មានភស្តុតាងដែលមិនអាចប្រកែកបាន
អាន : កិច្ចការ ១:១-១១
ហើយកាលទ្រង់បានរងទុក្ខរួចហើយ នោះក៏បានសំដែងអង្គទ្រង់មកទាំងរស់ ឲ្យពួកសាវ័កនោះឃើញ ដោយសារភស្តុតាងជាច្រើន ព្រមទាំងលេចមកឯគេ ក៏សំដែងពីអស់ទាំងសេចក្តីខាងឯនគរព្រះ ក្នុងរវាង៤០ថ្ងៃ។-ខ.៣
ព្រះគម្ពីរបានចែងថា ព្រះយេស៊ូវ “ក៏បានសំដែងអង្គទ្រង់មកទាំងរស់ ឲ្យពួកសាវ័កនោះឃើញ ដោយសារភស្តុតាងជាច្រើន”(កិច្ចការ ១:៣)។ សេចក្តីដែលបានចែងនេះ មិនគ្រាន់តែជាការកត់ត្រាបែបប្រវត្តិសាស្រ្ត ដែលលោកលូកាបានធ្វើប៉ុណ្ណោះឡើយ តែថែមតាំងបានបំភ្លឺភ្នែកអ្នករិះគន់ ដែលបានបដិសេធមិនព្រមជឿការមានព្រះជន្មឡើងវិញនៃព្រះកាយរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទផងដែរ។ ត្រង់ចំណុចនេះ លោកលូកាបានធ្វើការប្រកាសដ៏គួរឲ្យកត់សម្គាល់ថា ព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ មានមនុស្សជាច្រើនបានឃើញទ្រង់ ហើយការមានព្រះជន្មឡើងវិញរបស់ទ្រង់ ត្រូវបានបញ្ជាក់ ដោយភស្តុតាងដែលគួរឲ្យជឿជាច្រើនសណ្ឋិក។
សព្វថ្ងៃនេះ ជាង២០០០ឆ្នាំមកហើយ ដែលសេចក្តីបង្រៀនអំពីការមានព្រះជន្មឡើងវិញរបស់ព្រះអម្ចាស់នៃយើង បានទទួលការវាយប្រហារឥតឈប់ឈរ លើសសេចក្តីបង្រៀនណាទាំងអស់ក្នុងព្រះគម្ពីរបរិសុទ្ធ។ តែរឿងនេះគ្មានអ្វីប្លែកទេ ព្រោះការមានព្រះជន្មឡើងវិញរបស់ទ្រង់ ជាគន្លឹះ និងជាមូលដ្ឋានគ្រឹះដែលទ្រទ្រង់សេចក្តីបង្រៀន ឬគោលិទ្ធិទាំងអស់របស់គ្រីស្ទបរិស័ទ។
រចនាសម្ព័ន្ធទាំងមូល នៃគោលទ្ធិរបស់គ្រីស្ទបរិស័ទ គឺពឹងផ្អែកទាំងស្រុងទៅលើការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ។ បើគ្មានភស្តុតាង ឬសាក្សីដើម្បីបញ្ជាក់ថា ព្រះយេស៊ូវពិតជាបានមានព្រះជន្មរស់ឡើងវិញទេ នោះជំនឿរបស់គ្រីស្ទបរិស័ទមុខជានឹងត្រូវរលំរលាយទៅជាធូលីដីអស់ ហើយមានតម្លៃអន់ជាងរឿងព្រេងទេវកថា របស់ជនជាតិក្រិក និងរ៉ូម៉ាំងនៅសម័យបុរាណទៅទៀត។
អារក្សបានដឹងអំពីចំណុចនេះ ហេតុនេះហើយ បានជាការវាយប្រហារមកលើការមានព្រះជន្មឡើងវិញនៃព្រះកាយទ្រង់ គឺជាការវាយប្រហារដំបូង និងញឹកញាប់បំផុតរបស់វា មកលើសេចក្តីពិតនៃព្រះគ្រីស្ទ។ ភាពអាចទុកចិត្តបាននៃជំនឿរបស់គ្រីស្ទបរិស័ទ គឺផ្អែកទៅលើភស្តុតាងដែលមិនអាចប្រកែកបានជាច្រើន ដែលបានបញ្ជាក់ថា ព្រះយេស៊ូវពិតជាមានព្រះជន្មរស់មែន។-M.R. DeHaan, M.D.
