ជ័យជម្នះ នៅក្នុងសោកនាដកម្ម

អាន : លូកា ២៣:៤៤-៥៦

កាលមកដល់កន្លែងដែលហៅថា ភ្នំលលាដ៏ក្បាលហើយ គេឆ្កាងទ្រង់នៅទីនោះ។-ខ.៣៣

គ្រីស្ទបរិស័ទនៅបច្ចិមប្រទេសបានហៅថ្ងៃសុក្រដែលទ្រង់សុគតថា “ថ្ងៃសុក្រដ៏ប្រសើរ” តែក្នុងចំណោមអ្នកដែលឈរមើលទ្រង់ជាប់ឆ្កាងនៅថ្ងៃនោះ គ្មាននរណាម្នាក់ហៅថ្ងៃនោះថា “ថ្ងៃដ៏ប្រសើរ”ឡើយ។ ព្រោះគេគិតថា បុរសដ៏ល្អបំផុតក្នុងប្រវត្តិសាស្រ្ត ត្រូវបានគេបោះនឹងដែកគោលជាប់នឹងឈើឆ្កាងរបស់ពួករ៉ូម៉ាំង ហើយត្រូវគេសម្លាប់ដោយគ្មានកំហុស។ សម្រាប់ពួកខ្មាំងសត្រូវរបស់ទ្រង់ ពួកគេបានរាប់ថាខ្លួនមានជ័យជម្នះមួយបែប សម្រាប់ពួកទាហាន ពួកគេបានរាប់ថា ខ្លួនបានសម្រេចភារៈកិច្ចដែលថ្នាក់លើបានដាក់ឲ្យធ្វើ សម្រាប់សិស្សរបស់ទ្រង់ ពួកគេរាប់ការសុគតរបស់ទ្រង់ ជាការស្លាប់នៃក្តីសង្ឃឹមដ៏ភ្លឺថ្លាបំផុត និងក្តីស្រមៃដ៏អស្ចារ្យបំផុតរបស់ពួកគេ។ តែគ្មាននរណាចង់ហៅថ្ងៃនោះថា ជាថ្ងៃសុក្រ “ដ៏ប្រសើរ”នោះឡើយ។

ជាការពិតណាស់ មាន “ថ្ងៃសុក្រដ៏អាក្រក់”ជាច្រើន បើសិនជាអ្នកមិនបានគិតអំពីថ្ងៃអាទិត្យដែលទ្រង់មានព្រះជន្មរស់ឡើងវិញទេនោះ។ ថ្ងៃអាទិត្យដ៏អាក្រក់បានធ្វើឲ្យជីវិតហាក់ដូចជាគ្មានផ្លែផ្កា គ្មានគោលបំណង និងតម្លៃ។ តែជ័យជម្នះដ៏ធំបំផុតរបស់ព្រះ គឺបានលេចចេញពីផ្នូរនៃបរាជ័យ ដែលមនុស្សបានគិតថាទ្រង់បានទទួល ពេលទ្រង់សុគត។

ក្នុងសៀវភៅ ដែលមានចំណងជើងថា រូបព្រះនៃសេចក្តីហិនវិនាស លោកហឺបឺត ស្លូលបែក(Herbert Schlossberg) បានសរសេរថា “យើងមិនមែនជាច្បាប់នៃប្រវត្តិសាស្រ្ត ហើយក៏មិនគ្រប់គ្រងលទ្ធផលនៃព្រឹត្តិការណ៍ប្រវត្តិសាស្រ្តឡើយ តែយើងមានការធានាថា មានព្រះ ដ៏ជាម្ចាស់នៃប្រវត្តិសាស្រ្ត ទ្រង់បានគ្រប់គ្រងលទ្ធផលនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ យើងត្រូវការការបកស្រាយតាមបែបទេវសាស្រ្ត អំពីសោកនាដកម្ម គឺការបកស្រាយដែលបានទទួលស្គាល់ថា ព្រះទ្រង់បានធ្វើការរបស់ទ្រង់ក្នុងហេតុការណ៍ ដែលមានដូចជា ការជាប់ចំណង ការទទួលបរាជ័យ និងការជាប់ឆ្កាងជាដើម។ គេអាចកាត់ស្រាយព្រះគម្ពីរថា ជាបណ្តាញនៃជ័យជម្នះរបស់ព្រះ ដែលបានបង្ហាញចេញមក តាមរយៈសោកនាដកម្ម”។

ចូរប្រឈមមុខដាក់ថ្ងៃនីមួយៗ ដោយជឿលើព្រះយេស៊ូវគ្រីស្ទ។ ដ្បិតជ័យជម្នះដ៏អស្ចារ្យបំផុតរបស់ព្រះ ច្រើនតែបង្ហាញចេញមកតាមរយៈបរាជ័យ។-Haddon Robinson

