ក្នុងពេលបច្ចុប្បន្ន និងជារៀងរហូត
តាំងពីសម័យដើមមក មនុស្សជាតិតែងតែចង់រស់នៅជារៀងរហូត។ ទោះជាយើងខំប្រឹងប្រែងយ៉ាងណាក៏ដោយ ជីវិតអមតៈ គ្រាន់តែជាក្តីស្រមៃរបស់មនុស្សប៉ុណ្ណោះ។ ប៉ុន្តែ សព្វថ្ងៃនេះ គ្រីស្ទបរិស័ទមានផ្លូវ ចូលទៅរកជីវិតអស់កល្បជានិច្ច ដែលលោកិយស្រេកឃ្លានចង់បានតាំងពីយូរមកហើយនោះ។
ព្រះទ្រង់សព្វព្រះទ័យឲ្យមនុស្សមានជីវិតរស់នៅ ជារៀងរហូត។ ព្រះទ្រង់បានអនុញ្ញាតឲ្យអ័ដាំម និងនាងអេវ៉ាបរិភោគផ្លែឈើ ពីដើមឈើទាំងអស់ ក្នុងសួនច្បាអេដែន ដែលរាប់បញ្ចូលទាំងដើមឈើនៃជីវិតអស់កល្បផងដែរ ហើយលើកលែងតែដើមឈើដឹងខុសត្រូវប៉ុណ្ណោះ ដែលព្រះអង្គបានហាមមិនឲ្យបរិភោគ(លោកុប្បត្តិ ២:១៥ ៣:១-៧)។ ជាលទ្ធផល ពួកគេត្រូវព្រះបណ្តេញចេញ ពីផ្ទះដ៏អស់កល្បដែលព្រះបានប្រទាន(លោកុប្បត្តិ ៣:២៣) ដោយសារពួកគេបានបរិភោគផ្លែដឹងខុសត្រូវ ហើយសេចក្តីស្លាប់ក៏បានចូលក្នុងលោកិយ(១កូរិនថូស ១៥:២១)។
ប៉ុន្តែ ព្រះទ្រង់នៅតែសព្វព្រះទ័យ ឲ្យមនុស្សរស់នៅជាមួយព្រះអង្គជារៀងរហូត។ យើង “ដែលពីដើមនៅឆ្ងាយ បានមកជិតវិញ ដោយសារព្រះលោហិតព្រះគ្រីស្ទ”(អេភេសូរ ២:១៣-១៤) ដូចនេះ សព្វថ្ងៃនេះ យើងអាចរស់នៅជាមួយព្រះជារៀងរហូត(យ៉ូហាន ១៤:២-៣,២៣ វិវរណៈ ២១:៣)។ តើអ្នកធ្លាប់ឆ្ងល់ទេថា ការរស់នៅជាមួយព្រះជារៀងរហូត មានលក្ខណៈដូចម្តេច?
ជីវិតអស់កល្បមិនគ្រាន់តែជាការមានជីវិតរស់នៅ ជារៀងរហូតប៉ុណ្ណោះទេ។ ជីវិតអស់កល្ប គឺផ្តោតទៅលើគុណភាពនៃជីវិត ជាជាងផ្តោតទៅលើបរិមាណ ឬរយៈពេលនៃជីវិត។ ជីវិតអស់កល្បជាដំណើរនៃការ “ស្គាល់ព្រះពិតតែមួយ ដែលជាព្រះយេស៊ូវគ្រីស្ទ”(យ៉ូហាន ១៧:៣)។ ក្នុងភាសាហេព្រើ គេប្រើពាក្យស្គាល់ សំដៅទៅលើ ទំនាក់ទំនងដ៏ជិតស្និទ្ធ(ចោទិយកថា ៣០:៦ យេរេមា ៣១:៣៣-៣៤)។ មនុស្សអាចចាប់ផ្តើមមានជីវិតអស់កល្បពីពេលឥឡូវនេះ ដោយទទួលជឿព្រះយេស៊ូវ ព្រោះជីវិតអស់កល្បមិនគ្រាន់តែជាមរតក ដែលយើងនឹងទទួលពេលអនាគតប៉ុណ្ណោះទេ(យ៉ូប ១៩:២៦ យ៉ូហាន ៥:២៨-២៩ វិវរណៈ ២២:១៤) ប៉ុន្តែ ក៏ជាកម្មសិទ្ធក្នុងពេលបច្ចុប្បន្នផងដែរ(យ៉ូហាន ៥:៣៩ ៦:៤៧-៥១)។
យើងពិតជាមានអភ័យឯកសិទ្ធិ និងការទទួលខុសត្រូវដ៏សំខាន់ ដែលយើងអាចពិសោធនឹងជីវិតដែលមានក្តីស្រឡាញ់ និងស្តាប់បង្គាប់ព្រះ ក្នុងពេលបច្ចុប្បន្ន និងជារៀងរហូត។
លោកអ្នកអាចវិលត្រឡប់ទៅកាន់ទំព័រដើមរបស់គេហទំព័រ ដ្បិតព្រះទ្រង់ស្រឡាញ់ ដើម្បីមើលអត្ថបទ និងធនធានដទៃទៀត