ចាប់តាំងពីពេលដែលសៀវភៅនំម៉ាណាប្រចាំថ្ងៃ ត្រូវបានបោះពុម្ភផ្សាយជាលើកដំបូង ក្នុងឆ្នាំ ១៩៥៦មក សៀវភៅនេះបានក្លាយជាប្រភពធនធានមួយ ហើយភាគច្រើន គេបានស្គាល់អង្គការអប៊ីស៊ី(RBC) តាមរយៈសៀវភៅមួយនេះឯង ។ សេចក្តីបង្រៀនសម្រាប់ការជញ្ជឹងគិតព្រះបន្ទូលប្រចាំថ្ងៃ ដែលត្រូវបានបោះពុម្ភផ្សាយនៅក្នុងសៀវភៅនំម៉ាណាប្រចាំថ្ងៃ បានជួយឲ្យអ្នកអានចំណាយពេលជាមួយព្រះជារៀងរាល់ថ្ងៃ ។
សៀវភៅនំម៉ាណាប្រចាំថ្ងៃ ត្រូវបានបោះពុម្ភផ្សាយ ជាង៤០ភាសា និងត្រូវបានចែកចាយ នៅទូទាំងពិភពលោក ដោយការិយ៉ាល័យនៃអង្គការអប៊ីស៊ី នៅទូទាំងពិភពលោក ។ អង្គការអប៊ីស៊ីក៏បានផលិតនូវសៀវភៅបង្រៀនតាមព្រះគម្ពីរជាច្រើនមុខទៀតផងដែរ ដែលលោកអ្នកអាចរកជាវបាន ។ អង្គការអប៊ីស៊ីមិនបានទទួលប្រាក់ជំនួយឬឧបត្ថម្ភ ពីក្រុម ឬនិកាយណាមួយនោះទេ ។ មានមនុស្សជាច្រើន បានដាក់ប្រាក់ដង្វាយ ទោះតិចឬច្រើនក្តី ដែលជួយឲ្យអង្គការអប៊ីស៊ី អាចឈោងចាប់អ្នកដទៃទៀត ដោយសេចក្តីបង្រៀននៃព្រះគម្ពីរ ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ ។
វិទ្យុនំម៉ាណាប្រចាំថ្ងៃ គឺជាកម្មវិធីផ្សាយសម្លេងប្រចាំថ្ងៃមួយ ដែលចាក់ផ្សាយនូវសេចក្តីបង្រៀនពិសេសៗ ដែលបានជ្រើសរើសពីក្នុងទំព័រសៀវភៅនំម៉ាណាប្រចាំថ្ងៃ ។ សេចក្តីបង្រៀនសម្រាប់ថ្ងៃនីមួយៗ ត្រូវបានរៀបរៀងមក ដើម្បីនាំប្រិយមិត្តអ្នកស្តាប់ ឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយព្រះយេស៊ូវគ្រីស្ទ និងដើម្បីឲ្យពួកគេមានការឆ្លើយតបចំពោះទ្រង់វិញ ដោយការថ្វាយបង្គំ សេចក្តីស្រឡាញ់ សេចក្តីជំនឿ និងការស្តាប់បង្គាប់ ។
សព្វថ្ងៃនេះ សៀវភៅនំម៉ាណាប្រចាំថ្ងៃ ត្រូវបានចែកចាយ តាមរយៈមធ្យោបាយបោះពុម្ភ ការបោះពុម្ភខ្នាតធំ កម្មវិធីវិទ្យុ podcast អ៊ីមែល rss និងឧបករណ៍ចល័ត ។ សម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គម សូមអញ្ជើញស្វែងរកសៀវភៅនំម៉ាណាប្រចាំថ្ងៃ នៅក្នុង Twitter, Facebook និង Google+ ។