ការផ្លាស់ប្តូរទិសដៅ

យើងរាល់គ្នា សុទ្ធតែធ្លាប់ឮអំពីរឿងរបស់អ្នក ដែលជួបការផ្លាស់ប្តូរដ៏អស្ចារ្យ ក្នុងស្ថានភាពដ៏លំបាកនៃជីវិត។ ឧទាហរណ៍ សិស្សក្រីក្រម្នាក់ បានទទួលអាហាររូបករណ៍។ អ្នកជម្ងឺដែលជិតស្លាប់ បានទទួលការសង្រ្គោះជីវិត ដោយសារមានគេបរិច្ចាកគ្រឿងក្នុង។ អ្នកទោសដែលត្រូវទទួលទោស តែបានទទួលការលើកលែងទោស។ ទោះបីជា ពួកគេហាក់ដូចជាស្ថិតក្នុងស្ថានភាពអស់សង្ឃឹមក៏ដោយ ក៏ពួកគេនៅតែមានឱកាសចាប់ផ្តើមជាថ្មី ខុសពីការរំពឹងទុក ហើយពួកគេក៏មិនដែលគិតថា ខ្លួនសមនឹងទទួលលទ្ធផលដូចនេះដែរ។

ចាប់តាំងពីសម័យអ័ដាំម និងនាងអេវ៉ា មនុស្សជាតិទាំងមូលបានវង្វេងក្នុងអំពើបាប។ យើងត្រូវបានគ្របសង្កត់ដោយភាពល្ងិតល្ងង់ និងអសីលធម៌ មិនអាចកាត់ផ្តាច់ចំណង ដែលអំពើបាបបានចង់រឹតជីវិតយើងឡើយ។ យើងខ្វះមិនដល់សិរីល្អ ឬខ្នាតគំរូរបស់ព្រះ។ យើងសក្តិសមនឹងទទួលសេចក្តីស្លាប់ ដោយព្រោះអំពើបាបរបស់យើង និងត្រូវដាច់ចេញពីព្រះជារៀងរហូត(រ៉ូម ៣:២៣ ៦:២៣)។

ប៉ុន្តែ ព្រះទ្រង់បានយាងចុះមករកយើង ហើយការលះបង់របស់ព្រះយេស៊ូវ ដែលគេមិននឹកស្មានដល់ ហើយមិនសមនឹងទទួលនោះ បានកែប្រែអ្វីៗគ្រប់យ៉ាងជារៀងរហូត។ យើងមិនចាំបាច់ត្រូវរង់ចាំសេចក្តីស្លាប់ទៀតទេ ផ្ទុយទៅវិញ សព្វថ្ងៃនេះ យើងអាចទន្ទឹងរង់ចាំជីវិតអស់កល្បជានិច្ច នៅក្នុងនគរស្ថានសួគ៌។

បទគម្ពីរ យ៉ូហាន ៣:១៦ បានចែងថា យើងមិនត្រូវវិនាសឡើយ “គឺ” ឲ្យមានជីវិតអស់កល្បជានិច្ចវិញ។ ត្រង់ចំណុចនេះ បានបញ្ជាក់ថា យើងនឹងត្រូវវិនាស ដោយសារអំពើបាប តែដោយសារយើងបានទទួលជឿព្រះយេស៊ូវ នោះយើងនឹងមិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។ បានសេចក្តីថា ពេលយើងទទួលជឿព្រះយេស៊ូវ ជីវិតយើងមានការផ្លាស់ប្តូរទិសដៅ១៨០ដេក្រេ ឬផ្លាស់ប្តូរទិសដៅបញ្ច្រាសទាំងស្រុង ដែលពីមុន យើងកំពុងដាំក្បាលទៅរកសេចក្តីស្លាប់ តែឥឡូវ យើងងាកមករកជីវិតវិញ។

ព្រះទ្រង់បានប្រទាននូវលទ្ធផល ដែលផ្ទុយពីអ្វីដែលយើងសមនឹងទទួល ចូរយើងទទួលយកនូវការអ្វី ដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង។ តើអ្នកបានទទួលជឿព្រះអង្គហើយឬនៅ?

លោកអ្នកអាចវិលត្រឡប់ទៅកាន់ទំព័រដើមរបស់គេហទំព័រ ដ្បិតព្រះទ្រង់ស្រឡាញ់ ដើម្បីមើលអត្ថបទ និងធនធានដទៃទៀត