ការភ័យខ្លាច និងអំណរដ៏អស្ចារ្យ

អាន :
ម៉ាថាយ ២៨:១-១០

ស្ត្រី២នាក់នោះ ក៏ដើរចេញពីផ្នូរជាប្រញាប់ទាំងភ័យ ហើយមានសេចក្តីអំណរជាខ្លាំងផង ក៏រត់ទៅប្រាប់ដល់ពួកសិស្សទ្រង់។-ខ.៨

នាងម៉ារា និងក្រុមស្រ្តីដែលបានទៅមើលផ្នូរព្រះយេស៊ូវ មិនបានរំពឹងថា នឹងបានជួបរឿងដូចនេះ នៅឯផ្នូរទ្រង់ឡើយ។ ពួកគេបានមកផ្នូរទ្រង់ពីព្រលឹម ដើម្បីដាក់គ្រឿងអប់ព្រះសពទ្រង់ ដែលជាមិត្តសំឡាញ់របស់ពួកគេ ដោយមិនដឹងថា ខ្លួននឹងបានចូលទៅក្នុងផ្នូរទ្រង់ដោយរបៀបណាទេ។ តែពេលពួកគេទៅជិតផ្នូរទ្រង់ ពួកគេមានការភ្ញាក់ផ្អើល ពេលបានឃើញថ្មដ៏ធំត្រូវបានប្រមៀលចេញពីច្រកចូលផ្នូរទ្រង់។ ហើយអ្វីដែលកាន់តែមិនគួរឲ្យជឿទៀតនោះ គឺពួកគេបានឃើញទេវតាមួយអង្គកំពុងអង្គុយនៅលើថ្មនោះទៀត។

ដូចនេះ ពួកគេមានអារម្មណ៍ភ្ញាក់ផ្អើល និងភ័យខ្លាចជាធម្មតាទេ។ តែពួកគេក៏មានអំណរជាពន់ពេក បន្ទាប់ពីទេវតា ឲ្យពួកគេចូលទៅមើលខាងក្នុងផ្នូរទ្រង់ ហើយបន្ទាប់មក ទេវតាក៏បានប្រាប់ពួកគេឲ្យទៅប្រាប់ពួកសិស្សថា ព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញហើយ។

រយៈពេលជិត២០០០ពាន់ឆ្នាំ បន្ទាប់ពីការប្រកាស់នេះ យើងដែលជាអ្នកដើរតាមព្រះយេស៊ូវ ក៏មានអារម្មណ៍លាយឡំគ្នា ជារឿយៗនៅក្នុងការផ្សាយដំណឹងដ៏ល្អនេះ ដល់អ្នកដទៃផងដែរ។ យើងមានអំណរជាពន្លឹក ពេលដឹងថា ព្រះយេស៊ូវមានព្រះជន្មរស់ តែយើងក៏មានអារម្មណ៍ពិបាក នៅក្នុងការប្រាប់អ្នកដទៃ ឲ្យស្គាល់ទ្រង់ផងដែរ។ ស្រ្តីទាំងនោះមានអារម្មណ៍ស្ញែងខ្លាច ពេលបានឃើញ និងស្តាប់ឮទេវតាមានបន្ទូលនៅមាត់ផ្នូរ តែការភ័យខ្លាចរបស់យើងខុសពីការភ័យខ្លាចរបស់ពួកគេ។ យើងខ្លាចថា មនុស្សនឹងគិតយ៉ាងអំពីយើង ពេលយើងប្រាប់ពួកគេថា ព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញហើយ។ តែយើងមានការទទួលខុសត្រូវនៅក្នុងការប្រាប់អ្នកដទៃ អំពីដំណឹងល្អ ដូចនាងម៉ារា និងស្រ្តីដទៃទៀតដែលរួមដំណើរជាមួយនាងទៅផ្នូរនៅថ្ងៃនោះ។ ព្រះវិញ្ញាណនៃព្រះ នឹងលើកទឹកចិត្តយើងឲ្យឈ្នះការភ័យខ្លាចរបស់យើង ហើយចែករំលែកក្តីអំណរដ៏អស្ចារ្យរបស់យើង។-Dave Branon

