ពេល​ខ្ញុំ​កំពុង​អង្គុយ នៅ​តុ​អាហារ ខ្ញុំ​ក៏​បាន​មើល​ទៅ​ភាព​ច្របូក​ច្របល់​ដ៏​រីក​រាយ នៅ​ជុំវិញ​ខ្លួន​ខ្ញុំ។ ពូ​មីង បង​ប្អូន​ជី​ដូន​មួយ ក្មួយ​ស្រី និង​ក្មួយ​ប្រុស​របស់​ខ្ញុំ កំពុង​តែ​អរ​សប្បាយ​នឹង​ម្ហូប​អាហារ និង​ការ​ចំណាយ​ពេល​ជា​មួយ​គ្នា នៅ​ក្នុង​ការ​ជួប​ជុំ​ក្រុម​គ្រួសារ​របស់​យើង។​  ខ្ញុំ​ក៏​អរ​សប្បាយ​ជា​មួយ​ពួក​គេ​ផង​ដែរ។ ប៉ុន្តែ មាន​គំនិត​មួយ ដែល​បាន​ចាក់​ទំលុះ​ចិត្ត​របស់​ខ្ញុំ ដោយ​ប្រាប់​ខ្លួន​ឯង​ថា មាន​តែ​ខ្ញុំ​​ទេ​ដែល​ជា​ស្រ្តី​គ្មាន​កូន គ្មាន​គ្រួសារ​ផ្ទាល់​ខ្លួន។

​ស្រ្តី​នៅ​លីវ​ជា​ច្រើន ក៏​មាន​បទ​ពិសោធន៍​ស្រដៀង​ខ្ញុំ​ផង​ដែរ។ ក្នុង​វប្បធម៌​របស់​ខ្ញុំ ដែល​ជា​ជន​ជាតិ​អាស៊ី គេ​ឲ្យ​តម្លៃ​ខ្ពស់​មក​លើ​ជីវិត​អាពាហ៍ពិពាហ៍ និង​ការ​មាន​កូន ដូច​នេះ ការ​មិន​មាន​គ្រួសារ​ផ្ទាល់​ខ្លួន​ អាច​នាំ​ឲ្យ​គេ​គិត​ថា យើង​អសមត្ថ​ភាព។​ បញ្ហា​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា អ្នក​ខ្វះ​អ្វី​មួយ ដែល​បញ្ជាក់​ថា អ្នក​ជា​នរណា ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​ពេញ​លេញ។​

ហេតុ​នេះ​ហើយ​ខ្ញុំ​មាន​ការ​កម្សាន្ត​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​សេចក្តី​ពិត​របស់​ព្រះ​​បាន​ចែង​ថា ព្រះ​ទ្រង់​ជា​ទីពឹង​នៃ​ចិត្ត​(ទំនុកដំកើង ៧៣:២៦)។ ពេល​ដែល​ពូជ​អំបូរ​ទាំង​ឡាយ នៃ​សាសន៍​អ៊ីស្រាអែល​បាន​ទទួល​ចំណែក​ដី ពូជ​អំបូរ​លេវី ​ដែល​ជា​ពួក​សង្ឃ មិន​បាន​ទទួល​ចំណែក​នឹង​គេ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​ទ្រង់​បាន​សន្យា​ថា ព្រះ​អង្គ​នឹង​ធ្វើ​ជា​មរដក​របស់​ពួក​គេ​(ចោទិយកថា ១០:៩)។ ពួក​គេ​អាច​រក​ឃើញ​ភាព​ស្កប់​ចិត្ត​ក្នុង​ព្រះ​អង្គ ហើយ​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​បំពេញ​តម្រូវ​ការ​គ្រប់​យ៉ាង​របស់​ពួក​គេ។

សម្រាប់​អ្នក​ខ្លះ ការ​មាន​អារម្មណ៍​ថា​ខ្វះ​អ្វី​មួយ គឺ​មិន​មាន​អ្វី​ទាក់​ទង​នឹង​គ្រួសារ​ទេ។ ជួន​កាល យើង​ស្រេក​ឃ្លាន​ចង់​បាន​ការងារ​ល្អ​ជាង​មុន ឬ​ចង់​រៀន​ឲ្យ​បាន​ខ្ពស់​ជាង​មុន។ ទោះ​យើង​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ យើង​អាច​ឱប​ក្រសោប​ព្រះ ក្នុង​លក្ខណៈ​ទ្រង់​ជា​ទីពឹង​នៃ​ចិត្ត​របស់​យើង។ ព្រះ​អង្គ​ធ្វើ​ឲ្យ​យើង​មាន​ភាព​ពេញ​លេញ​ឡើង។ ក្នុង​ព្រះ​អង្គ​យើង​មិន​ខ្វះ​អ្វី​ឡើយ។​—Karen Huang