ការស្លាប់ដើម្បីរស់

អាន : លូកា ៩:១៨-២៦

បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ។-ខ.២៣

ឈើឆ្កាងក្នុងសម័យចក្រភពរ៉ូម៉ាំង ត្រូវបានគេរៀបចំសម្រាប់ប្រហារជីវិតអ្នកទោស។ គេមិនប្រើវាធ្វើអ្វីផ្សេងទៀតទេ។ ដូចនេះ ពេលព្រះយេស៊ូវមានបន្ទូលថា បើនរណាម្នាក់ចង់ដើរតាមទ្រង់ ពួកគេត្រូវ “ផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ” តើបន្ទូលទ្រង់មានន័យថាដូចម្តេច?(លូកា ៩:២៣) ត្រង់ចំណុចនេះ ទ្រង់មិនមែនមានបន្ទូលថា យើងត្រូវឲ្យឆ្កាងរូបកាយយើងនៅលើឈើឆ្កាងនោះទេ។ ទ្រង់មានបន្ទូលអំពី “ឈើឆ្កាង” សំដៅទៅលើការសម្លាប់និស្ស័យសាច់ឈាមរបស់យើង ហើយចុះចូលនឹងបំណងព្រះទ័យព្រះដោយសុភាព។

ការសម្លាប់និស្ស័យសាច់ឈាម គឺជាការបដិសេធន៍ចិត្តដែលលោភលន់ អាត្មានិយម និងត្រេកត្រអាល ខុសនឹងព្រះបន្ទូលព្រះ។ វាជាការព្រមឲ្យគេយល់ខុស ចំពោះយើង ព្រមទទួលភាពអម៉ាស និងលះបង់មុខមាត់។ វាជាការទទួលយកនូវកាលៈទេសៈដែលយើងមិនអាចកែប្រែបាន។ អ្នកស្រីអេមី ខាម៉ៃឃល(Amy Carmichael) ដែលជាកវិនិពន្ធ និងបេសកជន ដែលបានយល់ច្បាស់អំពីការឈឺចាប់ និងទុក្ខវេទនា បានសរសេរថា “ពេលយើងទទួលយកនូវការទាំងអស់នេះ យើងរកឃើញសន្តិភាពក្នុងចិត្ត”។

ព្រះយេស៊ូវមានបន្ទូលថា យើងត្រូវផ្ទុកឈើឆ្កាងរបស់យើងរាល់តែថ្ងៃ។ យើងត្រូវក្រោកឡើងរាល់ពេលព្រឹក ហើយលីឈើឆ្កាងយើងដោយចិត្តក្លៀវក្លា និងក្លាហាន ព្រោះមានការផ្សេងទៀត ដែលយើងត្រូវធ្វើ “រាល់ថ្ងៃ”ផងដែរ។ យើងនឹងបានទទួលនូវព្រះគុណដ៏គ្រប់គ្រាន់មិនដែលខាន ពីព្រះដែលកម្លាំងរបស់ទ្រង់បានពេញខ្នាត នៅក្នុងភាពកម្សោយរបស់យើង(២កូរិនថូស ១២:៩) ហើយទ្រង់នឹងមិនដែលចាកចេញ ឬបោះបង់យើងចោលឡើយ(ហេព្រើ ១៣:៥)។ ទ្រង់បានសន្យាថា តាមរយៈការស្លាប់ខាងនិស្ស័យសាច់ឈាមរបស់យើង ទ្រង់នឹងធ្វើឲ្យយើងមានជីវិតរស់ លើសពីពេលមុន(១កូរិនថូស ១៥:៥៣-៥៧)។

តើអ្នកបានស្លាប់ខាងនិស្ស័យសាច់ឈាម ដើម្បីរស់នៅថ្វាយទ្រង់ឬទេ?-David Roper

ពីមួយថ្ងៃទៅមួយថ្ងៃ ចូរយើងប្រយុទ្ធ
ពីមួយថ្ងៃទៅមួយថ្ងៃ ចូរយើងធ្វើតាមបំណងព្រះទ័យទ្រង់
ពីមួយថ្ងៃទៅមួយថ្ងៃ ចូរយើងលីឈើឆ្កាង
ដោយសង្វាតឲ្យបានត្រូវតាមព្រះទ័យទ្រង់។-Fisher

