អ្វីដែលត្រូវធ្វើ បន្ទាប់ពីបានធ្វើអំពើបាបហើយ?

អាន : លូកា ២២:៥៤-៦២

នោះពេត្រុសក៏នឹកឃើញ ពីព្រះបន្ទូលនៃព្រះអម្ចាស់ ដែលមានព្រះបន្ទូលនឹងគាត់ …រួចគាត់ចេញទៅក្រៅដោយយំក្តួល។-ខ.៦១-៦២

នៅពេលយប់ មុនពេលគេយកព្រះយេស៊ូវទៅឆ្កាង មានសិស្សរបស់ទ្រង់ពីរនាក់បានទាស់ប្រឆាំងនឹងទ្រង់។ យូដាសបានក្បត់ព្រះយេស៊ូវ ដោយនាំពួកសត្រូវរបស់ទ្រង់ មកចាប់ទ្រង់នៅក្នុងសួនច្បារ(លូកា ២២:៤៧-៤៨)។ ចំណែកឯពេត្រុសវិញ គាត់បានបដិសេធន៍បីដងថា គាត់មិនស្គាល់ទ្រង់ទេ(ខ.៥៧-៦០)។

តែអ្វីដែលពួកគេធ្វើ បន្ទាប់ពីពួកគេបានដឹងខ្លួនខុស គឺពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់។ ពេលនោះ ពេត្រុសក៏បានទួញយំដោយទឹកភ្នែកដ៏ល្វីងជូរចត់ ទាំងបានប្រែចិត្តផង ហើយក្រោយមក ព្រះយេស៊ូវទ្រង់ក៏បានស្អាងគាត់ឡើងវិញ ដោយសុភាព(ខ.៦២ យ៉ូហាន ២១:១៥-១៧) តែយូដាសវិញ ក៏បានទៅចងករសម្លាប់ខ្លួន(ម៉ាថាយ ២៧:៥)។

មនុស្សយើងប្រព្រឹត្តអំពីបាបជារឿងធម្មតា តែអ្វីដែលសំខាន់បំផុតនោះ បន្ទាប់ពីយើងបានធ្វើបាបហើយ តើយើងធ្វើអ្វីទៀត? ពេលយើងទប់កំហឹងមិនជាប់ ហើយក៏បាននិយាយចេញនូវពាក្យពេចន៍ដ៏សាហាវ មកកាន់សមាជិកគ្រួសារ ឬមិត្តភក្តិ តើយើងត្រូវធ្វើអ្វីជាបន្ទាប់ទៀត? បើយើងបានធ្វើបាបមិត្តរួមការងារ តើយើងត្រូវធ្វើអ្វីជាបន្ទាប់ទៀត? បើយើងកំពុងជាប់នៅក្នុងគំនិតដ៏អាក្រក់ តើយើងត្រូវធ្វើអ្វីជាបន្ទាប់ទៀត? ការយកលេស ការនិយាយការពារទង្វើរបស់ខ្លួន ការស្តីបន្ទោសអ្នកដទៃ ឬការមិនអើពើចំពោះព្រះ គឺសុទ្ធតែជាការធ្វើអំពើបាប បន្ថែមពីលើអំពើបាបទីមួយដែលខ្លួនទើបតែបានប្រព្រឹត្តហើយនោះ។

ពេលដែលអ្នកកំពុងអានអត្ថបទនេះ ព្រះវិញ្ញាណបរិសុទ្ធអាចនាំឲ្យអ្នកគិតអំពីអំពើបាបខ្លះ ដែលមានក្នុងជីវិតអ្នក។ បើទ្រង់ពិតជាធ្វើការក្នុងចិត្តអ្នកមែន នោះជម្រើសរបស់អ្នក គឺត្រូវសម្រេចចិត្តថាតើ អ្នកត្រូវប្រែចិត្ត ហើយសារភាពអំពើបាបរបស់អ្នកដល់ព្រះ(១យ៉ូហាន ១:៩) ឬបន្តបដិសេធន៍ថា អ្នកគ្មានបញ្ហានៃអំពើបាបទេ។

ពេលអ្នកធ្វើអំពើបាបណាមួយ ចូរកុំធ្វើអំពើបាបបន្ថែមទៀតឡើយ។ ចូរប្រញាប់ នាំអំពើបាបនោះចូលទៅរកព្រះអម្ចាស់ ដោយការអធិស្ឋានលន់តួរបាបរបស់អ្នកចុះ។ អ្វីដែលសំខាន់បំផុតនោះ តើអ្នកនឹងធ្វើអ្វីទៀត បន្ទាប់ពីបានធ្វើអំពើបាបហើយនោះ?-Dave Egner

សម្រាប់ការសិក្សាបន្ថែម
ក្នុង ១យ៉ូហាន ១:៨-១០ តើបទគម្ពីរនេះបានបង្រៀនអ្វីខ្លះ អំពីខ្លួនយើង?
តើយើងត្រូវមានប្រតិកម្មយ៉ាងណា ចំពោះអំពើបាប ក្នុងជីវិតយើង?(១យ៉ូហាន ១:៩)
តើអ្វីជាមូលដ្ឋានគ្រឹះ នៃការអត់ទោសបាបរបស់យើង?(១យ៉ូហាន ២:១-២)