គោលបំណងរបស់ព្រះសុទ្ធតែត្រូវ
ទោះបីជាយើងប្រហែលជាមិនបានដឹង
ពីរបៀបដែលទ្រង់បានផ្សំការគ្រប់យ៉ាងជាប្រយោជន៍ដល់យើង
ហើយបានកែប្រែសោកនាដកម្ម ឲ្យក្លាយជាជ័យជម្នះ។-Sper

ជ័យជម្នះដ៏គួរឲ្យកត់សំគាល់បំផុតរបស់ព្រះ គឺបានលេចចេញពីផ្នូរនៃបរាជ័យ ដែលគេគិតថាទ្រង់បានទទួល ពេលទ្រង់សុគត។

ការអានបទគម្ពីរសម្រាប់ថ្ងៃនេះ – លូកា ២៣:៤៤-៥៦

៤៤ ពេលនោះ ប្រហែលជាថ្ងៃត្រង់ហើយ ស្រាប់តែកើតមានងងឹត នៅគ្របពេញលើផែនដី ដរាបដល់ម៉ោង៣រសៀល ៤៥ ថ្ងៃត្រឡប់ទៅងងឹត ហើយវាំងននក្នុងព្រះវិហារ ក៏រហែកចំពាក់កណ្តាល ៤៦ នោះព្រះយេស៊ូវស្រែកឡើងជាខ្លាំងថា ឱព្រះវរបិតាអើយ ទូលបង្គំសូមប្រគល់វិញ្ញាណដល់ព្រះហស្តទ្រង់វិញ កាលមានព្រះបន្ទូលពាក្យទាំងនេះហើយ នោះទ្រង់ផុតដង្ហើមទៅ។
៤៧ កាលមេទ័ពបានឃើញការដែលកើតមក នោះក៏ពោលសរសើរដល់ព្រះ ហើយថា មនុស្សនេះសុចរិតពិតមែន ៤៨ ឯបណ្តាមនុស្សទាំងហ្វូង ដែលប្រជុំគ្នាមើលការនោះ កាលគេបានឃើញការដែលកើតឡើងដូច្នោះ ក៏វិលទៅវិញទាំងគក់ដើមទ្រូងបណ្តើរ ៤៩ ឯពួកអ្នកដែលស្គាល់ទ្រង់ និងពួកស្រីៗ ដែលតាមទ្រង់មកពីស្រុកកាលីឡេ គេក៏ឈរមើលពីចំងាយ។
៥០ ហើយមើល មានមនុស្សម្នាក់ឈ្មោះយ៉ូសែប ជាពួកក្រុមជំនុំ ជាមនុស្សល្អ ត្រឹមត្រូវ សុចរិត ៥១ (លោកនេះមិនបានចូលដៃ ចូលគំនិត ជាមួយនឹងគេទេ) លោកនៅឯអើរីម៉ាថេ ជាភូមិសាសន៍យូដា ហើយក៏រង់ចាំនគរព្រះដែរ ៥២ លោកទៅឯពីឡាត់ ដើម្បីនឹងសូមព្រះសពព្រះយេស៊ូវ ៥៣ កាលបានយកព្រះសពចុះមកហើយ នោះក៏រុំនឹងសំពត់ទេសឯក នាំទៅបញ្ចុះក្នុងផ្នូរដាប់ក្នុងថ្ម ដែលមិនទាន់មានបញ្ចុះខ្មោចណានៅឡើយ ៥៤ ថ្ងៃនោះជាថ្ងៃរៀបចំ ហៀបនឹងចូលថ្ងៃឈប់សំរាកហើយ។
៥៥ ឯពួកស្រីៗ ដែលមកពីស្រុកកាលីឡេជាមួយនឹងទ្រង់ គេក៏តាមទៅឃើញផ្នូរ និងសណ្ឋានដែលគេបញ្ចុះព្រះសពទ្រង់ដែរ ៥៦ រួចគេវិលទៅវិញ រៀបគ្រឿងក្រអូប និងប្រេងអប់ តែគេឈប់នៅថ្ងៃឈប់សំរាក តាមបញ្ញត្តសិន។

ការស្វែងយល់

ការហែកវាំងនន ក្នុងព្រះវិហារយេរូសាឡិម ពេលទ្រង់សុគត គឺមានន័យដ៏សំខាន់។ ច្រកចូលទៅក្នុងទីបរិសុទ្ធបំផុត ក្នុងព្រះវិហារយេរូសាឡិម ត្រូវបានការពារដោយវាំងនននោះ ហើយត្រូវបានហាមមិនឲ្យគេចូល តែពេលទ្រង់សុគត ទ្រង់បានបើកផ្លូវឲ្យគេគ្រប់គ្នាអាចចូលទៅរកព្រះបាន។