តើអ្នកស្រឡាញ់ខ្ញុំទេ?

អាន : យ៉ូហាន ២១:១៥-២៥

តើអ្នកស្រឡាញ់ខ្ញុំជាជាងរបស់ទាំងនេះឬអី?-ខ.១៥

ពេលកូនស្រីខ្ញុំមានអាយុ៤ឆ្នាំ ជើងដ៏តូចរបស់នាងបានជួយឲ្យនាងផ្លាស់ទីពេញក្នុងផ្ទះជារៀងរាល់ថ្ងៃ។ ពេលនាងកំពុងដើរឆ្ពោះទៅរកទ្វារខាងមុខ នាងក៏ស្រាប់តែឈប់ ហើយក៏បានវង្វិលខ្លួន។ នាងក៏បានស្រែកហៅខ្ញុំ ដោយការប្រញាប់ប្រញាល់របៀបកូនក្មេងថា “ម៉ាក់ ខ្ញុំស្រឡាញ់ម៉ាក់!” បន្ទាប់មក នាងក៏បានរត់ចេញទៅបាត់ទៀត។ នាងពិតជាអាចធ្វើឲ្យឪពុកម្តាយនាងមានចិត្តរីករាយណាស់។

ចូរយើងស្រមៃអំពីរឿងដែលកើតឡើងដូចនេះ ក្នុងកាលៈទេសៈដែលខុសគ្នា។ ឧបមាថា ខ្ញុំទើបតែបានប្រាប់ឲ្យនាងដើរមកតុបាយជាលើកទី៣។ តែនាងក៏បានរត់មករកខ្ញុំហើយ ក៏បានរត់ទៅរកទ្វារខាងមុខវិញ ហើយខ្ញុំក៏បានឃើញនាងឈប់ ហើយនិយាយថា “កូនស្រឡាញ់ម៉ាក់” រួចនាងក៏បង្វិលខ្លួន ហើយក៏រត់ចេញតាមទ្វារមុខទៀត។ ក្នុងករណីនេះ ការនិយាយចេញនូវពាក្យសម្តីដ៏ផ្អែមដូចនេះ នរណាក៏អាចមានអារម្មណ៍កក់ក្តៅក្នុងចិត្តដែរ។

យ៉ាងណាមិញ ព្រះអម្ចាស់ទ្រង់ក៏បានរង់ចំាពាក្យ “ទូលបង្គំស្រឡាញ់ព្រះអង្គ” ពីកូនៗរបស់ទ្រង់ ដោយមានការប្រព្រឹត្តជាសំអាង។ ពេលទ្រង់សួរពេត្រុសថា “តើអ្នកស្រឡាញ់ខ្ញុំទេ?”(យ៉ូហាន ២១:១៥) ទ្រង់មិនគ្រាន់តែចង់ឮគាត់ថា “ពិតណាស់ ព្រះអម្ចាស់ ទូលបង្គំពិតជាស្រឡាញ់ទ្រង់!” ពេលគាត់ឆ្លើយដូចនេះហើយ ទ្រង់ក៏បានតបវិញ ក្នុងន័យថា “ពេត្រុស បើអ្នកស្រឡាញ់ខ្ញុំ ចូរមើលថែរអ្នកដែលខ្ញុំស្រឡាញ់ផង។ ពេត្រុស បើអ្នកស្រឡាញ់ខ្ញុំ ចូរមកតាមខ្ញុំចុះ”។

តើអ្នកនឹងឆ្លើយតបយ៉ាងណា បើព្រះអម្ចាស់បានសួរអ្នកនូវសំណួរដូចនេះដែរ? តើអ្នកនឹងឆ្លើយថា “បាទ ឬចាស ព្រះអម្ចាស់ ទូលបង្គំស្រឡាញ់ទ្រង់” ឬ? ពាក្យសម្តីនេះនឹងធ្វើឲ្យព្រះវរបិតាអរព្រះទ័យណាស់ ប្រសិនបើអ្នកជាកូនដែលស្តាប់បង្គាប់ទ្រង់។-Mart DeHaan

ឱព្រះគ្រីស្ទ ទូលបង្គំសូមស្រឡាញ់ទ្រង់ថែមទៀត!
សូមស្តាប់ឮពាក្យដែលទូលបង្គំអធិស្ឋានទាំងលុតជង្គង់
ទូលបង្គំសូមថ្វាយក្តីស្រឡាញ់ដល់ទ្រង់ថែមទៀត!-Prentiss