ការទទួលយកនូវការស្លាប់ខាងនិស្ស័យសាច់ឈាម នាំឲ្យយើងរកបានសន្តិភាពក្នុងចិត្ត។

ការអានបទគម្ពីរសម្រាប់ថ្ងៃនេះ – លូកា ៩:១៨-២៦

១៨ គ្រាមួយ កាលទ្រង់កំពុងតែអធិស្ឋានដោយឡែក ហើយពួកសិស្សក៏នៅជាមួយ នោះទ្រង់មានព្រះបន្ទូលសួរថា តើហ្វូងមនុស្សទាំងឡាយថាខ្ញុំជាអ្នកណា ១៩ គេទូលឆ្លើយថា ជាយ៉ូហាន-បាទីស្ទ ខ្លះថាជាអេលីយ៉ា ខ្លះទៀតថាជាហោរាណាមួយពីចាស់បុរាណ បានរស់ឡើងវិញ ២០ ទ្រង់មានព្រះបន្ទូលសួរគេថា ចុះឯអ្នករាល់គ្នាវិញ តើថាខ្ញុំជាអ្នកណា នោះពេត្រុសទូលឆ្លើយថា ទ្រង់ជាព្រះគ្រីស្ទនៃព្រះ ២១ ទ្រង់ហាមផ្តាច់ មិនឲ្យគេប្រាប់ដល់អ្នកណា ពីសេចក្តីនេះឡើយ។ ២២ ដោយមានព្រះបន្ទូលថា ត្រូវឲ្យកូនមនុស្សរងទុក្ខជាច្រើន ត្រូវពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអាចារ្យបោះបង់ចោល ត្រូវគេសំឡាប់ ហើយ៣ថ្ងៃក្រោយមកនឹងរស់ឡើងវិញ ២៣ រួចទ្រង់មានព្រះបន្ទូលទៅមនុស្សទាំងអស់ថា បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ ២៤ ដ្បិតអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ ២៥ ដ្បិតបើសិនជាមនុស្សណានឹងបានលោកីយ៍ទាំងមូល ប៉ុន្តែធ្វើឲ្យខ្លួនឯងវិនាស ឬឲ្យបាត់បង់ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ ២៦ ដ្បិតអ្នកណាដែលមានសេចក្តីខ្មាស ដោយព្រោះខ្ញុំ និងពាក្យខ្ញុំ នោះកូនមនុស្សនឹងមានសេចក្តីខ្មាស ដោយព្រោះអ្នកនោះដែរ ក្នុងកាលដែលលោកមកក្នុងសិរីល្អរបស់លោក របស់ព្រះវរបិតា ហើយនិងពួកទេវតាបរិសុទ្ធ។

ការស្វែងយល់

ពាក្យថា “កូនមនុស្ស”(ខ.២២,២៦) មិនមែនមានប្រើតែក្នុងព្រះគម្ពីរដំណឹងល្អលូកាប៉ុណ្ណោះទេ តែបានផ្តល់នូវខ្លឹមសារដ៏សំខាន់ក្នុងកណ្ឌមួយនេះ។ កណ្ឌដំណឹងល្អម៉ាថាយ បានផ្តោតទៅលើការបង្រៀនថា ព្រះគ្រីស្ទជា “ស្តេចនៃសាសន៍យូដា” ចំណែកកណ្ឌម៉ាកុសវិញ បានបង្ហាញថា “ទ្រង់ជាព្រះដែលយាងចុះមកបម្រើមនុស្ស” ហើយកណ្ឌយ៉ូហានបានបង្ហាញថា ព្រះសង្រ្គោះ ទ្រង់ជា “ព្រះរាជបុត្រានៃព្រះ”។ កណ្ឌលូកាបានធ្វើការពិពណ៌នាអំពីភាពជាមនុស្សរបស់ព្រះគ្រីស្ទ ដូចនេះ ដែលទ្រង់មានងារជា “កូនមនុស្ស” គឺពិតជាខ្លឹមសារដ៏សមស្របណាស់។