​ជ្រើស​រើស​យក​ឆ្កែ​ចចក ឬ​កូន​ចៀម

អាន : ម៉ាថាយ ២៧:១៥-២៦

ក្នុង​មនុស្ស​២​នាក់​នេះ តើ​ចង់​ឲ្យ​ខ្ញុំ​លែង​អ្នក​ណា គេ​ឆ្លើយ​ឡើង​ថា សូម​លែង​បារ៉ាបាស​ចុះ។-ខ.២១

ពួក​បណ្តា​ជន​បាន​ជួប​ជុំគ្នា​ ហើយ​ពួក​គេ​ចង់​ឲ្យ​គេ​ដោះ​លែង​មនុស្ស​ម្នាក់។ នៅ​សម័យ​ព្រះ​យេស៊ូវ ក្នុង​អំឡុង​ពេល​បុណ្យ​រំលង គេ​មាន​ប្រពៃណី ដោះ​លែង​អ្នក​ទោស​ម្នាក់ ឲ្យ​មាន​សេរី​ភាព ដើម្បី​ធ្វើ​ជា​ការ​រំឭក​អំពី​ការ​រំដោះ​ជន​ជាតិ​អ៊ីស្រា​អែល ឲ្យ​រួច​ផុត​ពី​ចំណង​នៃ​ទាស​ភាព ក្នុង​នគរ​អេស៊ីព្ទ។

លោក​ពីឡាត់​មិន​មែន​ជា​អ្នក​នយោ​បាយ​ដែល​ខ្វះ​បទ​ពិសោធន៍​ឡើយ។ បាន​ជា​គាត់​ឲ្យ​ហ្វូង​មនុស្ស​ទាំង​នោះ​ធ្វើ​ការ​សម្រេច​ចិត្ត ជ្រើស​រើស​អង្គ​បុគ្គល​ដែល​បាន​ប្រោស​លោក​ឡាសា​ឲ្យ​រស់​ឡើង​វិញ ឬ​ជ្រើស​រើស​មនុស្ស​ម្នាក់​ដែល​បាន​សម្លាប់​មនុស្ស​ជា​ច្រើន។ ពួក​គេ​ដឹង​ច្បាស់​ណាស់​ថា គួរ​ជ្រើស​រើស​យក​អ្នក​ណា។ តែ​ពួក​គេ​នៅ​តែ​ជ្រើស​រើស​យក​ប៉ារ៉ាបាស ដែល​ជា​ឃាតករ។

ច្បាប់​របស់​ហ្វូង​មនុស្ស​តែង​តែ​ជ្រើស​យក​មនុស្ស​អាក្រក់ ដែល​បះ​បោរ​ និង​មាន​រោគ​ចិត្ត។ ពួក​គេ​បាន​ជ្រើស​រើស​ឆ្កែចចក ដែល​មាន​សណ្ឋាន​អាក្រក់​ដូច​បារ៉ាបាស ស្តាលីន ហ៊ីត្លៃ ដែល​មាន​ក្នុង​លោកិយ​នេះ។ ពួក​គេ​បដិសេធន៍​មនុស្ស​ដែល​តូច​ទៀប ដែល​បន្ទាប​ខ្លួន ដែល​ជា​អ្នក​បម្រើ ​និង​កូន​ចៀម​នៃ​ព្រះ។

បើ​សិន​ជា​យើង​នៅ​ក្នុង​ចំណោម​ហ្វូង​មនុស្ស នៅ​ថ្ងៃ​ដែល​គេ​កាត់​ទោស​ទ្រង់ តើ​យើង​នឹង​ជ្រើស​រើស​យក​អ្នក​ណា? យើងចូល​ចិត្ត​ជឿ​ថា យើង​នឹង​ជ្រើស​រើស​ព្រះ​យេស៊ូវ។ ប៉ុន្តែ តើ​យើង​នឹង​ជ្រើស​រើស​យក​ទ្រង់​មែន​ទេ? សម្រែក​របស់​ហ្វូង​មនុស្ស​គឺ​ពិត​ជា​មាន​អំណាច​ណាស់។ រយៈ​ពេល​ពីរ​បី​ថ្ងៃ មុន​ពេល​គេ​កាត់​ទោស​ទ្រង់ ពួក​បណ្តា​ជន​ដដែល​នោះ​បាន​ស្រែក​ឡើង​ថា “ហូសាណា ដល់ ព្រះ​រាជ​បុត្រា​នៃ​ស្តេច​ដាវីឌ!” តែ​ពេល​នេះ ពួក​គេ​បែរ​ជា​ស្រែក​ថា “ឆ្កាង​វា​ទៅ!” សម្ពាធ​របស់​ហ្វូង​មនុស្ស​ អាច​ធ្វើ​ឲ្យ​យើង​ភ័ន្ត​ច្រឡំ ភ័យ​ខ្លាច ហើយ​ទាញ​យើង​ឲ្យ​ចូល​រួម​ជា​មួយ​ពួក​គេ​ដែរ។

ឱ​ព្រះ​អង្គ​អើយ សូម​ជួយ​យើង​ខ្ញុំ។ ជួន​កាល ក្នុង​ចំណោម​ហ្វូង​មនុស្ស ទោះ​ជា​យើង​ដឹង​ថា យើង​ត្រូវ​ធ្វើ​អ្វី​ក៏​ដោយ​ ក៏យើងនៅ​តែ​ត្រូវ​បាន​ល្បួង​ឲ្យ​ជ្រើស​រើស​យក​ឆ្កែ​ចចក ជា​ជាង​រើស​យក​កូន​ចៀម​នៃ​ព្រះ។ សូម​ជួយ​ឲ្យ​យើង​ខ្ញុំ ជ្រើស​រើស​យក​កូន​ចៀម​នៃព្រះ។-Dave Egner