ការបដិសេធន៍មិនទទួលស្គាល់អំពើបាបដែលខ្លួនបានប្រព្រឹត្ត ជាការធើ្វអំពើបាបបន្ថែមពីលើអំពើបាបដែលបានប្រព្រឹត្តហើយ ការសារភាពនៅចំពោះព្រះ លប់ចោលនូវអំពើបាបនោះ។

ការអានបទគម្ពីរ សម្រាប់ថ្ងៃនេះ – លូកា ២២:៥៤-៦២

៥៤ គេក៏ចាប់ទ្រង់ដឹកនាំទៅដល់ដំណាក់សំដេចសង្ឃ ឯពេត្រុស គាត់តាមទៅពីចំងាយដែរ ៥៥ កាលគេបានបង្កាត់ភ្លើងនៅកណ្តាលព្រះលាន ហើយអង្គុយជាមួយគ្នា នោះពេត្រុសក៏អង្គុយជាមួយនឹងគេដែរ ៥៦ មានស្រីបំរើម្នាក់ឃើញគាត់អង្គុយនៅជិតភ្លើង ក៏សំឡឹងមើល ហើយនិយាយថា អ្នកនេះបាននៅជាមួយនឹងមនុស្សនោះដែរ ៥៧ តែគាត់ប្រកែកថា នាងអើយ ខ្ញុំមិនស្គាល់មនុស្សនោះទេ ៥៨ ក្រោយបន្តិចមក មានម្នាក់ទៀតឃើញគាត់ ហើយក៏ថា អ្នកឯងជាពួកនោះដែរ តែពេត្រុសឆ្លើយថា អ្នកអើយ ខ្ញុំមិនមែនទេ ៥៩ រួចប្រហែលជា១ម៉ោងក្រោយមកមានម្នាក់ទៀតថា អ្នកនេះប្រាកដជាបាននៅជាមួយនឹងមនុស្សនោះដែរ ដ្បិតជាសាសន៍កាលីឡេដូចគ្នា ៦០ តែពេត្រុសប្រកែកថា អ្នកអើយ ខ្ញុំមិនដឹងជាអ្នកថាដូចម្តេចទេ កាលគាត់កំពុងតែនិយាយនៅឡើយ នោះស្រាប់តែមាន់រងាវឡើង ៦១ ហើយព្រះអម្ចាស់ទ្រង់បែរមកទតមើលពេត្រុស នោះពេត្រុសក៏នឹកឃើញ ពីព្រះបន្ទូលនៃព្រះអម្ចាស់ ដែលមានព្រះបន្ទូលនឹងគាត់ថា មុនដែលមាន់រងាវនោះអ្នកនឹងប្រកែក៣ដងថា មិនស្គាល់ខ្ញុំ ៦២ រួចគាត់ចេញទៅក្រៅដោយយំក្តួល។

ការស្វែងយល់

ពេត្រុសបានទួញយំ បន្ទាប់ពីបានបដិសេធន៍ព្រះយេស៊ូវ ព្រោះគាត់ធ្លាប់សន្យាព្រះយេស៊ូវថា គាត់នឹងមិនបដិសេធន៍ទ្រង់ឡើយ។ នៅខាងដើម បទគម្ពីរលូកា ជំពូក២២ ព្រះគ្រីស្ទបានដាស់តឿនពេត្រុស ឲ្យត្រៀមខ្លួនសម្រាប់ “ការរែងវិញ្ញាណ” ដែលអារក្សដ៏ជាខ្មាំងសត្រូវនឹងធ្វើមកលើគាត់ តែពេត្រុសមិនបានចាប់អារម្មណ៍ចំពោះការដាស់តឿននេះទេ(ខ.៣១-៣២)។ ផ្ទុយទៅវិញ គាត់បានអួតអំពីការប្តេជ្ញាចិត្ត និងភាពអាចទុកចិត្តបានរបស់គាត់(ខ.៣៣) ដោយប្រកាសថា គាត់ព្រមឲ្យគេដាក់គុកគាត់ ហើយថែមទាំងព្រមលះបង់ជីវិត ថ្វាយព្រះអម្ចាស់ទៀតផង។ ទីបញ្ចប់ នោះគ្រាន់តែជាការអៈអាងដែលគាត់មិនអាចអនុវត្តតាមប៉ុណ្ណោះ។ ព្រះយេស៊ូវក៏បានឆ្លើយតប ចំពោះការអួតអាងនេះ ដោយមានបន្ទូលថា គាត់នឹងបដិសេធន៍ទ្រង់បីដង ជាបទទំនាយ ដែលបានសម្រច យ៉ាងសោកសៅបំផុត គឺដូចដែលមានចែងក្នុងបទគម្ពីរសម្រាប់អានថ្ងៃនេះ។