Private: ការរស់នៅ ដោយចិត្តក្លាហាន

តើ​ធ្វើ​ដូច​ម្តេច ឲ្យ​អ្នក​អាច​រស់​នៅ ដោយ​ការ​ប្តូរ​ផ្តាច់​ចំពោះ​ព្រះជាម្ចាស់​ នៅ​ពេល​ដែល​អ្នក​កំពុង​តែ​រស់​នៅ​ក្នុង​ជីវិត ដែល​ហ៊ុម​ព័ទ្ធ ដោយ​វប្ប​ធម៌ ដែល​ច្រើន​តែ​ទាស់​ទទឹង នឹង​សេចក្តី​ពិត និង​សេចក្តី​ជំនឿ​របស់​អ្នក? លោក​ដានី​យ៉ែល ជា​តួ​អង្គ​ដ៏​សំខាន់ក្នុង​គ្រា​សញ្ញា​ចាស់  ដែល​បាន​ធ្វើ​ជា​គំរូ​ដ៏​ល្អ ដោយ​គាត់​បាន​រស់​នៅ ដោយ​ការ​ប្តូរ​ផ្តាច់ សេចក្តី​ក្លា​ហាន និង​សេចក្តី​ជំនឿចំពោះ​ព្រះ​ជា​ម្ចាស់ ក្នុង​វប្ប​ធម៌ ដែល​មាន​គុណ​តម្លៃ និង​អាទិ​ភាព ផ្ទុយ​ស្រឡៈ​ពី​សេចក្តី​ជំនឿ​របស់​គាត់។

គាត់​ត្រូវ​បាន​ពួក​បាប៊ីឡូន ចាប់​ជា​ឈ្លើយ​សឹក ហើយ​ជំលាស ឲ្យ​ទៅ​រស់​ក្នុង​ទឹក​ដី និង​វប្បធម៌​បរទេស ដែល​ស្ថិត​នៅ​ចម្ងាយ​រាប់​រយ​គីឡូ​ម៉ែត្រ ពី​ស្រុក​កំណើត​គាត់ នៅ​ទី​ក្រុង​យេរូសាឡិម។ ហេតុ​នេះ​ហើយ គាត់​បាន​ជួប​ការ​លំបាក និង​គ្រោះ​ថ្នាក់​ជាច្រើន នៅ​ក្នុង​បង្ហាញ​ចេញ​នូវ​សេចក្តី​ជំនឿ​របស់​គាត់ ក្នុង​វប្ប​ធម៌​នៃ​សាសនា​ដទៃ។ នៅ​កន្លែង​នោះ ព្រះ​ជា​ម្ចាស់​បាន​ប្រើលោក​ដានី​យ៉ែល ដើម្បី​សម្តែង​ចេញ​នូវ​អំណាច​ចេស្តា​ទ្រង់ ហើយ​លោក​ដានី​យ៉ែល​ក៏​ប្រើ​សេចក្តី​ជំនឿ​របស់​គាត់ ដោយ​ចិត្ត​ក្លាហាន​។​

លោក​ដានីយ៉ែល​មិន​ដឹង​ថា ជីវិត​គាត់​នឹង​ទៅ​ជា​យ៉ាង​ណា​ទេ។ គាត់​ស្គាល់​ព្រះ​បន្ទូល​សន្យា និង​អំណាច​ចេស្តា​របស់​ព្រះ​ជាម្ចាស់ តែ​គាត់​មិន​ដឹង​ថា​ទ្រង់​មាន​ផែន​ការ​យ៉ាង​ណា សម្រាប់​ជីវិត​គាត់​ទេ។ គាត់​គ្រាន់​តែ​ដឹង​ថា គាត់​ចង់​រស់​នៅ ក្នុង​ជីវិត​ដែលស្តាប់​បង្គាប់ ដែល​ថ្វា​យព្រះ​កិត្តិ​នាម​ដល់​ព្រះ​ជា​ម្ចាស់ ទោះ​គាត់​ស្ថិត​ក្នុង​ស្ថាន​ភាព ឬ​កាលៈ​ទេសៈ​បែប​ណា ឬ​មួយ​គាត់​ជួបទុក្ខ​លំបាក ឬ​ការ​ល្បួង​អ្វី​ក៏​ដោយ។

សព្វ​ថ្ងៃ​នេះ ក្នុង​វប្បធម៌​ដែល​យើង​កំពុង​រស់​នៅ ព្រះ​ជា​ម្ចាស់​បាន​ត្រាស​ហៅ​យើង ដែល​កូន​របស់​ទ្រង់ ឲ្យ​ធ្វើ​ជា​ដានីយ៉ែល ក្នុង​ជំនាន់​របស់​យើង។ យើង​មិន​ត្រូវ​ត្រាប់​តាម​សម័យ ឬ​វប្បធម៌​របស់​លោកិយ​ឡើយ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​ប្រើ​ភាព​ងងឹត​របស់​លោកិយ ជា​ឱកាស ដើម្បី​បង្ហាញ​ចេញ​នូវ​ពន្លឺ​របស់​ព្រះ​នៃ​យើង។

ខណៈ​ពេល​ដែល​អ្នក​អាន​សៀវភៅ ការរស់នៅ ដោយ​ចិត្ត​ក្លាហាន  អ្នក​នឹង​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្តដ៏​ត្រឹម​ត្រូវ ហើយ​ស្វែង​យល់ អំពី​របៀប​ដែល​អ្នក​អាច​បម្រើ​ព្រះ​ជា​ម្ចាស់ ដោយ​ចិត្ត​ក្លាហាន និង​ការ​ប្តូរ​ផ្តាច់ ចំពោះ​ទ្រង់ ក្នុងជំនាន់​ដែល​អ្នក​រស់​នៅ។

លោក​ប៊ីល ក្រោដឺរ(BILL CROWDER) ដែល​ជា​អ្នកនិពន្ធ​នៃ​សៀវភៅ​នេះ មាន​បទ​ពិសោធន៍​ជាង​២០​ឆ្នាំ នៅ​ក្នុង​ការ​ដឹក​នាំពួក​ជំនុំ និង​ជា​នាយក ផ្នែក​ការងារ​ពួក​ជំនុំ និង​នាយក​នៃ​ការ​បោះ​ពុម្ភ​ផ្សាយ​របស់​អង្គការ​នំម៉ាណា​ប្រចាំ​ថ្ងៃ។ ហើយ​គាត់​ក៏​ជាអ្នក​និពន្ធ​សៀវ​ភៅ ពន្លឺ​នៃ​សេចក្តី​ជំនឿ, ផ្លូវ​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់, បង្អួច​បើក​ទៅ​រក​បុណ្យ​ណូអែល, និង​សៀវភៅ ការជម្នះ​ឧបស័គ្គ​ក្នុង​ជីវិត ជា​ដើម។