ពន្លឺក្នុងភាពងងឹត
អាន យ៉ូហាន ១:១-១៤
នៅក្នុងទ្រង់មានជីវិត ហើយជីវិតនោះជាពន្លឺនៃមនុស្សលោក។-ខ.៤
មានពេលមួយ ខ្ញុំនិងកូនប្រុសរបស់ខ្ញុំ បានទៅមើលរូងភ្នំតូចមួយ នៅលើកោះបូណាយ ដែលស្ថិតនៅក្នុងប្រជុំកោះអានទីលេស របស់ប្រទេសហូឡង់។ យើងបានចូលតាមច្រកចូល ដោយដើរតាមខ្សែដែលបានបន្សល់ទុក ដោយភ្ញៀវទេសចរណ៍មុនៗ។ មុនពេលយើងវិលត្រឡប់ ទៅរកពិភពដែលមានពន្លឺថ្ងៃ នៅក្រៅរូងភ្នំ យើងក៏បានសម្រេចចិត្តពន្លត់ភ្លើងចង្កៀងរបស់យើង ហើយក៏បានដកពិសោធន៍នឹងភាពងងឹតស្លុង នៅក្នុងរូងភ្នំនោះ។ ក្នុងមួយរយៈពេលនោះ យើងត្រូវបានគ្របដណ្តប់ ដោយភាពងងឹត ដូចនៅពេលយប់អញ្ចឹង។
តើយើងនឹងមានការថប់អារម្មណ៍ប៉ុណ្ណា បើសិនជាយើងវង្វេងនៅក្នុងរូងភ្នំក្រោមដី ដោយគ្មានប្រភពនៃពន្លឺសោះនោះ! យ៉ាងណាមិញ ព្រះគម្ពីរសញ្ញាថ្មីបានប្រើសេចក្តីបង្រៀនអំពីភាពងងឹត ដើម្បីពិពណ៌នា អំពីស្ថានភាពខាងវិញ្ញាណរបស់មនុស្សជាតិ។ មានមនុស្សជាច្រើនលាននាក់ កំពុងស្វែងរកច្រកចេញយ៉ាងងងឹតងងល់ ដោយគ្មានសង្ឃឹម ហើយមិនអាចរកផ្លូវឃើញឡើយ។ ដោយសារសេចក្តីអំណួត មានមនុស្សជាច្រើន ដែលមិនបានដឹងថា ខ្លួនកំពុងស្ថិតក្នុងស្ថានភាពដ៏គួរឲ្យខ្លាចនេះឡើយ។ ពួកគេយល់ថា ការអប់រំនឹងរំដោះយើង ចេញពីស្រមោលនៃភាពល្ងង់ខ្លៅ និងជំនឿអរូបី ព្រមទាំងនាំយើងទៅរកភាពភ្លឺស្វាងនៅថ្ងៃណាមួយ។
យើងអរព្រះគុណព្រះ សម្រាប់ភាពជឿនលឿនផ្នែកបច្ចេកវិទ្យា ដែលបានជួយសម្រួលដល់ការរស់នៅ។ តែការពិតដែលមិនអាចចៀសរួចនោះ គឺថា មនុស្សជាតិ កំពុងតែរស់នៅក្នុងភាពងងឹតដដែល ទោះជាមានការជឿនលឿនយ៉ាងណាក្តី និយាយរួម គឺពួកគេកំពុងវង្វេងក្នុងរូងភ្នំដ៏ងងឹត នៃអំពើបាប និងការបះបោររបស់ពួកគេ។ តែព្រះយេស៊ូវបានធ្វើជាផ្លូវនាំយើងចេញពីភាពងងឹត ដ្បិតទ្រង់ដែលជាពន្លឺនៃសេចក្តីសុចរិត បានបង់ថ្លៃអំពើបាបជួសយើង នៅលើឈើឆ្កាង ដើម្បីបង្ហាញផ្លូវយើង។ តើអ្នកបានអនុញ្ញាតឲ្យទ្រង់ធ្វើជាពន្លឺ ក្នុងភាពងងឹតរបស់អ្នកហើយឬនៅ?-Dennis DeHaan
ឱអ្នកដែលរស់នៅក្នុងភាពងងឹត ដោយភ្នែកបាំងដោយអំពើបាបអើយ
ព្រះយេស៊ូវទ្រង់ជាពន្លឺសម្រាប់លោកិយ។
ចូរទៅរកពន្លឺទ្រង់ចុះ
ដ្បិតព្រះយេស៊ូវទ្រង់ជាពន្លឺនៃលោកិយ។-Bliss
ព្រះយេស៊ូវគ្រីស្ទ ជាតន្ត្រីសម្រាប់ត្រចៀក និងពន្លឺសម្រាប់ភ្នែកមនុស្ស។
