នៅ​ក្នុង​ការ​ប្រឹង​ប្រែង​ទប់​ស្កាត់​ការ​រីក​រាល​ដាល នៃ​វីរូស​កូវីត ១៩ យើង​ឃើញ​ថា មាន​ការ​សម្រេច​ចិត្ត​ផ្ទាល់​ៗ​ខ្លួន​ខ្លះ អាច​ជួយ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​វីរូស​នេះ តែ​ក៏​មាន​ការ​សម្រេច​ចិត្ត​ខ្លះ​អាច​នាំ​ឲ្យ​មាន​ការ​ឆ្លង​ជា​សហគមន៍​។ ខ្ញុំ​បាន​សង្កេត​ឃើញ​ថា រឿង​ដូច​នេះ​ក៏​បាន​កើត​ឡើង ក្នុង​ជីវិត​ខាង​វិញ្ញាណ​របស់​ខ្ញុំ​ផង​ដែរ ដែល​ក្នុង​នោះ ការ​សម្រេច​ចិត្ត​តូច​ៗ​ជា​ច្រើន ដែល​ហាក់​ដូច​ជា​មិន​នាំ​ឲ្យ​មាន​ផល​វិបាក បាន​នាំ​មក​នូវ​ផល​ប៉ះ​ពាល់​ មក​លើ​ជីវិត​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ក៏​ដូច​ជា​ជីវិត​របស់​អ្នក​ដែល​នៅ​ក្នុង​សហគមន៍​របស់​ខ្ញុំ​ផង​ដែរ។

រឿង​ដែល​ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​នោះ គឺ​ជា​អំពើ​បាប​ដែល​ខ្ញុំ​ប្រព្រឹត្ត​ដោយ​មិន​ដឹង​ខ្លួន។ អំពើ​បាប​ទាំង​នោះ​បាន​សង្ងំខ្លួន នៅ​ក្នុង​ផ្នែក​ដ៏​ស្រអាប់​នៃ​គំនិត​យើង ដែល​យើង​ងាយ​នឹង​លើក​ហេតុ​ផល​ការពារ​ថា វា​មិន​មាន​អ្វី​ខុស​ឆ្គង​ ហើយ​ក៏​មាន​អារម្មណ៍​ថា វា​ជា​ទង្វើរ​ដ៏​ត្រឹម​ត្រូវ តែ​វា​បាន​ដក​ក្តី​អំណរ និង​ភាព​ពោរ​ពេញ បន្តិច​ម្តង​ៗ​ចេញ​ពី​ជីវិត ដែល​ព្រះ​យេស៊ូវ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​មាន។​

១. ការ​រើស​មុខ

ពេល​ដែល​មិត្ត​ភក្តិ​ម្នាក់​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ ឲ្យ​មាន​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​កាន់​តែ​ច្រើន នៅ​ព្រះ​វិហារ ខ្ញុំ​ក៏​បានធ្វើ​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រឿង​នេះ តែ​តាម​ពិត ខ្ញុំ​មិន​មាន​ចំណាប់​អារម្មណ៍ នៅ​ក្នុង​ការ​ស្គាល់​អ្នក​ផ្សេង​ទៀត ដែល​នៅ​ក្រៅ​រង្វង់​នៃ​មិត្ត​ភាព​ដ៏​រឹង​មាំ​របស់​ខ្ញុំ​នោះ​ឡើយ។ ហើយ​ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​ស្គាល់​អ្នក​ថ្មី​ទៀត ខ្ញុំ​ក៏​បានងាក​ទៅ​រក​សមាជិក​ពួក​ជំនុំ ដែល​មាន​ការ​រួស​រាយ និង​គួរ​ឲ្យ​ចង់​រាប់​អាន តែ​ខ្ញុំ​ចង់​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក ដែល​ខ្ញុំ​គិត​ថា​ មាន​លក្ខណៈ​ដែល​ខ្ញុំ​មិន​ចូល​ចិត្ត ហើយ​ខ្ញុំ​ក៏​បាន​លើក​ហេតុ​ផល​ថា  ខ្ញុំ​មិន​រាប់​អាន​គេ គឺ​មក​ពី​និស្ស័យ​កំណើត​របស់​ខ្ញុំ ដែល​មិន​ចូល​ចិត្ត​មាន​ការ​ទំនាក់​ទំនង​ច្រើន។​