ការស្រឡាញ់ព្រះ គឺជាការស្តាប់បង្គាប់ទ្រង់។

ការអានបទគម្ពីរសម្រាប់ថ្ងៃនេះ – យ៉ូហាន ២១:១៥-២៥

១៥ កាលគេបានបរិភោគរួចហើយ នោះព្រះយេស៊ូវមានព្រះបន្ទូលនឹងស៊ីម៉ូន-ពេត្រុសថា ស៊ីម៉ូនកូនយ៉ូណាសអើយ តើអ្នកស្រឡាញ់ខ្ញុំជាជាងរបស់ទាំងនេះឬអី គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ ទ្រង់ជ្រាបថាទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ទ្រង់មានព្រះបន្ទូលថា ចូរឲ្យចំណីដល់កូនចៀមខ្ញុំស៊ីផង ១៦ រួចទ្រង់មានព្រះបន្ទូលទៅគាត់ម្តងទៀតថា ស៊ីម៉ូន កូនយ៉ូណាសអើយ តើស្រឡាញ់ខ្ញុំឬអី គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ ទ្រង់ជ្រាបថា ទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ទ្រង់មានព្រះបន្ទូលទៅគាត់ថា ចូរឃ្វាលហ្វូងចៀមរបស់ខ្ញុំចុះ ១៧ រួចទ្រង់មានព្រះបន្ទូលជាគំរប៣ដងថា ស៊ីម៉ូន កូនយ៉ូណាសអើយ តើពេញចិត្តនឹងខ្ញុំមែនឬអី ពេត្រុសមានចិត្តព្រួយ ដោយទ្រង់មានព្រះបន្ទូលជាគំរប់៣ដងថា តើពេញចិត្តនឹងខ្ញុំឬអីដូច្នេះ បានជាគាត់ទូលឆ្លើយថា ព្រះអម្ចាស់អើយ ទ្រង់ជ្រាបគ្រប់ការទាំងអស់ គឺទ្រង់ជ្រាបថា ទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ចូរឲ្យចំណីដល់ហ្វូងចៀមខ្ញុំស៊ីផង ១៨ ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា កាលអ្នកនៅពីក្មេងនៅឡើយ នោះបានក្រវាត់ខ្លួនឯង ទាំងដើរទៅមកតាមតែចិត្ត តែកាលណាចាស់ហើយ នោះអ្នកនឹងសន្ធឹងដៃទៅ ហើយម្នាក់ទៀតនឹងក្រវាត់ឲ្យអ្នកវិញ ទាំងនាំអ្នកទៅឯកន្លែង ដែលអ្នកមិនចង់ទៅផង ១៩ ទ្រង់មានព្រះបន្ទូលដូច្នេះ ដើម្បីនឹងបង្ហាញពីបែបយ៉ាងណា ដែលគាត់ត្រូវស្លាប់ ប្រយោជន៍ដើម្បីនឹងលើកដំកើងព្រះ កាលទ្រង់មានព្រះបន្ទូលដូច្នោះរួចហើយ នោះក៏ប្រាប់គាត់ថា ចូរមកតាមខ្ញុំចុះ។
២០ ប៉ុន្តែ ពេត្រុសបែរខ្លួនទៅឃើញសិស្ស១នោះ ដែលព្រះយេស៊ូវទ្រង់ស្រឡាញ់ កំពុងដើរមកតាមក្រោយ គឺជាអ្នកដែលផ្អែកលើព្រះឧរាទ្រង់ ក្នុងកាលដែលបរិភោគ នៅពេលយប់នោះ ហើយបានទូលសួរថា ព្រះអម្ចាស់អើយ តើអ្នកណានោះដែលបញ្ជូនទ្រង់ ២១ កាលពេត្រុសបានឃើញគាត់ នោះក៏ទូលសួរដល់ទ្រង់ថា ព្រះអម្ចាស់អើយ តើអ្នកនោះនឹងបានដូចម្តេចទៅ ២២ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគាត់ថា បើសិនជាខ្ញុំចង់ឲ្យអ្នកនោះនៅ ទាល់តែខ្ញុំមក នោះតើអំពល់អ្វីដល់អ្នក ចូរឲ្យអ្នកមកតាមខ្ញុំចុះ។

ការស្វែងយល់

ការដែលព្រះយេស៊ូវបានសួរពេត្រុសបីដង អំពីសេចក្តីស្រឡាញ់ដែលគាត់មានចំពោះទ្រង់ គឺស្របតាមការបដិសេធន៍បីដង ដែលគាត់បានធ្វើមកលើទ្រង់ ពេលទ្រង់កំពុងរងទុក្ខមុនសុគត។