វីដេអូ​ហ្គេម​របស់​ក្រុម​ហ៊ុន​ណាញធែនដូ ដែល​មាន​ចំណង​ជើង​ថា រឿង​ព្រេង​របស់​ហ្សេលដា: សម្លេង​ខ្លុយ​អូការីណា​ឆ្លង​សម័យ បាន​លក់​ដាច់​អស់​ជាង​៧​លាន​ឌីស នៅ​ទូទាំង​ពិភព​លោក។  វីដេអូ​ហ្គេម​នេះ ក៏​បាន​នាំ​ឲ្យ​គេ​មាន​ការ​​ពេញ​និយម ​ខ្លុយ​អូការីណា ជា​ខ្លុយ​បុរាណ​តូច​មួយ ធ្វើ​ពី​ដី​ឥដ្ឋ ដែល​មាន​រាង​មូល​សំប៉ែត ដូច​ដំឡូង​បារាំង។

ខ្លុយ​អូការីណា​មិន​មាន​រូប​រាង្គ ដូច​ឧបករណ៍​តន្រ្តី​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​ណា​គេ​ផ្លុំ​វា​ចូល​តាម​មាត់​របស់​វា ហើយ​បិទ​បើក​រន្ធ នៅ​ជុំវិញ​តួ​ខ្លួន​រាង​មូល​របស់​វា វា​ក៏​បាន​បង្កើត​សម្លេង​ដ៏​ពីរោះ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែល​នាំ​ឲ្យ​មាន​អារម្មណ៍​ថា មាន​សង្ឃឹម។​

អ្នក​ផលិត​ខ្លុយ​អូការីណា បាន​យក​ដី​ឥដ្ឋ​មួយ​ដុំ​មក​​ សូន​ចេញ​ជា​រូប​រាង​ខ្លុយ ហើយ​ក៏​បាន​ដុត​វា​ក្នុង​ឡ ដោយ​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ឧបករណ៍​តន្រ្តី​ដ៏​អស្ចារ្យ។ រឿង​នេះ​ក៏​បាន​ឆ្លុះ​បញ្ចាំង អំពី​ព្រះ និង​យើង​ផង​ដែរ។ បទ​គម្ពីរ​អេសាយ ៦៤:៦,៨-៩ បាន​ប្រាប់​យើង​ថា “ដ្បិត​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​ត្រឡប់​ទៅ​ដូច​ជា​មនុស្ស​ដែល​មិន​ស្អាត… ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​ជា​ព្រះវរបិតា​នៃ​យើង​ខ្ញុំ យើង​ខ្ញុំ​រាល់​គ្នា​ជា​ដី​ឥដ្ឋ ហើយ​ទ្រង់​ជា​ជាង​ស្មូន…សូម​ទ្រង់​កុំ​ក្រោធ​ជា​ខ្លាំង​ឡើយ”។ ត្រង់​ចំណុច​នេះ លោក​ហោរា​កំពុង​តែ​និយាយ​ថា ព្រះ​អម្ចាស់ ព្រះ​អង្គ​គ្រប់​គ្រង​លើ​អ្វី​ៗ​ទាំង​អស់។ យើង​រាល់​គ្នា​សុទ្ធ​តែ​មាន​បាប។ សូម​ព្រះ​អង្គ​សូន​ទូល​បង្គំ ឲ្យ​ក្លាយ​ជា​ឧបករណ៍​ដ៏​ស្រស់​ស្អាត សម្រាប់​អង្គ​ទ្រង់។​

នេះ​ជា​អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើ​សម្រាប់​យើង។ ដោយ​សេចក្តី​មេត្តា ព្រះ​អង្គ​បាន​ចាត់​ព្រះ​រាជ​បុត្រា​ព្រះ​អង្គ ព្រះ​នាម​យេស៊ូវ ឲ្យ​មក​សុគត ដើម្បី​លោះ​បាប​យើង ហើយ​ព្រះ​អង្គ​កំពុង​តែ​សូន ​និង​កែ​ប្រែ​យើង ខណៈ​ពេល​ដែល​យើង​ដើរ​តាម​ការ​ដឹក​នាំ​របស់​ព្រះ​វិញ្ញាណ​ជា​រៀង​រាល់​ថ្ងៃ។ អ្នក​ផលិត​ខ្លុយ​អូការីណា​បាន​ផ្លុំ​ខ្យល់​ចូល​ទៅ​ក្នុង​ខ្លុយ​នោះ ដើម្បី​បង្កើត​ជា​សម្លេង​តន្រ្តី​ដ៏​ពីរោះ​ជា​យ៉ាង​ណា នោះ​ព្រះ​ទ្រង់​ក៏​បាន​ធ្វើ​ការ​តាម​រយៈ​យើង ជា​ឧបករណ៍​ដែល​ព្រះ​អង្គ​បាន​សូន ដើម្បី​សម្រេច​បំណង​ព្រះ​ទ័យ​ដ៏​ល្អ​របស់​ព្រះ​អង្គ គឺ​ឲ្យ​យើង​ផ្លាស់​ប្រែ​មាន​លក្ខណៈ​កាន់​តែ​ដូច​ព្រះ​យេស៊ូវ(រ៉ូម ៨:២៩)។—Ruth Wan-Lau