តើ​អ្នក​ធ្លាប់​មាន​រឿង​ដូច​នេះ​ដែរ​ទេ? ការ​ប្រព្រឹត្ត​ដូច​នេះ គឺ​ជា​ការ​មាន​ពុត និង​ជា​អំពើ​បាប ដែល​យើង​ប្រព្រឹត្ត​ដោយមិន​ដឹង​ខ្លួន។ ការ​រើស​អើង​ក្រុម​មួយ ហើយ​លម្អៀង​ទៅ​រក​ក្រុម​មួយ​ទៀត គឺ​ជា​អំពើ​បាប ដែល​កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​ហៅ​ថា ការ​ស្រឡាញ់​ដោយ​រើស​មុខ។ ក្នុង​បទ​គម្ពីរ​យ៉ាកុប ២:១-១៣ លោក​យ៉ាកុប​បាន​ស្តី​បន្ទោស​ឲ្យ​សមាជិក​ពួក​ជំនុំ ដែល​រាប់​អាន​អ្នក​មាន ខ្លាំង​ជាង​អ្នក​ក្រ ហើយ​ចំណែក​ខ្ញុំ​វិញ ខ្ញុំ​ចូល​ចិត្ត​រាប់​អាន​តែ​អ្នក​ដែល​ខ្ញុំស្គាល់ និង​អ្នក​ដែល​គួរ​ឲ្យ​ចង់​រាប់​អាន។

ប៉ុន្តែ ពួក​ជំនុំ​មិន​ត្រូវ​មាន​លក្ខណះ​ដូច​នេះ​ឡើយ។ លោក​ពេត្រុស​ស្គាល់​សេចក្តី​ពិត​ដែល​ថា ព្រះ​ទ្រង់​មិន​ដែលស្រឡាញ់​ដោយ​រើស​មុខ​នោះ​ឡើយ តែ​ព្រះ​អង្គ​បាន​ទទួល​អស់​អ្នក​ណា​ដែល​កោត​ខ្លាច​ព្រះ​អង្គ ហើយ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​(កិច្ចការ ១០:៣៤) ដូចនេះ ដោយ​សារ​ព្រះ​គ្រីស្ទ​បាន​ទទួល​ខ្ញុំ នោះ​ខ្ញុំ​បាន​បន្ត​អធិស្ឋាន​សូម​ព្រះ​ទ្រង់​ជួយ​ខ្ញុំឲ្យ​យល់​សេចក្តី​ពិត​នេះ ដូច​លោក​ពេត្រុស​ផង​ដែរ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​អ្នក​នាំ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ទៅ​ដល់​កូន​របស់​ព្រះ​អង្គ​ទំាង​អស់។

២. ការ​ក្លែង​បន្លំ​ការ​និយាយ​ដើម​ថា ជា​ “ការ​ចែក​រំលែក​រឿង”

មាន​ពេល​មួយ ខ្ញុំ​បាន​និយាយ​ប្រាប់​មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ អំពី​ជម្លោះ​ដែល​ខ្ញុំ​មាន​ជា​មួយ​មនុស្ស​ម្នាក់​កាល​ពី​ពេល​ថ្មី​ៗនេះ។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​ប្រាប់​ខ្លួន​ឯង​ថា “ខ្ញុំ​និយាយ​ប្រាប់​គាត់ ដើម្បី​ឲ្យ​ខ្លួន​ឯង​មាន​អារម្មណ៍​ល្អ​ជាង​មុន ហើយ​វាមិន​មែន​ជា​ការ​និយាយ​ដើម​ឡើយ ព្រោះ​រឿង​នោះ​ពិត​ជា​បាន​កើត​ឡើង​មែន”។

