផ្សេង​ទៀត នឹង​ធ្វើ​ឲ្យ​យើង​មាន​ភាព​ពេញ​លេញ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ចូរ​យើង​ទទួល​យក​ការ​អញ្ជើញ​របស់​ព្រះ ឲ្យ​បំពេញ​ជីវិត​យើង ដោយ​ភាព​ពោរ​ពេញ​របស់​ព្រះ​អង្គ​កាន់​តែ​ច្រើន​ឡើង​។—Sheridan Voysey