ការលីឈើឆ្កាង

អាន : ម៉ាថាយ ១០:២៤-៣៩

អ្នកណាដែលមិនយកឈើឆ្កាងខ្លួន មកតាមខ្ញុំ អ្នកនោះមិនគួរនឹងខ្ញុំឡើយ។-ខ.៣៨

ឈើឆ្កាង ជាឧបករណ៍ដែលមានភាពគ្រាតគ្រើម ធ្វើពីឈើ ដែលគេប្រើ នៅក្នុងការធ្វើគុតព្រះយេស៊ូវគ្រីស្ទ។ ប៉ុន្តែ មុនពេលពួកសិស្សដឹងថា ព្រះយេស៊ូវទ្រង់នឹងសុគត តាមរបៀបនេះ ទ្រង់បានមានបន្ទូលទៅកាន់ពួកគេ អំពីឈើឆ្កាង។ ពេលទ្រង់ឈរនៅក្បែរសមុទ្រកាលីឡេ ក្នុងការរៀបចំពួកសិស្សទ្រង់ សម្រាប់ការឈោងចាប់ “រាស្រ្តអ៊ីស្រាអែល ជាចៀមរបស់ព្រះ ដែលបានវង្វេងចេញ”(ម៉ាថាយ ១០:៦) ទ្រង់ក៏បានប្រាប់ពួកគេថា “អ្នកណាដែលមិនយកឈើឆ្កាងខ្លួន មកតាមខ្ញុំ អ្នកនោះមិនគួរនឹងខ្ញុំឡើយ”(ខ.៣៨)។

កាលនោះ ពួកគេមិនដឹងថា ព្រះយេស៊ូវកំពុងមានបន្ទូលសំដៅទៅលើឈើឆ្កាង ដែលគេនឹងប្រើដើម្បីធ្វើគុតទ្រង់នោះទេ តែពួកគេដឹងថា ឈើឆ្កាងជានិមិត្តរូបដំណាងឲ្យអ្វី។ ការឆ្កាងសម្លាប់ គឺជាទោសប្រហារជីវិតដែលមានជាធម្មតានៅសម័យនោះ។ ដូចនេះ ពួកសាវ័កយល់ច្បាស់ អំពីការឈឺចាប់ ការដាក់ទោស និងទុក្ខវេទនា ដែលមាននៅលើឈើឆ្កាង។ ការលីឈើឆ្កាង គឺជាការដើរតាមផ្លូវដ៏ពិបាកបំផុតនៃជីវិត។

ដូចនេះ តើហេតុអ្វីបានជាព្រះយេស៊ូវបានលើកទឹកចិត្តឲ្យយើងលីឈើឆ្កាង? ព្រះទ្រង់សព្វព្រះទ័យឲ្យពួកសិស្សទ្រង់ ដែលបានស្ម័គ្រចិត្តប្រឈមមុខនឹងទុក្ខលំបាក បានលីឈើឆ្កាងដើម្បីបំពេញបុព្វហេតុរបស់ទ្រង់។ មិនយូរប៉ុន្មាន ទ្រង់ក៏ត្រូវគេធ្វើគុតនៅលើឈើឆ្កាង ហើយពួកសិស្សទ្រង់នឹងត្រូវនាំព្រះរាជសារទ្រង់ ទៅចែកចាយដល់អ្នកដទៃ។ ដើម្បីតតាំងនឹងអំណាច ដែលព្យាយាមបំបិទដំណឹងល្អ យើងត្រូវមានការប្តេជ្ញាចិត្តទាំងស្រុង។

សព្វថ្ងៃនេះ យើងក៏ត្រូវមានការប្តេជ្ញាចិត្តដូចនេះផងដែរ។ តើយើងស្ម័គ្រចិត្តលីឈើឆ្កាង ហើយបម្រើព្រះគ្រីស្ទ ដោយបដិសេធន៍ខ្លួនឯងឬទេ? កិច្ចការនេះធំណាស់ តែយើងនឹងបានទទួលរង្វាន់ដ៏អស់កល្បជានិច្ច។-Dave Branon

តើខ្ញុំជាទាហាននៃឈើឆ្កាងឬទេ?
តើខ្ញុំជាអ្នកដើរតាមកូនចៀមនៃព្រះឬទេ?
ហើយតើខ្ញុំត្រូវមានការភ័យខ្លាច នៅក្នុងការបំពេញបុព្វហេតុរបស់ទ្រង់
ឬហ៊ាននិយាយព្រះនាមទ្រង់ឬទេ?-Watts

ដោយព្រះគ្រីស្ទបានធ្វើច្រើនយ៉ាងនេះសម្រាប់យើងហើយ តើធ្វើដូចម្តេចឲ្យយើងលះបង់តែបន្តិចបន្តួចថ្វាយទ្រង់ទៅកើត?