ខ្ញុំ​ធ្លាប់​ក្លែង​បន្លំ​ការ​និយាយ​ដើម​ថា​ជា “ការ​ចែក​រំលែក​រឿង” ហើយ​បាន​បណ្តោយ​ឲ្យ​វា​មាន​ការ​រីក​រាល​ដាល​កាន់​តែអាក្រក់​ឡើង។ ប៉ុន្តែ ថ្ងៃមួយ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​ទៀត​បាន​ប្រាប់​ខ្ញុំ អំពី​របៀប​ចែក​រំលែក​រឿង ដែល​ខុស​ពី​នេះ។ គាត់​និយាយ​ប្រាប់​គេ អំពី​ជម្លោះ​របស់​គាត់ តែ​គាត់​មាន​ការ​ប្រុង​ប្រយ័ត្ន ដោយ​មិន​បញ្ចេញ​ឈ្មោះ​អ្នក​ដែល​បាន​ធ្វើឲ្យ​គាត់​ឈឺ​ចាប់ ហើយ​មិន​ព្រម​និយាយ​អំពី​រឿង​នោះ ឲ្យ​បាន​លម្អិត​ជាង​នោះ​ឡើយ។ គាត់​គ្រាន់​តែ​លើក​ឡើង​ថា គាត់​មាន​អារម្មណ៍​ឈឺ​ចាប់ ហើយ​គាត់​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​នឹង​ប្រោស​គាត់​ឲ្យ​ជា​មិន​ខាន។​

ការ​នេះ​បាន​ជំរុញ​ឲ្យ​ខ្ញុំ​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​គួរ​តែចែក​រំលែក​រឿង អំពី​ជម្លោះ ឬ​ការ​មិន​ចុះ​សម្រុង​ជា​មួយ​អ្នក​ដទៃ​ដែរដោយ​របៀប​ណា? ខ្ញុំ​ក៏​បាន​បើក​ព្រះ​គម្ពីរ​ប៊ីប រក​មើល​ខគម្ពីរ​ដែល​អនុញ្ញាត​ឲ្យ​ខ្ញុំ​បន្ត​ទម្លាប់​មួយ​នេះ តែ​ខគម្ពីរ​ដែល​ខ្ញុំ​រក​ឃើញ សុទ្ធ​តែ​ប្រាប់​ខ្ញុំ ឲ្យ​អត់​ឱន​ទោស ចំពោះ​កំហុស​ដែល​គេ​ធ្វើ​មក​លើ​ខ្ញុំ ឬ​ដោះ​ស្រាយ​ជា​មួយ​គេ ដោយ​លាក់​កំបាំង​(សុភាសិត ១៩:១១ និង ម៉ាថាយ ១៨:១៥-១៧)។

ដូច​នេះ សព្វ​ថ្ងៃ​នេះ ពេល​ណា​ខ្ញុំ​មាន​អារម្មណ៍​ថា ចង់ “ចែក​រំលែក​រឿង​ប្រភេទ​នោះ” ខ្ញុំ​ក៏​បាន​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំចាំ​បាច់​ត្រូវ​ចែក​ចាយ​រឿង​នោះ​ទេ? តើ​ការ​ចែក​រំលែក​នោះ មាន​ប្រយោជន៍​អ្វី​ខ្លះ សម្រាប់​ភាគី​ទាំង​សង្ខាង? តើខ្ញុំ​មានចេទនា​អ្វី នៅ​ក្នុង​ការ​ចែក​រំលែក​រឿង​នោះ?

៣. ការ​លួច​ម៉ោង ក្នុង​ពេល​ធ្វើ​ការ ដោយ​មិន​ដឹង​ខ្លួន​

ខ្ញុំ​ធ្លាប់​មាន​កំហុស នៅ​ក្នុង​ការ​លួច​ម៉ោង នៅ​កន្លែង​ធ្វើ​ការ ដោយ​ការ​ជជែក​គ្នា​លេង ហួស​ម៉ោង​សម្រាក​បាយ​ថ្ងៃត្រង់ ដែល​នាំ​ឲ្យ​ខ្ញុំ​ចូល​ធ្វើ​ការ​យឺត​បួន​ប្រាំ​នាទី ម្តង​ហើយ​ម្តង​ទៀត ឬ​ដោយ​បើក​មើល​ហ្វេស​ប៊ុក ក្នុង​ម៉ោង​ធ្វើ​ការ ។ល។

