អំណោយដ៏ថ្លៃថ្លាបំផុត
តើធ្វើដូចម្តេច ឲ្យខ្ញុំដឹងថា ព្រះទ្រង់ពិតជាបានស្រឡាញ់ខ្ញុំមែន? ត្រង់ចំណុចនេះ បទគម្ពីរយ៉ូហានបានប្រាប់យើង ត្រង់ៗថា “ព្រះទ្រង់បានស្រឡាញ់មនុស្សលោកខ្លាំងណាស់ បានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយ”។ ព្រះគម្ពីរដើមជាភាសាក្រិកបានប្រើពាក្យ “ព្រះរាជបុត្រាតែមួយ” ដើម្បីសង្កត់ធ្ងន់ថា ការលះបង់របស់ព្រះ គឺធំធេង គ្នាអ្វីប្រៀបផ្ទឹមបានឡើយ។ ពាក្យ “ព្រះរាជបុត្រាតែមួយ” ក៏ត្រូវបានប្រើ និងរៀបរាប់ក្នុង បទគម្ពីរយ៉ូហាន ១:១៤ និង១:១៨ ដែលមានន័យថា “ព្រះរាជបុត្រាពិសេសតែមួយ គ្មានអ្វីអាចប្រៀបផ្ទឹមបាន”។ តើនរណាជា “ព្រះរាជបុត្រាតែមួយ” របស់ព្រះ? តើព្រះអង្គមានអ្វីដែលពិសេសខុសគេ?
បទគម្ពីរយ៉ូហានបានប្រកាសតាំងពីខដំបូងថា ព្រះយេស៊ូវទ្រង់ជាព្រះ(យ៉ូហាន ១:១-៤) ដែលបានយកកំណើតជាមនុស្សដូចយើងរាល់គ្នា ដើម្បីរស់នៅក្នុងចំណោមយើង(យ៉ូហាន ១:១៤ ម៉ាថាយ ១:២៣) ដើម្បីជួយសង្រ្គោះយើង(ម៉ាថាយ ១:២១ យ៉ូហាន ៣:១៧ ១យ៉ូហាន ៤:១៤)។ ព្រះយេស៊ូវទ្រង់បានបញ្ជាក់យ៉ាងច្បាស់ថា ទ្រង់ជាព្រះ ដោយមានបន្ទូលថា “ខ្ញុំហើយ និងព្រះវរបិតា គឺតែ១ព្រះអង្គទេ … អ្នកណាដែលឃើញខ្ញុំ នោះក៏បានឃើញព្រះវរបិតាដែរ”(យ៉ូហាន ១០:៣០ ១៤:៩)។
ការលះបង់ជីវិតខ្លួនឯង គឺជាការលះបង់ដ៏ធំបំផុត សម្រាប់អ្នកដទៃ។ ហើយព្រះទ្រង់បានធ្វើការលះបង់ដ៏ធំដូចនេះឯង។ ព្រះអង្គបានប្រទានអំណោយដ៏អស្ចារ្យបំផុត គឺបានប្រទានព្រះអង្គកាយ និងព្រះជន្មទ្រង់ ដែលជាអំណោយដ៏ថ្លៃថ្លាបំផុត ដើម្បីបង្ហាញថា ព្រះអង្គស្រឡាញ់យើងខ្លាំងប៉ុណ្ណា(យ៉ូហាន ១៥:១៣ រ៉ូម ៥:៦-៨ ១យ៉ូហាន ៤:៩-១០)។ ព្រះយេស៊ូវ ទ្រង់បានបង្ហាញនូវជម្រៅនៃក្តីស្រឡាញ់របស់ព្រះ ដែលគ្មានអ្វីអាចវាស់បានឡើយ។
អំណោយដ៏ល្អបំផុត គឺជាអង្គព្រះយេស៊ូវគ្រីស្ទ។ “អរព្រះគុណដល់ព្រះអង្គ ដោយព្រោះអំណោយទានទ្រង់ដ៏រកថ្លែងពុំបាន”(២កូរិនថូស ៩:១៥)។
លោកអ្នកអាចវិលត្រឡប់ទៅកាន់ទំព័រដើមរបស់គេហទំព័រ ដ្បិតព្រះទ្រង់ស្រឡាញ់ ដើម្បីមើលអត្ថបទ និងធនធានដទៃទៀត