បទគម្ពីរសម្រាប់អានថ្ងៃនេះ – យ៉ូហាន ១:១-១៤
១ កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ ២ ទ្រង់គង់នៅជាមួយនឹងព្រះ តាំងអំពីដើមមក ៣ គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់ ហើយក្នុងបណ្តារបស់ដែលបានបង្កើតមកទាំងប៉ុន្មាន នោះគ្មានអ្វីណាមួយកើតមកក្រៅពីទ្រង់ឡើយ ៤ នៅក្នុងទ្រង់មានជីវិត ហើយជីវិតនោះជាពន្លឺនៃមនុស្សលោក ៥ ពន្លឺនោះក៏ភ្លឺមកក្នុងសេចក្តីងងឹត តែសេចក្តីងងឹតយល់មិនដល់ពន្លឺទេ។ ៦ មានម្នាក់ឈ្មោះយ៉ូហាន ដែលព្រះទ្រង់ចាត់ឲ្យមក ៧ អ្នកនោះបានមកសំរាប់ជាទីបន្ទាល់ ដើម្បីនឹងធ្វើបន្ទាល់ពីពន្លឺ ប្រយោជន៍ឲ្យមនុស្សទាំងអស់បានជឿ ដោយសារគាត់ ៨ គាត់មិនមែនជាពន្លឺនោះទេ គឺមកគ្រាន់តែនឹងធ្វើបន្ទាល់ពីពន្លឺតែប៉ុណ្ណោះ ៩ ឯពន្លឺដ៏ពិត នោះគឺជាពន្លឺដែលបំភ្លឺដល់មនុស្សទាំងអស់ ដែលកើតមកក្នុងលោកីយ៍ ១០ ទ្រង់បានគង់ក្នុងលោកីយ៍ ហើយលោកីយ៍ក៏កើតមកដោយសារទ្រង់ តែមិនស្គាល់ទ្រង់ទេ ១១ ទ្រង់បានយាងមកគង់នៅផែនដីរបស់ទ្រង់ តែរាស្ត្រទ្រង់មិនបានទទួលទ្រង់សោះ ១២ ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ ១៣ គឺជាកូនដែលមិនមែនកើតមកពីឈាម ឬតាមប្រាថ្នាខាងរូបសាច់ ឬតាមចំណង់នៃមនុស្សឡើយ គឺកើតមកអំពីព្រះវិញ។ ១៤ ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា យើងរាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែ១ ដែលមកពីព្រះវរបិតា មានពេញជាព្រះគុណ និងសេចក្តីពិត។
ការស្វែងយល់
ខ្លឹមសារនៃបទគម្ពីរខាងលើនេះ និយាយអំពីពន្លឺ ប្រឆាំងនឹងភាពងងឹត។ គឺដូចដែលមានចែង ក្នុងខ.៤-៩ និងក្នុងកណ្ឌដំណឹងល្អយ៉ូហានទាំងមូល(៣:១៩-២១ ៩:៥ និងខដទៃទៀត)។ ខ្លឹមសារនេះក៏មានចែងក្នុងបទគម្ពីរ ១យ៉ូហាន ផងដែរ ដូចដែលមានចែងថា “នេះជាដំណឹង ដែលយើងខ្ញុំបានឮពីទ្រង់ ហើយក៏ប្រាប់មកអ្នករាល់គ្នា គឺថា ព្រះទ្រង់ជាពន្លឺភ្លឺ គ្មានសេចក្តីងងឹតណា នៅក្នុងទ្រង់សោះ បើសិនជាយើងរាល់គ្នាថា យើងមានសេចក្តីប្រកបនឹងទ្រង់ តែដើរក្នុងសេចក្តីងងឹតវិញ នោះឈ្មោះថាយើងកុហក ហើយមិនប្រព្រឹត្តតាមសេចក្តីពិតទេ”(១:៥-៦)។ ខ្លឹមសារនៃបទគម្ពីរទាំងនេះ បានត្រាសហៅយើង ឲ្យឱបក្រសោបយកព្រះយេស៊ូវ ដែលជាពន្លឺសម្រាប់លោកិយ ហើយរស់នៅក្នុងពន្លឺទ្រង់។