ពីឱក្តីអំណរយ៉ាងនេះ ដែលព្រះអម្ចាស់បានមានព្រះជន្មរស់ឡើងវិញហើយ!
ព្រះរាជបុត្រានៃព្រះបានឈ្នះសេចក្តីស្លាប់ហើយ
ឱព្រះអម្ចាស់ សូមប្រទានយើងខ្ញុំនូវសេចក្តីក្លាហាន ដើម្បីប្រាប់អ្នកដទៃ
សូមដឹកនាំយើងខ្ញុំឲ្យទៅជួបអ្នកដែលស្វែងរកទ្រង់។-D.DeHaan

ដំណឹងល្អនៃការមានព្រះជន្មឡើងវិញនៃព្រះយេស៊ូវ គឺជាដំណឹងដ៏ប្រសើរណាស់ បានជាយើងមិនអាចទុកសម្រាប់តែខ្លួនឯងបានទេ។

ការអានបទគម្ពីរសម្រាប់ថ្ងៃនេះ – ម៉ាថាយ ២៨:១-១០

ក្រោយថ្ងៃឈប់សំរាក កាលរៀបនឹងចូលថ្ងៃទី១ក្នុងអាទិត្យនោះ ម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា និងម៉ារា១ទៀត ក៏នាំគ្នាទៅមើលផ្នូរ នោះមានកក្រើកដីជាខ្លាំង ដ្បិតមានទេវតានៃព្រះអម្ចាស់ ចុះពីលើមេឃមកប្រមៀលថ្មចេញពីផ្នូរ ហើយក៏អង្គុយលើ សណ្ឋានរបស់ទេវតានោះដូចផ្លេកបន្ទោរ ហើយសំលៀកបំពាក់ក៏សស្គុសដូចហិមៈ ពួកយាមល្បាតក៏ញ័ររន្ធត់ ដោយភ័យខ្លាចទេវតា ហើយត្រឡប់ដូចជាមនុស្សស្លាប់ តែទេវតានិយាយនឹងស្ត្រី២នាក់ថា កុំឲ្យភ័យអី ដ្បិតខ្ញុំដឹងហើយថា នាងរកព្រះយេស៊ូវដែលត្រូវឆ្កាង តែទ្រង់មិនគង់នៅទីនេះទេ ដ្បិតទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ដូចជាទ្រង់បានមានព្រះបន្ទូលទុក ចូរមកមើលកន្លែងដែលទ្រង់បានផ្ទំចុះ រួចទៅឲ្យឆាប់ ប្រាប់ដល់ពួកសិស្សទ្រង់ថា ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ មើល ទ្រង់យាងទៅឯស្រុកកាលីឡេ មុនអ្នករាល់គ្នាៗ នឹងឃើញទ្រង់នៅស្រុកនោះ នែ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ស្ត្រី២នាក់នោះ ក៏ដើរចេញពីផ្នូរជាប្រញាប់ទាំងភ័យ ហើយមានសេចក្តីអំណរជាខ្លាំងផង ក៏រត់ទៅប្រាប់ដល់ពួកសិស្សទ្រង់ តែកាលនាងកំពុងតែទៅ នោះព្រះយេស៊ូវទ្រង់យាងមកជួបនឹងនាង មានព្រះបន្ទូលថា ជំរាបសួរ រួចអ្នកទាំង២ក៏ចូលទៅ ឱបព្រះបាទថ្វាយបង្គំទ្រង់ ១០ នោះព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅនាងថា កុំខ្លាចអី ចូរទៅប្រាប់ដល់បងប្អូនខ្ញុំផង ឲ្យគេទៅឯស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅស្រុកនោះហើយ។

ការស្វែងយល់

ជាការពិតណាស់ មានស្រ្តីឈ្មោះម៉ារា៦នាក់ ក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលមានដូចជា នាងម៉ារា ដែលជាព្រះមាតាព្រះយេស៊ូវ(លូកា ១-២) នាងម៉ារា ម៉ាកដាឡា(ម៉ាថាយ ២៨:១) នាងម៉ារា នៅភូមិបេថានី ដែលជាបងស្រីរបស់ឡាសា(យ៉ូហាន ១២:១-៦) នាងម៉ារា ដែលជាម្តាយរបស់យ៉ាកុប(ម៉ាកុស ១៦:១) នាងម៉ារា ដែលជាម្តាយរបស់យ៉ូហាន ម៉ាកុស(កិច្ចការ ១២:១២) និងនាងម៉ារា ដែលជាអ្នកបម្រើដ៏ស្មោះត្រង់ ក្នុងពួកជំនុំនៅក្រុងរ៉ូម(រ៉ូម ១៦:៦)។