ការអត់ទោសដែលមកពីព្រះ
អាន លូកា ២៣:២៦-៣៤
“ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ”។-ខ.៣៤
មានបុរសម្នាក់ត្រូវគេសម្លាប់ ហើយប្រហែលជិត១០ឆ្នាំក្រោយមក បងប្រុសគាត់ក៏បានប្រឈមមុខនឹងឃាតករ នៅក្នុងតុលាការ។ បងប្រុសគាត់បាននិយាយទាំងកំហឹងញ័រខ្លួនថា “ប្អូនប្រុសខ្ញុំប្រហែលជាអាចអត់ទោសឲ្យឃាតកររបស់គាត់ តែខ្ញុំមិនអត់ទោសឲ្យបានទេ”។
យើងអាចយល់ពីអារម្មណ៍របស់ជនរងគ្រោះ ដែលគេធ្វើបាប ឬទទួលរងអំពើអយុត្តិធម៌។ ពួកគេពិបាកនឹងអត់ទោសឲ្យគេណាស់ ហើយសូម្បីតែពាក្យសម្តីដែលអាចព្យាបាលរបួសដ៏ជ្រៅ និងអាចបន្ថយការឈឺចាប់នៅក្នុងចិត្ត ក៏ពួកគេពិបាកនឹងនិយាយចេញមកដែរ។ តាមនិស្ស័យសាច់ឈាមរបស់យើង យើងមិនងាយនឹងអត់ទោសឲ្យអ្នកដទៃភ្លាមៗឡើយ។ ហេតុនេះហើយ បានជាមានគ្រួសារបែបបាក់ រស់នៅដាច់ពីគ្នា ដោយសារតែការឈឺចាប់ដែលបានកើតមាន តាំងពីយូរមកហើយ។ ជម្លោះដែលឡើងកម្តៅយូរៗទៅ អាចផ្ទុះចេញជាអំពើហឹង្សា។
ប៉ុន្តែ ចូរគិតអំពីការអ្វីដែលព្រះយេស៊ូវបានមានបន្ទូលនៅលើឈើឆ្កាងចុះ។ ទ្រង់បានប្រោសជម្ងឺគេឲ្យជា ទ្រង់បានប្រទានអាហារដល់ហ្វូងមនុស្សដែលស្រេកឃ្លាន ហើយបានបង្រៀនដល់មនុស្សដែលវង្វេងមិនស្គាល់ក្តីពិត។ តែក្រោយមក គេបានបន្ទាបបន្ថោកទ្រង់ ចម្អកឲ្យទ្រង់ ហើយវាយដំទ្រង់ ទោះជាទ្រង់គ្មានទោសកំហុសសោះក៏ដោយ។ ស្ថិតក្នុងពេលដ៏ខ្មៅងងឹតនេះ គ្មាននរណានឹកស្មានថា ទ្រង់នឹងមានបន្ទូលទាំងបបូរមាត់ស្ងួតថា “ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ(លូកា ២៣:៣៤)។ តែនេះជាពាក្យទីមួយ ដែលទ្រង់បានមានបន្ទូល នៅលើឈើឆ្កាង។ ចូរយើងស្រមៃមើល តើព្រះបន្ទូលនេះ បានប៉ះពាល់ចិត្តអ្នកដែលបានឮទ្រង់ដោយផ្ទាល់ខ្លាំងប៉ុណ្ណា! ព្រះយេស៊ូវមិនបានបង្ហាញកំហឹង ឬសេចក្តីសម្អប់ឡើយ តែបន្ទូលទ្រង់នៅពេលនោះ ជាពាក្យដែលមានក្តីស្រឡាញ់បំផុត ដែលមនុស្សម្នាក់អាចនិយាយចេញមក ពេលដែលខ្លួនកំពុងរងទុក្ខជិតស្លាប់។ និយាយរួម បន្ទូលទ្រង់នៅពេលនោះ ជាពាក្យនៃការអត់ទោស។
ឱព្រះអង្គអើយ សូមជួយយើងខ្ញុំមានលក្ខណៈដូចព្រះរាជបុត្រាទ្រង់ នៅក្នុងការអត់ទោសឲ្យអ្នកដទៃ ពេលដែលគេធ្វើអាក្រក់មកលើយើងខ្ញុំ។-Dave Branon
ឱព្រះយេស៊ូវ ទ្រង់បានសម្អាតបាបទូលបង្គំ
ព្រោះទ្រង់បានសុគត ដើម្បីឲ្យយើងខ្ញុំបានរស់
ឲ្យស្គាល់សេចក្តីស្រឡាញ់ដ៏អស្ចារ្យ តើឲ្យយើងខ្ញុំថ្លែងដូចម្តេច?