ប៉ុន្តែ អ្នក​ប្រហែល​ជា​គិត​ថា នរណា​ក៏​ធ្វើ​អញ្ចឹង​ដែរ ជួន​កាល សូម្បី​តែ​ចៅ​ហ្វាយ​នាយ​យើង​ក៏​ដោយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​គម្ពីរ​ប៊ីប​បាន​បង្រៀន​យ៉ាង​ច្បាស់ អំពី​រឿង​នេះ។ យើង​ត្រូវ​ធ្វើ​ការ​ អស់​ពី​ចិត្ត ដូច​ជា​ធ្វើ​ថ្វាយ​ដល់​ព្រះ​អម្ចាស់ មិន​មែន​សម្រាប់​មនុស្ស​(កូល៉ុស ៣:២៣-២៤)។ ការ​នេះ​មាន​ន័យ​ថា យើង​ត្រូវ​ប្រើ​ពេល​ម៉ោង​ធ្វើ​ការ ដោយ​ផ្តោត​ចិត្ត​ឲ្យ​បាន​មូល ទៅ​លើ​កិច្ច​ការ ដែល​គេ​បាន​ចាត់​តាំង​ឲ្យ​យើង​ធ្វើ។

ចាប់​តាំង​ពី​ពេល​ដែល​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​បាន “លួច​ម៉ោង” ធ្វើ​ការ ​ខ្ញុំ​ក៏​បាន​ផ្លាស់​ប្តូរ​របៀប​ដែល​ខ្ញុំ​ធ្វើ​ការ​ងារ។ ដើម្បី​ផ្តោត​ចិត្ត និង​ធ្វើ​ការ​ឲ្យ​បាន​ល្អ ខ្ញុំ​ក៏​បាន​ឈប់​ដាក់​ទូរស័ព្ទ​នៅ​លើ​តុធ្វើ​ការ​ទៀត ហើយ​ជម្នះ​ចិត្ត ដែល​ចង់​ឆែក​មើលទូរស័ព្ទ​ជា​ញឹក​ញាប់។

ពី​ដំបូង វា​មិន​មាន​ភាព​ងាយ​ស្រួល​ទេ។ ក្នុង​សម័យ​កូវីត ​ខ្ញុំ​បាន​តាម​ដាន​ពត៌​មាន លើស​ពី​ចាំ​បាច់។ ដូច​នេះ ​ខ្ញុំ​ក៏បាន​ធ្វើ​ការ​បន្ថែម​ម៉ោង ដើម្បី​សង​ម៉ោង ដែល​ខ្ញុំ​បាន​បាត់។​

៤. ការ​ជៀស​វាង​ការ​សន្ទនា ដែល​ពិបាក​ៗ

មាន​ពេល​ជា​ច្រើន​ដង​ពេក​ហើយ ដែល​ខ្ញុំ​បាន​បង្ខំ​ចិត្ត​ញញឹម និង​ងក់​ក្បាល ដើម្បី​បង្ហាញ​ការ​យល់​ស្រប ចំពោះ​ការ​ប្រឹក្សា​យោបល​មិន​ល្អ ពី​មិត្ត​ភក្តិ​របស់​ខ្ញុំ។ ​ខ្ញុំ​មិន​ចង់​ធ្វើ​ឲ្យ​ខូច​មិត្ត​ភាព​របស់​យើង ដោយ​ប្រាប់​ពួក​គេ​ថា ខ្ញុំ​គិត​យ៉ាងណា ចំពោះ​ការ​ប្រឹក្សា​របស់​ពួក​គេ។ ខ្ញុំ​មិន​និយាយ ព្រោះ​ចង់​ឲ្យ​ពួក​គេ​សប្បាយ​ចិត្ត។ ប៉ុន្តែ បទ​គម្ពីរ សុភាសិត ២៧:៦ បាន​ប្រាប់​យើង​ថា “របួស​ដែល​មិត្រ​សំឡាញ់​ធ្វើ​ដល់​យើង នោះ​តែង​ធ្វើ​ដោយ​ស្មោះត្រង់​ទេ តែ​ឯ​ការ​ថើប​របស់​ខ្មាំងសត្រូវ នោះ​ជា​សេចក្តី​បញ្ឆោត​វិញ”។

