អ្នក​ដឹក​នាំ​ព្រះ​វិហារ​ម្នាក់​គេង​មិន​លក់។ ខណៈ​ពេល​ដែល​សង្រ្គាម​លោក​លើក​ទី​២​កំពុង​តែ​រាល​ដាល​កាន់​តែ​ខ្លាំង គាត់​ក៏​បាន​ប្រាប់​ទាហាន​អាមេរិក​មួយ​ក្រុម​តូច​ថា ពួក​គេ​មិន​អាច​យក​សព​មិត្ត​រួម​អាវុធ​របស់​ពួក​គេ ទៅ​​បញ្ចុះ​ក្នុង​របង​ទី​បញ្ចុះ​សព​របស់​ព្រះ​វិហា​របស់​គាត់​បាន​ទេ។ ទី​បញ្ចុះ​សព​នោះ​សម្រាប់​តែ​សមាជិក​ព្រះវិហារ​ប៉ុណ្ណោះ។ ដូចនេះ ទាហាន​ទាំង​នោះ​ក៏​បាន​បញ្ចុះ​សព​របស់​មិត្ត​សំឡាញ់​ខ្លួន នៅ​ក្រៅ​របង​ព្រះ​វិហារ។​

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ព្រឹក​ឡើង ទាហាន​ទាំង​នោះ​មិន​អាច​រក​ឃើញ​ផ្នូរ​នោះ។ ទាហាន​ម្នាក់​ក៏​បាន​ទៅ​សួរ​លោក​គ្រូ​គង្វាល​ថា “លោក​គ្រូ តើ​មាន​រឿង​អ្វី​កើត​ឡើង? ផ្នូរ​នោះ​បាត់​ហើយ”។ គាត់​ប្រាប់​ទាហាន​នោះ​ថា “អូហ៍ ផ្នូរ​នោះ​នៅ​កន្លែង​ដដែល​ទេ”។ ទាហាន​នោះ​ក៏​មាន​ការ​ភ័ន្ត​ភាំង ប៉ុន្តែ គាត់​ក៏​បាន​ពន្យល់​ថា​ “កាល​ពី​យប់​មិញ ខ្ញុំ​បាន​ក្រោក​ឡើង ហើយ​ក៏​បាន​រើ​របង​ព្រះ​វិហារ​ចេញ”។

ព្រះ​ទ្រង់​ក៏​អាច​ផ្តល់​ឲ្យ​យើង​នូវ​ទស្សនៈ​ថ្មី​ៗ សម្រាប់​បញ្ហា​ប្រឈម​ក្នុង​ជីវិត​របស់​យើង​ផង​ដែរ បើ​សិន​ជា​យើង​ស្វែង​រក​ប្រាជ្ញា​ពី​ព្រះ​អង្គ។ នេះ​ក៏​ជា​អ្វី​ដែល​ហោរា​អេសាយ បាន​និយាយ​ទៅ​កាន់​រាស្រ្ត​អ៊ីស្រាអែល ដែល​កំពុង​ទទួល​រង​ការ​សង្កត់​សង្កិន។ ពួក​គេ​មិន​ត្រូវ​ងាក​ទៅ​រក​អតីត​កាល​ទេ ផ្ទុយ​ទៅ​វិញ ត្រូវ​បែរ​មក​រក​ព្រះ មើល​ព្រះ​អង្គ​ធ្វើ​ការ​អស្ចារ្យ​ថ្មី​ៗ និង​នាំ​ពួកគេ​ដើរ​តាម​ផ្លូវ​ថ្មី។ ព្រះ​អង្គ​បាន​ជំរុញ​ពួក​គេ​ថា​ “កុំ​ឲ្យ​ឯង​រាល់​គ្នា​នឹង​ចាំ​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ …មើល អញ​នឹង​ធ្វើ​ការ​១​ថ្មី​វិញ”(អេសាយ ៤៣:១៨-១៩)។ ព្រះ​អង្គ​ជា​ប្រភព​នៃ​ក្តី​សង្ឃឹម ក្នុង​អំឡុង​ពេល​ដែល​យើង​មាន​ការ​សង្ស័យ និង​សង្រ្គាម។ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​មាន​បន្ទូល​ថា “​អញ​ឲ្យ​មាន​ទឹក​នៅ​ក្នុង​ទី​រហោស្ថាន និង​ទន្លេ​នៅ​សមុទ្រ​ខ្សាច់ ដើម្បី​ឲ្យ​រាស្ត្រ​អញ គឺ​ជា​ពួក​ជ្រើសរើស​នោះ​បាន​ទឹក​ផឹក”(ខ.២០)។

កាល​ណា​យើង​មាន​ទស្សនៈ​ថ្មី​ពី​ព្រះ នោះ​យើង​ក៏​អាច​មើល​ឃើញ​ទិស​ដៅ​ថ្មី​មក​ពី​ព្រះ​អង្គ ក្នុង​ជីវិត​យើង។ ចូរ​យើង​ប្រើ​ភ្នែក​ថ្មី​របស់​យើង មើល​ផ្លូវ​ថ្មី​របស់​ព្រះ​អង្គ។ បន្ទាប់​មក ចូរ​យើង​បោះ​ជំហាន​ដោយ​ចិត្ត​ក្លាហាន ចូល​ទៅ​ក្នុង​ទឹក​ដី​ថ្មី ដើម្បី​ដើរ​តាម​ព្រះ​អង្គ​។​—Patricia Raybon