ព្រះគ្រីស្ទជាជីវិត។ ផ្នូរនៅទទេ គឺបានប្រកាសថា
ទ្រង់បានឈ្នះសេចក្តីស្លាប់ហើយ។ ហើយអ្នកដែលទុកចិត្តលើទ្រង់
នោះគ្មានសេចក្តីស្លាប់ ឬស្ថាននរកណាអាចធ្វើទុក្ខពួកគេបានឡើយ។-Anon
ដោយសារព្រះគ្រីស្ទមានព្រះជន្មរស់ នោះយើងមិនចាំបាច់ត្រូវខ្លាចសេចក្តីស្លាប់ឡើយ។
ការអានបទគម្ពីរសម្រាប់ថ្ងៃនេះ – កិច្ចការ ១:១-១១
១ ឱលោកថេវភីលអើយ ខ្ញុំបានតែងរឿង១ច្បាប់មុននោះ ពីអស់ទាំងការដែលព្រះយេស៊ូវ បានចាប់តាំងធ្វើ ហើយបង្រៀន ២ ដរាបដល់ថ្ងៃ ដែលព្រះបានលើកទ្រង់ឡើងផុតទៅហើយ គឺក្រោយដែលទ្រង់បានផ្តាំ ដោយនូវព្រះវិញ្ញាណបរិសុទ្ធ ដល់ពួកសាវ័ក ជាពួកអ្នកដែលទ្រង់បានរើស ៣ ហើយកាលទ្រង់បានរងទុក្ខរួចហើយ នោះក៏បានសំដែងអង្គទ្រង់មកទាំងរស់ ឲ្យពួកសាវ័កនោះឃើញ ដោយសារភស្តុតាងជាច្រើន ព្រមទាំងលេចមកឯគេ ក៏សំដែងពីអស់ទាំងសេចក្តីខាងឯនគរព្រះ ក្នុងរវាង៤០ថ្ងៃ ៤ រួចមក កាលបានប្រជុំទាំងអស់គ្នាហើយ នោះទ្រង់ហាមមិនឲ្យគេចេញពីក្រុងយេរូសាឡិមឡើយ ដោយព្រះបន្ទូលថា ត្រូវឲ្យនៅចាំសេចក្តីសន្យានៃព្រះវរបិតា ដែលអ្នករាល់គ្នាបានឮខ្ញុំថ្លែងប្រាប់ហើយ ៥ ដ្បិតពិតជាលោកយ៉ូហានបានធ្វើបុណ្យជ្រមុជដោយទឹក ប៉ុន្តែនៅបន្តិចទៀត អ្នករាល់គ្នានឹងទទួលបុណ្យជ្រមុជ ដោយព្រះវិញ្ញាណបរិសុទ្ធវិញ។ ៦ ដូច្នេះ កាលពួកសាវ័កបានប្រជុំគ្នា នោះក៏ទូលសួរថា ព្រះអម្ចាស់អើយ តើនៅគ្រានេះឬអី ដែលទ្រង់នឹងតាំងនគរឲ្យសាសន៍អ៊ីស្រាអែលឡើងវិញនោះ ៧ តែទ្រង់មានព្រះបន្ទូលឆ្លើយថា មិនត្រូវឲ្យអ្នករាល់គ្នាដឹងពេល ដឹងកំណត់ ដែលព្រះវរបិតាបានទុកនៅក្នុងអំណាចរបស់ទ្រង់នោះឡើយ ៨ ប៉ុន្តែ កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង ៩ កាលទ្រង់បានមានព្រះបន្ទូលសេចក្តីទាំងនោះរួចជាស្រេច ហើយពួកសាវ័កកំពុងតែមើល នោះព្រះបានលើកទ្រង់ឡើងទៅ រួចមានពពកមកបំបាំងទ្រង់ ពីភ្នែកគេ។
១០ កំពុងដែលគេងើយសំឡឹងមើលទៅលើមេឃ ក្នុងកាលដែលទ្រង់យាងទៅ នោះឃើញមាន២នាក់ ស្លៀកពាក់ស ឈរនៅជិត និយាយថា ១១ ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីបានជាឈរងើយមើលទៅលើមេឃដូច្នេះ ព្រះយេស៊ូវនេះឯង ដែលព្រះបានលើកពីអ្នករាល់គ្នាឡើងទៅលើស្ថានសួគ៌ ទ្រង់នឹងយាងមកវិញ តាមបែបដដែល ដូចជាអ្នករាល់គ្នាបានឃើញទ្រង់ទៅនោះដែរ។