លោកិយ នឹង​ព្យាយាម​ដាក់​សម្ពាធ​យើង​ឲ្យ​ចូល​ទៅ​ក្នុង​ការ​គ្រប់​គ្រង​របស់​វា
តែ​ដោយ​មាន​ជំនួយ​ពី​ព្រះ​ នោះ​យើង​អាច​តតាំង
បើ​សិន​ជា​យើង​កាន់​ជាប់​តាម​សេចក្តី​ពិត​របស់​ទ្រង់។-Sper

ដើម្បី​ប្រឆាំង​នឹង​សម្ពាធ​របស់​លោកិយ ចូរ​ពឹង​ផ្អែក​លើ​អំណាច​នៃ​ព្រះ​អម្ចាស់​ចុះ។

ការអានបទគម្ពីរសម្រាប់ថ្ងៃនេះ – ម៉ាថាយ ២៧:១៥-២៦

១៥ ឯ​នៅ​បុណ្យ​នោះ លោក​ចៅហ្វាយ​តែង​ធ្លាប់​លែង​អ្នក​ទោស​ម្នាក់ ឲ្យ​ដល់​ហ្វូង​មនុស្ស តាម​គេ​សូម ១៦ នៅ​គ្រា​នោះ គេ​មាន​អ្នក​ទោស​ម្នាក់ ដែល​មាន​ល្បី​ឈ្មោះៗ​បារ៉ាបាស ១៧ ដូច្នេះ កាល​គេ​បាន​ប្រជុំ​គ្នា​ជា​ស្រេច នោះ​លោក​ពីឡាត់​សួរ​ថា តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​លែង​ឈ្មោះ​ណា បារ៉ាបាស ឬ​យេស៊ូវ ដែល​ហៅ​ថា ព្រះគ្រីស្ទ ១៨ ដ្បិត​លោក​បាន​ជ្រាប​ថា គេ​បញ្ជូន​ទ្រង់​ដោយ​ចិត្ត​ឈ្នានីស​ទេ ១៩ កាល​លោក​កំពុង​តែ​អង្គុយ​នៅ​ក្នុង​ទី​កាត់​ក្តី នោះ​ប្រពន្ធ​លោក​ប្រើ​បំរើ​មក​ជំរាប​ថា កុំ​ឲ្យ​ធ្វើ​អ្វី​ដល់​មនុស្ស​សុចរិត​នោះ​ឡើយ ដ្បិត​នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​យល់​សប្តិ​កើត​ទុក្ខ​ជា​ច្រើន ដោយ​ព្រោះ​មនុស្ស​នោះ ២០ តែ​ពួក​សង្គ្រាជ និង​ពួក​ចាស់ទុំ គេ​បញ្ចេះ​ហ្វូង​មនុស្ស ឲ្យ​សូម​បារ៉ាបាស​វិញ ហើយ​ឲ្យ​បំផ្លាញ​ព្រះយេស៊ូវ​បង់ ២១ នោះ​លោក​ចៅហ្វាយ​ចាប់​ពាក្យ​សួរ​គេ​ថា ក្នុង​មនុស្ស​២​នាក់​នេះ តើ​ចង់​ឲ្យ​ខ្ញុំ​លែង​អ្នក​ណា គេ​ឆ្លើយ​ឡើង​ថា សូម​លែង​បារ៉ាបាស​ចុះ ២២ លោក​ពីឡាត់​សួរ​គេ​ថា ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​យេស៊ូវ ដែល​ហៅ​ជា​ព្រះគ្រីស្ទ​នេះ អ្នក​ទាំង​អស់​គ្នា​ក៏​ឆ្លើយ​ឡើង​ថា ចូរ​ឆ្កាង​វា​ទៅ ២៣ នោះ​លោក​ចៅហ្វាយ​សួរ​ថា តើ​អ្នក​នេះ​បាន​ធ្វើ​ខុស​អ្វី តែ​គេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា ចូរ​ឆ្កាង​វា​ទៅ ២៤ កាល​លោក​ពីឡាត់​ឃើញ​ថា មិន​ឈ្នះ​ទេ កើត​មាន​កោលាហល​កាន់​តែ​ខ្លាំង​ឡើង​ដូច្នោះ នោះ​លោក​យក​ទឹក​មក​លាង​ដៃ នៅ​មុខ​ហ្វូង​មនុស្ស ទាំង​មាន​ប្រសាសន៍​ថា ខ្ញុំ​គ្មាន​ទោស​នឹង​ឈាម​នៃ​អ្នក​សុចរិត​នេះ​ទេ ការ​នេះ​ស្រេច​នៅ​អ្នក​រាល់​គ្នា​ចុះ ២៥ បណ្តាជន​ទាំង​អស់​គ្នា​ក៏​ឆ្លើយ​ឡើង​ថា ចូរ​ឲ្យ​ឈាម​វា​ធ្លាក់​មក​លើ​យើង​រាល់​គ្នា និង​កូន​ចៅ​របស់​យើង​ចុះ ២៦ ដូច្នេះ លោក​ក៏​លែង​បារ៉ាបាស​ឲ្យ​ដល់​គេ ឯ​ព្រះយេស៊ូវ​វិញ កាល​គេ​បាន​វាយ​នឹង​រំពាត់​រួច​ហើយ នោះ​ក៏​បញ្ជូន​ទៅ​ឲ្យ​គេ​ឆ្កាង​ទ្រង់។