សម្លេង​ទូរស័ព្ទ​​បាន​រោទ៍​ឡើង ហើយ​ខ្ញុំ​ក៏​បាន​លើក​ទូរស័ព្ទ​ឡើង ដោយ​គ្មាន​អល់អែក។ សមាជិក​ដែល​មាន​វ័យ​ចាស់​ជាង​គេ ក្នុង​គ្រួសារ​ពួក​ជំនុំ​របស់​យើង បាន​ទូរស័ព្ទ​មក​ខ្ញុំ។​ គាត់​ជា​ស្រ្តី​ដែល​មាន​ចិត្ត​ក្លៀវក្លា និង​ប្រឹង​ប្រែង​ធ្វើ​ការ គាត់​​មាន​អាយុ​ជាង​១០០​ឆ្នាំ។​ នៅ​ក្នុង​ការ​និពន្ធ​សៀវភៅ​ចុង​ក្រោយ​បំផុត​របស់​គាត់ គាត់​បាន​សុំ​ឲ្យ​ខ្ញុំ​ផ្តល់​​​នូវ​សំណួរ​មួយ​ចំនួន សម្រាប់​ការ​តែង​និពន្ធ​របស់​គាត់ ដើម្បី​ជួយ​ឲ្យ​គាត់​សរសេរ​បញ្ចប់​បន្ទាត់​ចុង​ក្រោយ ក្នុង​សៀវភៅ​របស់​គាត់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏​បាន​សួរ​គាត់ អំពី​ជីវិត ការងារ ក្តី​ស្រឡាញ់ និង​ក្រុម​គ្រួសារ។ មេរៀន​ជា​ច្រើន ដែល​គាត់​ទទួល​បាន​ពី​ជីវិត​ដ៏​វែង​នេះ បាន​នាំ​ឲ្យ​គាត់​ទទួល​បាន​នូវ​ប្រាជ្ញា​ជា​ច្រើន។ គាត់​ប្រាប់​ខ្ញុំ​ថា “កុំ​ធ្វើ​អី​លឿន​ៗ​ពេក”។ ហើយ​មិន​យូរ​ប៉ុន្មាន យើង​ក៏​បាន​អស់​សំណើច ដោយ​នឹក​ឃើញ​ពេល​ដែល​គាត់​ចូល​ចិត្ត​ធ្វើ​អ្វី​លឿន​ៗ។ រឿង​ដ៏​អស្ចារ្យ​របស់​គាត់ សុទ្ធ​តែ​បាន​បង្ហាញ​ចេញ​នូវ​ក្តី​អំណរ​ដ៏​ពិត​ជា​ច្រើន។

ព្រះ​គម្ពីរ​បាន​បង្រៀន​ថា ប្រាជ្ញា​នាំ​មក​នូវ​ក្តី​អំណរ។ “សប្បាយ​ហើយ អស់​អ្នក​ណា​ដែល​រក​បាន​ប្រាជ្ញា ហើយ​អ្នក​ណា​ដែល​ខំ​ប្រឹង ទាល់​តែ​បាន​យោបល់”(សុភាសិត ៣:១៣)។ យើង​ឃើញ​ថា ផ្លូវ​ដែល​ចេញ​ពី​ប្រាជ្ញា ឆ្ពោះ​ទៅ​រក​ក្តី​អំណរ​នោះ ជា​គុណ​ធម៌​ក្នុង​ព្រះ​គម្ពីរ​ប៊ីប យ៉ាង​ពិត​ប្រាកដ។ “ដ្បិត​ប្រាជ្ញា​នឹង​ចូល​មក​ស្ថិត​នៅ​ក្នុង​ចិត្ត​ឯង ហើយ​ការ​ចេះ​ដឹង​នឹង​គាប់​ចិត្ត​ដល់​ឯង”(សុភាសិត ២:១០)។ “ពី​ព្រោះ​មនុស្ស​ណា​ដែល​គាប់​ព្រះហឫទ័យ នោះ​ទ្រង់​ប្រទាន​ឲ្យ​អ្នក​នោះ​មាន​ប្រាជ្ញា ដំរិះ និង​សេចក្តី​រីករាយ​ផង”(សាស្តា ២:២៦)។ បទ​គម្ពីរ​សុភាសិត ៣:១៧ បាន​បន្ថែម​ទៀត​ថា “អស់​ទាំង​ផ្លូវ​របស់​ប្រាជ្ញា សុទ្ធ​តែ​ជា​ផ្លូវ​សោមនស្ស”។

នៅ​ក្នុង​ការ​ជញ្ជឹង​គិត អំពី​បញ្ហា​ជីវិត អ្នក​និពន្ធ ឈ្មោះ​ស៊ី អេស លូអ៊ី(C. S. Lewis) បាន​ប្រកាស​ថា “ក្តី​អំណរ គឺ​ជា​កិច្ចការ​ដ៏​ប្រាកដ​ប្រជា​នៃ​នគរ​ស្ថាន​សួគ៌”។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ផ្លូវ​ឆ្ពោះ​ទៅ​រក​ក្តី​អំណរ​ដ៏​ពិត គឺ​មាន​ក្រាល​ទៅ​ដោយ​ប្រាជ្ញា។ មិត្ត​ភក្តិ​របស់​ខ្ញុំ​ដែល​បាន​រស់​នៅ​ដល់​អាយុ​១០៧​ឆ្នាំ ក៏​គិត​អញ្ចឹង​ដែរ។ គាត់​បាន​ដើរ ដោយ​ជំហាន​ប្រកប​ដោយ​ប្រាជ្ញា និង​ក្តី​អំណរ ឆ្ពោះ​ទៅ​រក​ព្រះ​ដ៏​ជា​មហាក្សត្រ។​—Patricia Raybon