ដោយគ្មានលក្ខខ័ណ្ឌឬ?
ក្មេងៗខ្លះមានការធុញទ្រាន់ នៅក្នុងការដើរផ្សារជាមួយម្តាយរបស់ខ្លួន។ ក្មេងៗឆ្ងល់ថា ហេតុអ្វីបានជាម្តាយរបស់វាចំណាយពេលយូរម្ល៉េះ នៅក្នុងការជ្រើសរើសផ្លែស្វាយ ពេលដែលមើលទៅផ្លៃស្វាយទាំងអស់នោះ ហាក់ដូចជាល្អដូចតែគ្នា។ ជាការពិតណាស់ ម្តាយរបស់ពួកគេចំណាយពេលច្រើនដូចនេះ គឺដោយសារ គាត់មាន “លក្ខខ័ណ្ឌ” ជាច្រើន ដែលត្រូវបំពេញតាម នៅក្នុងការទិញឥវ៉ាន់។ ទាល់តែផ្លែស្វាយដែលគាត់ត្រូវទិញនោះ ត្រូវមានលក្ខណៈល្អគ្រប់គ្រាន់ និងតម្លៃសមរម្យ ទើបគាត់ជ្រើសរើស។ អ្នកចិត្តសាស្រ្តបានមានប្រសាសន៍ថា ពេលយើងធ្លាក់ក្នុងអន្លង់ស្នេហ៍ យើងក៏បានដាក់លក្ខខ័ណ្ឌជាច្រើន នៅក្នុងចិត្ត ដោយមិនដឹងខ្លួន។ ព្រះគម្ពីរបរិសុទ្ធបានប្រកាសថា ព្រះជាសេចក្តីស្រឡាញ់(១យ៉ូហាន ៤:១៦)។ ប៉ុន្តែ តើព្រះអង្គស្រឡាញ់មនុស្សម្នាក់ៗ ដោយមានលក្ខខ័ណ្ឌដូចយើងដែរឬទេ?
ក្នុងអត្ថបទថ្ងៃមុន យើងឃើញថា បទគម្ពីរ យ៉ូហាន ៣:១៦ បានចាប់ផ្តើមដោយពាក្យថា “ដ្បិតព្រះទ្រង់” ហើយពេលនេះ សូមយើងពិចារណាអំពីពាក្យ “ស្រឡាញ់…ដល់ម្ល៉េះ”វិញម្តង ដែលជាពាក្យបន្ទាប់ក្នុងបទគម្ពីរនេះ។ ក្នុងព្រះគម្ពីរដើមជាភាសាក្រិក ពាក្យ “ស្រឡាញ់ … ដល់ម្ល៉េះ” គឺមានន័យថា ព្រះទ្រង់បានសម្រេចព្រះទ័យស្រឡាញ់យើង តាមរបៀបរបស់ទ្រង់។ តើព្រះអង្គស្រឡាញ់យើងយ៉ាងដូចម្តេចខ្លះ? បទគម្ពីរ យ៉ូហាន ៣:១៦ បានចែងថា ព្រះអង្គបានស្រឡាញ់យើងខ្លាំងណាស់ ដោយបានចាត់ព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ដែលក្នុងនោះ ព្រះរាជបុត្រា និងព្រះវរបិតា គឺជាព្រះតែមួយ ដែលមានលក្ខណៈរួមគ្រប់យ៉ាង ហើយព្រះអង្គជាព្រះ(កូល៉ុស ១:១៥-២០)។
តើអ្នកមានការភ្ញាក់ផ្អើលទេ ដែលព្រះទ្រង់បានប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីសង្រ្គោះយើង? ជាការពិតណាស់ អ្នកមិនគួរមានការភ្ញាក់ផ្អើលទេ ព្រោះព្រះនៃក្តីស្រឡាញ់ ទ្រង់មានសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅដូចនេះឯង។ ព្រះអង្គគ្មានការស្ទាក់ស្ទើរនៅក្នុងការប្រទានដល់យើង នូវអ្វីៗគ្រប់យ៉ាងរបស់ព្រះអង្គ និងអ្វីដែលល្អបំផុត សូម្បីតែព្រះជន្មរបស់ទ្រង់ ក៏ព្រះអង្គបានលះបង់សម្រាប់យើងដែរ។ បទគម្ពីររ៉ូម ៨:៣២ បានចែងថា គ្មានអ្វីដែលព្រះអង្គបានសំចៃទុកឡើយ។ ការនេះគ្រាន់តែបានបង្ហាញ អំពីលក្ខណៈនៃការលះបង់អាត្មាខ្លួនឯងរបស់ព្រះអង្គ ដូចនេះ ព្រះអង្គបានស្រឡាញ់យើង ដោយគ្មានលក្ខខ័ណ្ឌ។ តើនេះមិនមែនជាការអស្ចារ្យទេឬ ដែលព្រះអង្គបានស្រឡាញ់យើង យ៉ាងដូចនេះ?
តើយើងអាចឆ្លើយតប ចំពោះក្តីស្រឡាញ់របស់ព្រះអង្គ ដោយរបៀបណាខ្លះ?
លោកអ្នកអាចវិលត្រឡប់ទៅកាន់ទំព័រដើមរបស់គេហទំព័រ ដ្បិតព្រះទ្រង់ស្រឡាញ់ ដើម្បីមើលអត្ថបទ និងធនធានដទៃទៀត