ភរិយា​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​ខ្ញុំ​បាន​ទិញ​សំបុត្រ ចូល​សាល​មហោស្រព ដើម្បី​ស្តាប់​អ្នក​ចម្រៀង​ម្នាក់ ដែល​នាង​តែង​តែ​ចង់​ឃើញ​ផ្ទាល់​ភ្នែក​ ជា​យូរ​មក​ហើយ។​ អ្នក​ចម្រៀង​ដែល​មាន​អំណោយ​ទាន​រូប​នោះ បាន​ប្រគំ​ជា​មួយ​វង់​តន្រ្តី​ខូឡូរ៉ាដូ ស៊ីមហ្វូនី  ក្នុង​សាល​មហោស្រព​បើក​ចំហ ដែល​ល្អ​គ្មាន​គូ​ប្រៀប ដែល​ជញ្ជាំង​ខាង​ក្រោយ​សង់​ឡើង​ពី​ផ្ទាំង​ថ្ម​កម្ពស់​៩០​ម៉ែត្រ​ពីរ​ផ្ទាំង ដែល​មាន​ស្រាប់​នៅ​លើ​ចង្កេះ​ភ្នំ ​ស្ថិត​នៅ​រយៈ​កម្ពស់ ១៨២៨ ម៉ែត្រ នៅ​លើ​នីវ៉ូ​សមុទ្រ។

វង់​តន្រ្តី​នេះ​បាន​ប្រគំ​នូវ​បទ​ភ្លេច​ចាស់​ៗ និង​បទ​ភ្លេង​ប្រពៃណី ដែល​គេ​ស្រឡាញ់​ចូល​ចិត្ត​យ៉ាង​ខ្លាំង។  នៅ​ចុង​បញ្ចប់​ពួកគេ​ក៏​បាន​ប្រគំ​បទ “ព្រះ​គុណ​អស្ចារ្យ” ជា​បទ​ចាស់​បុរាណ ដែល​នាំ​មក​នូវ​ភាព​ស្រស់​ថ្លា។ ការ​រៀប​ចំ​ដ៏​ស្រស់​ស្អាត និង​សុខដុម​នេះ ពិត​ជា​គួរ​ឲ្យ​ចង់​ទស្សនា​ណាស់។​

ភាព​សុខដុម​មាន​ចំណុច​ដ៏​ស្រស់​ស្អាត ដែល​ក្នុង​នោះ ឧបករណ៍​តន្រ្តី​នីមួយ​ៗ​បាន​ប្រគំ​គ្នា តាម​របៀប​ដែល​បង្កើត​ឲ្យ​មាន​ទិដ្ឋភាព​នៃ​សូរ​សម្លេង​កាន់​តែ​ធំ និង​កាន់​តែ​ច្រើន​ស្រទាប់។ សាវ័ក​ប៉ុល​បាន​ចង្អុល​បង្ហាញ​នូវ​សម្រស់​នៃ​ភាព​សុខដុម ដោយ​ប្រាប់​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព ឲ្យ “មាន​គំនិត មាន​សេចក្តី​ស្រឡាញ់​តែ​១ ទាំង​រួបរួម​ចិត្ត​គ្នា ហើយ​គិត​តែ​ផ្លូវ​១”​(ភីលីព ២:២)។ គាត់​មិន​បាន​ប្រាប់​ពួក​គេ​ឲ្យ​ក្លាយ​ជា​មនុស្ស​ដូច​គ្នា​នោះ​ទេ តែ​ឲ្យ​ឱប​ក្រសោប​យក​អាកប្ប​កិរិយា​ដែល​បន្ទាប​ខ្លួន និង​ក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ ដែល​មាន​ការ​លះ​បង់​អាត្មា​ខ្លួន​ឯង។ ដំណឹង​ល្អ​ដែល​សាវ័ក​ប៉ុល​បាន​ស្គាល់ និង​បង្រៀន មិន​បាន​លុបបំបាត់​លក្ខណៈ​ពិសេស​ដែល​យើង​មាន​ខុស​ៗ​គ្នា​នោះ​ទេ តែ​អាច​បំបាត់​ការ​បែក​បាក់។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ អ្នក​ប្រាជ្ញ​ព្រះ​គម្ពីរ​ជា​ច្រើន​ជឿ​ថា​ ពាក្យ​ពេចន៍​របស់​សាវ័ក​ប៉ុល​ត្រង់​ចំណុច​នេះ​(ខ.៦-១១) បាន​នាំ​ឲ្យ​គេ​និពន្ធ​បទ​ទំនុក​សកល​ដ៏​ចំណាស់​មួយ។ ចំណុច​សំខាន់​នៃ​ពាក្យ​ពេចន៍​របស់​គាត់​នោះ​គឺ កាល​ណា​យើង​អនុញ្ញាត​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ធ្វើ​ការ​តាម​រយៈ​ជីវិត​យើង​ដែល​មាន​លក្ខណៈ​ខុស​គ្នា និង​បរិបទ​នៃ​ជីវិត​របស់​យើង ដោយ​ធ្វើ​ឲ្យ​យើង​មាន​លក្ខណៈ​កាន់​តែ​ដូច​ព្រះ​យេស៊ូវ នោះ​​យើង​នឹង​អាច​រួម​គ្នា​បង្កើត​ជា​បទ​ភ្លេង​ដ៏​ពីរោះ ដែល​បង្ហាញ​ចេញ​នូវ​ក្តី​ស្រឡាញ់​ដែល​មាន​ការ​បន្ទាប​ខ្លួន ដូច​ព្រះ​គ្រីស្ទ។​—Glenn Packiam