ឱព្រះយេស៊ូវ សូមជួយយើងខ្ញុំឲ្យអត់ទោសឲ្យអ្នកដទៃ។-D.DeHaan
ការធ្វើអាក្រក់តបស្នងការល្អ គឺកើតមានជាធម្មតា តែការធ្វើល្អ តបស្នងការអាក្រក់ គឺជាការអត់ទោសដែលមកពីព្រះ។
ការអានបទគម្ពីរ សម្រាប់ថ្ងៃនេះ -លូកា ២៣:២៦-៣៤
២៦ កាលគេនាំព្រះយេស៊ូវទៅ នោះគេចាប់មនុស្សសាសន៍គីរេនម្នាក់ ឈ្មោះស៊ីម៉ូន ដែលកំពុងតែវិលមកពីចំការ ក៏ដាក់ឲ្យគាត់លីឈើឆ្កាងតាមទ្រង់ទៅ ២៧ មានមនុស្សដើរតាមទ្រង់ដ៏ណែនណាន់ ក៏មានពួកស្រីៗ ដែលគក់ដើមទ្រូង ហើយយំទួញផង ២៨ ព្រះយេស៊ូវទ្រង់ងាកបែរទៅ មានព្រះបន្ទូលនឹងពួកស្ត្រីទាំងនោះថា កូនស្រីក្រុងយេរូសាឡិមអើយ កុំយំនឹងខ្ញុំឡើយ ឲ្យយំនឹងខ្លួនអ្នករាល់គ្នា ហើយនិងកូនចៅរបស់អ្នករាល់គ្នាវិញចុះ ២៩ ដ្បិតមើល នឹងមានគ្រាមកដល់ដែលគេនឹងថា មានពរហើយ ពួកស្រីអារ និងពោះដែលមិនកើតកូន ហើយដោះដែលមិនបំបៅកូន ៣០ នៅគ្រានោះ គេនឹងចាប់តាំងនិយាយទៅភ្នំធំថា សូមឲ្យរលំមកលើយើងវិញ ហើយទៅភ្នំតូចថា សូមគ្របមកលើយើងចុះ ៣១ ព្រោះបើគេធ្វើការទាំងនេះ ដល់ដើមឈើស្រស់ នោះតើនឹងកើតអ្វីដល់ដើមឈើស្ងួតវិញ។ ៣២ គេក៏នាំចោរកំណាច២នាក់ ទៅសំឡាប់ជាមួយនឹងទ្រង់ដែរ ៣៣ កាលមកដល់កន្លែងដែលហៅថា ភ្នំលលាដ៏ក្បាលហើយ គេឆ្កាងទ្រង់នៅទីនោះ ព្រមទាំងចោរកំណាចផង ម្នាក់ខាងស្តាំ ម្នាក់ខាងឆ្វេងទ្រង់។
ការស្វែងយល់
ក្នុងការបំពេញព្រះរាជបេសកកម្មជួយសង្រ្គោះ របស់ព្រះយេស៊ូវ ទ្រង់តែងតែប្រាស្រ័យទាក់ទងជាមួយមនុស្សដែលមានតម្រូវការខាងវិញ្ញាណ។ នេះជាការពិត ដែលបានកើតឡើង ក្នុងព្រះរាជកិច្ចរបស់ទ្រង់នៅលើផែនដី។ ពិតជាការអស្ចារ្យណាស់ ដែលទ្រង់នៅតែបន្តជួយគេទៀត សូម្បីតែនៅពេលដែលគេកំពុងបណ្តើរទ្រង់ទៅកាល់វ៉ារី ដោយទ្រង់បានជួយវិញ្ញាណមនុស្សជាច្រើន ដែលមានសេចក្តីត្រូវការកាន់តែខ្លាំង។ ជាក់ស្តែងលោកស៊ីម៉ូន មកពីស្រុកគីរេនត្រូវគេឲ្យលីឈើឆ្កាងជំនួសព្រះយេស៊ូវ(ខ.២៦) តែក្រោយមក គេជឿថា គាត់បានទទួលព្រះគ្រីស្ទជាព្រះសង្រ្គោះរបស់ទ្រង់(ម៉ាកុស ១៥:២១)។ នៅពេលនោះ ព្រះយេស៊ូវទ្រង់ក៏បានមានបន្ទូលណែនាំដល់ពួកកូនស្រីនៃក្រុងយេរូសាឡិម ពេលដែលពួកគេកំពុងទួញយំចំពោះការសុគតរបស់ទ្រង់ ដែលជិតមកដល់នោះ(ខ.២៧-៣១) ហើយទ្រង់ក៏បានប្រទានសេចក្តីសង្រ្គោះ ដល់ចោរដែលជិតស្លាប់នៅលើឈើឆ្កាង នៅក្បែរទ្រង់(ខ.៣៩-៤៣)។ ព្រះទ័យស្រឡាញ់ដ៏អស្ចារ្យរបស់ទ្រង់ នៅលើឈើឆ្កាង គឺជាព្រះទ័យស្រឡាញ់មនុស្សបាត់បត់ ដែលជាប់មានបាប ដើម្បីឲ្យពួកគេបានទទួលការអត់ទោសបាបពីទ្រង់(ខ.៣៤)។