ខ្ញុំក៏​បាន​ដឹង​ថា ការ​កុហក់​ ឬ​ធ្វើ​ជា​យល់​ស្រប ដើម្បី​ជៀស​វាង​ការ​សន្ទនា ដែល​នាំ​ឲ្យ​អាក់​អន់​ចិត្ត បាន​នាំឲ្យ​បាត់​បង់ភាព​ស្មោះ​ត្រង់ ដែល​នាំ​ឲ្យ​ទំនាក់​ទំនង​មាន​ភាព​រឹង​មាំ។ ឧទាហរណ៍ ពេល​ដែល​មិត្ត​ភក្តិ​ដែល​ជា​គ្រីស្ទ​បរិស័ទ​ម្នាក់ ប្រាប់​ខ្ញុំ​ថា គាត់​ចង់​រស់​នៅ​ជា​មួយ​មិត្ត​ស្រី​គាត់ មុន​ពេល​រៀប​ការ ខ្ញុំ​គិត​ថា ការ​យល់​ស្រប​នឹង​គំនិត​គាត់ ហើយ​ប្តូរប្រធាន​បទ ទៅ​និយាយ​អំ​ពី​អ្វី​ផ្សេង គឺ​មាន​ភាព​ងាយ​ស្រួល​ជាង​ការ​ដាស់​តឿន​គាត់ ឲ្យ​ជៀស​វាង​អំពើ​អសីល​ធម៌ផ្លូវ​ភេទ​។ បើ​ខ្ញុំ​មិន​បាន​ដាស់​តឿន​គាត់ គឺ​មាន​ន័យ​ថា ខ្ញុំ​បាន​ប្រព្រឹត្ត​ដូច​ខ្មាំង​សត្រូវ ជា​ជាង​ធ្វើ​ជា​មិត្ត​ពិត​ប្រាកដ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​អាច​នាំ​គាត់​សន្ទនា អំពី​ប្រធាន​បទ​នេះ ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ ដោយ​ព្យាយាម​ស្វែង​យល់​ អំពី​ទស្សនៈរបស់​គាត់ ហើយ​នាំ​គាត់​មើល​ខគម្ពីរ ដែល​និយាយ​អំពី​រឿង​នេះ។

៥. ការមិនធ្វើអ្វីម្យ៉ាង

ចំណុច​ចុង​ក្រោយ ដែល​ខ្ញុំ​ចង់​ឲ្យ​យើង​ពិចារណា​នោះ គឺ​ជា​ញឹក​ញាប់ អំពើ​បាប​របស់​ខ្ញុំ មិន​មែន​ជា​ការ​ប្រព្រឹត្ត​ខុសនោះ​ទេ​ តែ​ជា​ការ​មិន​ធ្វើ​អ្វី​ម្យ៉ាង។

ក្នុង​ជីវិត​របស់​ខ្ញុំ​ ខ្ញុំ​ចង់​ធ្វើ​ការ​ល្អ​ជា​ច្រើន ដែល​មិន​បាន​សម្រេច​ដូច​បំណង។ ខ្ញុំ​ធ្លាប់​គិត​ចង់​ធ្វើ​ជា​អ្នក​បណ្តុះ​បណ្តាល ដល់​យុវជន​ដែល​ងាយ​រង​គ្រោះ និង​ទៅ​សួរ​សុខ​ទុក្ខ​មណ្ឌល​ចាស់​ជរា និង​បង្រៀន​ភាសា​អង់​គ្លេស​ដល់​ជន​ភាសខ្លួន​។ ខ្ញុំ​ពិត​ជា​មាន​ពេល​វេលា និង​កម្លាំង ដើម្បី​ធ្វើ​ការ​ទាំង​នេះ តែ​ខ្ញុំ​បាន​សម្រេច​ចិត្ត​បោស​សម្អាត​ទី​ធ្លា​ផ្ទះ មើលកម្ម​វិធី​ទូរទស្សន៍ និង​ទៅ​លេង​កីឡា ក្នុង​ពេល​ទំនេរ​ទៅ​វិញ។​

សាវ័ក​យ៉ាកុប​បាន​ដាស់​តឿន​យើង​ថា “ឯ​អ្នក​ណា​ដែល​ចេះ​ធ្វើ​ល្អ តែ​មិន​ធ្វើ​សោះ នោះ​រាប់​ជា​បាប​ដល់​អ្នក​នោះ​វិញ”(យ៉ាកុប ៤:១៧)។ សម្រាប់​ខ្ញុំ បទ​គម្ពីរ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​បន្ទូល​របស់​ព្រះ​យេស៊ូវ ដែល​បាន​ចែង​ថា “ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ”(ម៉ាថាយ ២៥:៤០)។