ការអានបទគម្ពីរសម្រាប់ថ្ងៃនេះ – ម៉ាថាយ ១០:២៤-៣៩

២៤ សិស្សមិនមែនលើសជាងគ្រូទេ ហើយបាវក៏មិនលើសជាងចៅហ្វាយខ្លួនដែរ ២៥ បើសិស្សបានស្មើនឹងគ្រូ ហើយបាវស្មើនឹងចៅហ្វាយ នោះល្មមហើយ បើសិនជាគេហៅម្ចាស់ផ្ទះថា បេលសេប៊ូល នោះចំណង់បើពួកអ្នកនៅផ្ទះនោះទាំងប៉ុន្មាន តើគេនឹងហៅយ៉ាងនោះលើសជាងអម្បាលម៉ានទៅទៀត។
២៦ ដូច្នេះ មិនត្រូវឲ្យខ្លាចគេឡើយ ដ្បិតគ្មានអ្វីគ្របបាំង ដែលមិនត្រូវសំដែងចេញ ឬអ្វីលាក់លៀម ដែលមិនត្រូវបង្ហាញឲ្យគេស្គាល់នោះទេ ២៧ ការអ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នានៅទីងងឹត នោះចូរសំដែងនៅទីភ្លឺ ហើយការអ្វី ដែលអ្នករាល់គ្នាឮនៅត្រចៀក នោះចូរថ្លែងប្រាប់ពីលើដំបូលផ្ទះវិញចុះ ២៨ កុំឲ្យខ្លាចចំពោះពួកអ្នកដែលសំឡាប់បានតែរូបកាយ តែពុំអាចនឹងសំឡាប់ដល់ព្រលឹងបាននោះឡើយ ស៊ូឲ្យខ្លាចព្រះអង្គវិញជាជាង ដែលទ្រង់អាចនឹងធ្វើឲ្យទាំងព្រលឹង និងរូបកាយវិនាសទៅក្នុងនរកផង ២៩ តើគេមិនលក់ចាប២ថ្លៃ១លុយទេឬអី តែគ្មានចាបណាមួយធ្លាក់ទៅដី ឥតព្រះវរបិតានៃអ្នករាល់គ្នាជ្រាបឡើយ ៣០ សូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ ៣១ យ៉ាងនោះមិនត្រូវឲ្យខ្លាចឡើយ អ្នករាល់គ្នាមានដំឡៃ លើសជាងចាបជាច្រើន។
៣២ ដូច្នេះ អស់អ្នកណាដែលទទួលថ្លែងប្រាប់ពីខ្ញុំ នៅមុខមនុស្សលោក នោះខ្ញុំនឹងទទួលថ្លែងប្រាប់ពីអ្នកនោះ នៅចំពោះព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ដែរ ៣៣ តែអ្នកណាដែលមិនព្រមទទួលស្គាល់ខ្ញុំ នៅមុខមនុស្សលោកទេ នោះខ្ញុំក៏មិនព្រមទទួលស្គាល់អ្នកនោះ នៅចំពោះព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ដែរ។
៣៤ កុំឲ្យស្មានថា ខ្ញុំមកនឹងតាំងឲ្យមានសេចក្តីមេត្រីនៅផែនដីឡើយ ខ្ញុំមិនមែនមក ដើម្បីតាំងឲ្យមានសេចក្តីមេត្រីទេ គឺឲ្យមានដាវវិញ ៣៥ ដ្បិតខ្ញុំបានមក ដើម្បីនឹងនាំឲ្យគេទាស់នឹងឪពុកខ្លួន ឲ្យកូនស្រីទាស់នឹងម្តាយ ហើយកូនប្រសាស្រីទាស់នឹងម្តាយក្មេក ៣៦ ឯពួកសត្រូវរបស់អ្នកណា នោះគឺជាពួកអ្នកនៅផ្ទះជាមួយនឹងខ្លួននោះឯង ៣៧ អ្នកណាដែលស្រឡាញ់ឪពុក ឬម្តាយ ជាជាងខ្ញុំ នោះមិនគួរនឹងខ្ញុំទេ ហើយអ្នកណាដែលស្រឡាញ់កូនប្រុសឬស្រី ជាជាងខ្ញុំ នោះក៏មិនគួរនឹងខ្ញុំដែរ ៣៨ អ្នកណាដែលមិនយកឈើឆ្កាងខ្លួន មកតាមខ្ញុំ អ្នកនោះមិនគួរនឹងខ្ញុំឡើយ ៣៩ អ្នកណាដែលរកបានជីវិតខ្លួន នោះនឹងត្រូវបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយយល់ដល់ខ្ញុំ អ្នកនោះនឹងបានជីវិតវិញ។