ចាប់​តាំង​ពី​ពេល​នោះ​មក ខ្ញុំ​ក៏​បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​ការ​បម្រើ​ព្រះ​ ផ្នែក​កុមារ ក្នុង​ព្រះវិហារ​របស់​ខ្ញុំ ខណៈ​ពេល​ដែល​ខ្ញុំដឹង​ថា គេ​ត្រូវ​ការ​អ្នក​ជំនួយ​បន្ថែម​ទៀត ហើយ​ខ្ញុំ​កំពុង​តែ​ស្ថិត​ក្នុង​រដូវ​កាល​នៃ​ជីវិត ដែល​មាន​ពេល​វេលា និង​កម្លាំង សម្រាប់​ធ្វើ​ការ​បម្រើ​នេះ យ៉ាង​មាន​ប្រសិទ្ធ​ភាព។​

ក្នុង​សៀវភៅ​រឿង សំបុត្រ​របស់​អារក្ស  ដែល​លោក​ស៊ី អេស លូអ៊ីស(C. S. Lewis) បាន​និពន្ធ គាត់​បាន​សរសេរថា “ជា​ការ​ពិត​ណាស់ ផ្លូវ​ដែល​ងាយ​ស្រួល​បំផុត ឆ្ពោះ​ទៅ​រក​ស្ថាន​នរក ​គឺ​ជា​ផ្លូវ​ដែល​ធ្វើ​ដំណើរ​យឺត​ៗ មិន​សូវ​ចោទ ដើរ​មិន​ឈឺ​ជើង មិន​ពិបាក​បត់​ភ្លាម​ៗ គ្មាន​ផ្លាក​សញ្ញា”។​

ខ្ញុំ​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ទទួល​ស្គាល់​អំពើ​បាប​ទាំង​នេះ ហើយ​ក៏​ពិបាក​និយាយ​ប្រាប់​គេ ដោយ​បើក​ចំហរ ព្រោះ តាមធម្មតា ខ្ញុំ​ចង់​បន្ត​លាក់​បាំង​អំពើ​បាប​របស់​ខ្ញុំ តែ​ខ្ញុំ​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​បាន​ធ្វើ​ការ​ក្នុង​ចិត្ត​ខ្ញុំ ហើយ​ប្រទាន​ឲ្យ​ខ្ញុំមាន​មិត្ត​ភក្តិ ដែល​បាន​នំា​ខ្ញុំ ឲ្យ​មាន​ការ​រស់​នៅ ក្នុង​ខ្នាត​គំរូ​ដែល​ខ្ពស់​ជាង​មុន តាម​បំណង​ព្រះ​ទ័យ​ព្រះ។ ទោះ​ការល្បួង​ចេះ​តែ​នំា​ខ្ញុំ​ឲ្យ​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​អំពើ​បាប​ទំាង​នេះ ដែល​ធ្វើ​ដោយ​មិន​ដឹង​ខ្លួន​ក៏​ដោយ ខ្ញុំ​បាន​ថ្វាយ​ពួកវា​ដល់​ព្រះ​ ហើយ​ក៏​បាន​រក​ឃើញ​ថា ព្រះ​អង្គ​តែង​តែ​មាន​ព្រះ​គុណ​សម្រាប់​មនុស្ស​មាន​បាប​ជា​និច្ច។

បើ​អ្នក​កំពុង​តែ​មាន​អំពើ​បាប​ណា​មួយ ក្នុង​ចំណោម​អំពើ​បាប​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ នោះ​ព្រះ​គម្ពីរ​បាន​រំឭក​យើង​ថា “ហេតុ​នោះ នៅ​ជាន់​នេះ អ្នក​ណា​ដែល​នៅ​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ នោះ​គ្មាន​ទោស​សោះ”(រ៉ូ​ម ៨:១)។ យើង​អាច​ទទួល​ការ​លើក​ទឹក​ចិត្ត ក្នុង​ការ​តយុទ្ធ​នឹង​អំពើ​បាប យើង​អាច​ចូល​ទៅ​រក​ព្រះយេស៊ូវ ដ្បិត​ទ្រង់​មាន​ក្តី​អាណឹត​ដល់​ភាព​កម្សោយ​របស់​យើង  ហើយ​ប្រទាន​យើង​នូវ​សេចក្តី​មេត្តា និង​ព្រះ​គុណ ដើម្បី​ជួយ​យើង​(ហេព្រើរ ៤:១៤-១៦)។​

Written By Jasmine Ong, New Zealand